ដោយ Donald Lee
ភ្នំពេញៈ រដ្ឋមន្រ្តីរដ្ឋកូរ៉េខាងត្បូង និងអាស៊ានរួមទាំងកម្ពុជាបានចាប់ផ្តើមពិភាក្សាយ៉ាងខ្លាំងស្តីពីវិធីជំរុញ សក្តានុពលទេសចរណ៍រវាងប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី និងតំបន់ដែលមានប្រជាជនជិត ៧០០លាននាក់ និងផលិតផលក្នុងស្រុកសរុបកើនឡើងដល់៣ទ្រីលានដុល្លារ។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌នេះ យើងរំពឹងថានឹងបង្កើតសន្ទុះមួយសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំង នៅក្នុងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរវប្បធម៌កូរ៉េ និងអាស៊ាន។
-->
រដ្ឋមន្រ្តីសង្ឃឹមថា “នឹងបង្កើតគម្រោងរួមគ្នារយៈពេលវែង រវាងរដ្ឋជាសមាជិកទាំងអស់”។
ក្រសួងនឹងស្នើឱ្យមានគម្រោងសហប្រតិបត្តិការចម្រុះ និងជាក់ស្តែងដើម្បីពង្រីកការផ្លាស់ប្តូរវប្បធម៌កូរ៉េ និងអាស៊ានដែលជាផ្នែកមួយនៃការងារ នៃគោលនយោបាយថ្មីខាងត្បូង។
គោលនយោបាយថ្មីខាងត្បូង ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើង ដោយប្រធានាធិបតី Moon Jae-in មានគោលបំណងជំរុញ ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងអាស៊ាន និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។
ប្រទេសកូរ៉េបានផ្តោតការយកចិត្តទុកដាក់ភាគច្រើន លើគំនិតផ្តួចផ្តើមរបស់ខ្លួននៅកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានឈានដល់៨៥ លានដុល្លារក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ ២០១៩។ ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូងមានតម្លៃ២១,៦លានដុល្លារ កើន៤,៣៨ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កូរ៉េខាងត្បូងបានឈរនៅលំដាប់ទី២ ក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគ របស់កូរ៉េចំនួន ២១២ គម្រោងដែលមានទឹកប្រាក់ចំនួន៤,៥៦ពាន់លានដុល្លារ។ ក្រុមហ៊ុនកូរ៉េខាងត្បូងជិត៣០០បានធ្វើប្រតិបត្តិការនៅកម្ពុជា ដោយផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់។
ពាណិជ្ជកម្មទ្វេភាគីរបស់កូរ៉េខាងត្បូង និងអាស៊ាននឹងឈានដល់ទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារនៅឆ្នាំ២០២០។ គោលដៅដើមនៃការឈានដល់២០០ពាន់លានដុល្លារ នៅក្នុងពាណិជ្ជកម្មទ្វេភាគីត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៤។
ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាអតិរេកពាណិជ្ជកម្មយ៉ាងច្រើន ដែលមានចំនួន ៩៣,៤ពាន់លានដុល្លារជាមួយអាស៊ានកាលពីឆ្នាំមុន។
ការនាំចេញភាគច្រើនទៅកាន់អាស៊ីអាគ្នេយ៍ គឺបន្ទះឈីបកុំព្យួទ័រ និងវាយនភ័ណ្ឌ។ នេះយោងតាមរបាយការណ៍របស់ធនាគារកូរ៉េ។

ទំហំពាណិជ្ជកម្មសរុបរវាងកូរ៉េ និងតំបន់អាស៊ាន បានកើនឡើងដល់១៦០ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ គឺកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំមុនមួយទៀត ហើយគ្រោងនឹងឈានដល់ ទំហំទឹកប្រាក់២០០ពាន់លានដុល្លារនៅចុងឆ្នាំ២០២០៕