ក្រុមហ៊ុនជប៉ុនគ្រោងវិនិយោគលើការផលិតអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតនៅកម្ពុជា

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ក្រុមហ៊ុន MinebeaMitsumi របស់ប្រទេសជប៉ុន បានបង្ហាញពីគោលបំណងរបស់ខ្លួនវិនិយោគលើការផលិតអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត (Smart LED) នៅកម្ពុជា ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

លោក YOSHIHISA KAINUMA នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Minebea Mitsumi នៅក្នុងជំនួបជាមួយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ១៤ ម្សិលមិញនេះអំពីវិសាលភាពនៃប្រតិបត្តិ ការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនទាក់ទងនឹងការវិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត (Smart LED) និងមានបំណងចង់វិនិយោគលើវិស័យនេះនៅក្នុងប្រទេសកម្ពុជា។
លោកបានសម្តែងនូវសុឆន្ទៈក្នុងការសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្វាគមន៍ចំពោះក្រុមហ៊ុនជប៉ុន ដែលមានបំណងចង់វិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត និងបានសម្តែងការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីស្វាគមន៍ និងជួយសម្រួលដល់ក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅកម្ពុជាផងដែរ។
ក្រុមហ៊ុន MinebeaMitsumi បាននិងកំពុងផលិតផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ ផ្តល់គុណប្រយោជន៍ដល់បរិស្ថាន ដែលក្នុងនោះ ក្រុមហ៊ុនក៏បាននិងកំពុងត្រៀមដំឡើងអំពូល LED ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាខេត្ត ត្រូវបានជ្រើសរើសជាបណ្តាញទីក្រុងឆ្លាតវៃក្នុងតំបន់អាស៊ាន ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន។
គម្រោងទីក្រុងឆ្លាតវៃនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយល់ព្រមជាគោលការណ៍ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុន កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុននេះក៏នឹងដំឡើងអំពូល LED ដែលជាប្រភេទអំពូលសន្សំសំចៃចរន្តអគ្គិសនី ចំនួន ៧ ៣៥៩ បង្គោលដែលបម្រើឲ្យទម្រង់នៃទីក្រុងឆ្លាតវៃនឹងត្រូវដាក់ប្រតិបត្តិការនៅឆ្នាំនេះ ដែលក្នុងនោះ ក្រុមហ៊ុនបានដំឡើងអំពូលបានចំនួន ១ ១៨៧ បង្គោលនៅតាមមហាវិថីចំនួន ៣ នៅរាជធានីភ្នំពេញ។ ចំណែកនៅឯខេត្តសៀមរាប ក្រុមហ៊ុននឹងដំឡើងបន្ថែមចំនួន ៥០០ ទៀត ហើយគម្រោងនេះ ក៏នឹងអាចបន្តអនុវត្តនៅខេត្តព្រះសីហនុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here