ផ្សារ​ទំនើប​ FURI​ Times​ Square​ ក្រុង​ព្រះសីហនុ​ ទទួល​បានការ​គាំទ្រ​យ៉ាង​លើសលប់​នៅ​ថ្ងៃ​បើក​លក់​សាកល្បង​

0

ដោយ​ ៖ រ៉ា​ណេត​

ព្រះសីហនុ​ ៖ ផ្សារ​ទំនើប​ដ៏​ទាន់សម័យ​ ​និង​ស៊ីវិល័យ​លើកដំបូង​គេ​បង្អស់​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ FURI​ Times​ Square​ ទទួល​បានការ​គាំទ្រ​ពីសំណាក់​អតិថិជន​ជាតិ​ និង​អន្តរជាតិ​ យ៉ាងច្រើន​លើសលប់​ក្នុង​ថ្ងៃ​បើក​សម្ពោធ​លក់​សាកល្បង​កាលពី​រសៀល​ថ្ងៃទី​ ៩ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រោម​វត្តមាន​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​ និង​នាយក​ក្រុមហ៊ុន​ដៃគូ​សហការ​ជាច្រើន​នាក់​ទៀត​។

ជាមួយនឹង​ការ​បង្ហាញខ្លួន​លើកដំបូង​ និង​ជា​ប្រវត្តិសាស្ត្រ​ប្រចាំ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ​ផ្សារ​ទំនើប​ដ៏​ធំ​ លើកដំបូង​គេ​បង្អស់​ប្រចាំ​នៅក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២ប្រចាំ​ប្រទេស​កម្ពុជា​ ​FURI​ ​TIMES​ ​SQUARE​ ​បាន​ធ្វើ​ឱ្យ​មហាជន​ ​ក៏ដូចជា​អតិថិជន​ជាតិ​ និង​អន្តរជាតិ​ មាន​ភាព​ភ្ញាក់ផ្អើល​ និង​រំភើប​យ៉ាង​ខ្លាំង​ ជាមួយនឹង​ទិដ្ឋភាព​ដ៏​ អស្ចារ្យ​នៃ​ការរចនា​ម៉ូដ​ផ្សារ​ទំនើប​ទាំងមូល​ រាប់ទាំង​ផ្នែក​ខាងក្នុង​ និង​ខាងក្រៅ​ ជាពិសេស​ ការ​ប្រគំតន្ត្រី​សម័យ​យ៉ាង​កក្រើក​ក្រោម​វត្តមាន​របស់​អ្នកនាង​ មាស​ សុខ​សោភា​ និង​ក្រុម​តារាចម្រៀង​ និង​តន្ត្រី​ និង​ចម្រៀង​ Original​ Song​ Mustache​ Band​ ។

មានប្រសាសន៍​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ នាយិកា​គ្រប់គ្រង​ផ្នែក​លក់​នៅ​ផ្សារ​ទំនើប​ ​FURI​ Times​  Square​ ​កញ្ញា​ លីម​ សុខ​ដា​វិន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កម្មវិធី​ថ្ងៃនេះ​គឺ​គ្រាន់តែ​ជា​ការ​បើក​សម្ពោធ​លក់​សាកល្បង​តែប៉ុណ្ណោះ​ ហើយ​កាលបរិច្ឆេទ​បើក​សម្ពោធ​ជា​ផ្លូវការ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​។

កញ្ញា​ ដា​វីន​ បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ ​“ឈ្មោះ​ផ្សារ​ទំនើប​មួយ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កូនខ្មែរ​ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ក្នុង​ស្រុក​ វិនិយោគ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ចិន​ និង​ហុង​ ដោយ​ការរចនា​ម៉ូដ​ និង​ការ​គូរ​ប្លង់​ដោយក្រុម​ហ៊ុន​សិង្ហបុរី​ ជាមួយនឹង​ទំហំ​វិនិយោគ​ប្រមាណ ១០លាន​ដុល្លារ​ មាន​កម្ពស់​ ៥ជាន់​ ដែល​មាន​ទីធ្លា​សម្រាប់​ជួល​ និង​លក់រាយ​ចំនួន១៥០០០ម៉ែត្រការ៉េ​ ”។

ជាមួយនឹង​កិច្ច​ដំណើរការ​សាកល្បង​នេះ​ ​ផ្សារ​ទំនើប​ FURI​ ​Times​ ​Square​ ​បាន​នាំមក​ជូន​អតិថិជន​នូវ​បណ្តា​ផលិតផល​ មុខទំនិញ​ចំរុះ​ យ៉ាង​សម្បូរ​បែប​ ​ដែល​សុទ្ធតែ​ជា​ម៉ាក​យី​ហោ​ល្បី​ៗលំដាប់​សាកលលោក​ ដូចជា​ ក្រុមហ៊ុន​ ​KFC​ ​, ក្រុមហ៊ុន​ ​Starbucks​ , ក្រុមហ៊ុន​ ​Amazone​ ​Café​ ​,ក្រុមហ៊ុន​ ​KOI​ ​, ក្រុមហ៊ុន​ Dakasi​ Tea​ , ហាង​អាហារ​មក​ពី​ប្រទេស​សាំងហ្គាពួរ​ ​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ ​LEVI’s​ ​, ក្រុមហ៊ុន​ ​NIKE​ ​ក្រុមហ៊ុន​ ​Samsonite​ , ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ​ ​G-Shock​ ក្រុមហ៊ុន​លក់​រថយន្ត​ HGB​ ​Group​  រួម​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​ទៀត​ ​ដោយ​រាប់បញ្ចូល​ទាំង​គ្រឿងសំអាង​ផង​ដែរ​ ។

ផ្សារ​ទំនើប​នេះ​ នឹង​ចាប់​បើកទ្វារ​បម្រើ​អតិថិជន​ចាប់ពី​ម៉ោង៩ព្រឹក​ ​រហូតដល់​ម៉ោង១១យប់​ ​ដែល​ក្រៅពី​មាន​លក់​នូវ​មុខទំនិញ​ ​និង​អាហារ​យ៉ាង​សម្បូរ​បែប​ ក៏​ មាន​ទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ​ ​និង​យុវវ័យ​ផង​ដែរ​ ​ជាពិសេស​ មាន​រោងកុន​បែប​ទំនើប​នៅ​ជាន់​ខាងលើ​រួម​ជាមួយនឹង​ ​Sky​ ​Bar​ ​ដែល​រៀបចំ​នៅ​ជាន់​ ខាងលើ​លំហ​រអា​កាស​នៅពេល​រាត្រី​ផង​ដែរ​។

កញ្ញា​ លីម​ សុខ​ដា​វីន​ បាន​បញ្ជាក់​ថា​ “បច្ចុប្បន្ន​នេះ​ ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្រុង​ព្រះសីហនុ​មាន​ភាពល្អ​ប្រសើរ​ ដែល​ជំរុញ​ឱ្យ​កម្រិតជីវភាព​របស់​ប្រជាជន​មាន​កំណើន​ខ្ពស់​ ហើយ​ការ​ចំណាយ​ប្រចាំថ្ងៃ​ច្រើន​ដែរ​ ដូច្នេះ​ វត្តមាន​របស់​ផ្សារ​ទំនើប​ FURI​ Times​ Square​ ពិតជា​ស័ក្ដិសម​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​ពួកគាត់​ជា​ខ្លាំង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here