ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងចរចាកិច្ចព្រមព្រៀងរុករកប្រេងកាតនៅក្នុងប្រទេសចំនួន៨ប្លុកសំខាន់ៗ ជាមួយក្រុមហ៊ុនកាណាដាEnercan Resources Co.,Ltd ខណៈកម្ពុជាបានបែងចែកប្លុក សម្រាប់រករកចំនួន១៩ នៅក្នុងដែនគោករបស់កម្ពុជា។
លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល»កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញនេះថា នៅក្នុងដែនគោកកម្ពុជាបានបែងចែកសិក្សាស្រាវជ្រាវចំនួន១៩ប្លុក ដែលបច្ចុប្បន្ននេះកម្ពុជកំពុងចរចាស្វែករកប្រេងកាតចំនួន៨ប្លុក ជាមួយក្រុមហ៊ុនមកពីប្រទេសកាណាដា ហើយជាមួយប្លុកផ្សេងៗទៀតនៅទំនេរនៅឡើយ។
លោកបន្តថា នៅក្នុងដែនសមុទ្រកម្ពុជា បានធ្វើការបែងចែករុករកចំនួន៦ប្លុក ដោយរដ្ឋាភិបាលកំណត់ឈ្មោះ ប្លុក A,B,C,D,E និង F ដោយក្នុងនោះ ប្លុក A ត្រូវបានរកឃើញថា មានប្រេងអាចធ្វើអាជីវកម្មបាននៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន KrisEnergy កំពុងអភិវឌ្ឍដើម្បីផលិតប្រេងនាពេលខាងមុខនេះ។
លោកបន្តទៀតថា ជាមួយគ្នានេះប្លុកD រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងប្រេងកាតជាមួយក្រុមហ៊ុន Cambodia Resource Energy Development Co.,Ltd ដើម្បីចាប់ផ្តើមធ្វើការស្វែងរុករកធនធានប្រេងកាត។ ដោយឡែក ប្លុក B, C, E និង F នៅទំនេរ ដោយរង់ចាំស្វាគមន៍អ្នកវិនិយោគ។
បើតាមលោក ជៀប សួរបានឱ្យដឹងទៀតថា នៅលើតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយថៃវិញ កម្ពុជាបានបែងចែកជា៤តំបន់ គឺ តំបន់១ ២ ៣ និង ៤ ហើយរហូតមកដល់ពេលនេះ ពុំទាន់មានសកម្មភាពស្វែងរុករកនៅតំបន់ទាំងនោះទេ ព្រោះពុំទាន់អាចស្វែងរកដំណោះស្រាយបាននៅឡើយ។
លោកបញ្ជាក់ទៀតថា ទន្ទឹមនឹងការសិក្សា អង្កេត វាស់ស្តង់ ដោយក្រុមហ៊ុនដែលមានកិច្ចព្រមព្រៀងប្រេងកាតខាងលើ មន្ត្រីបច្ចេកទេសរបស់ក្រសួង ក៏បានចុះសិក្សាអង្កេតសក្តានុពលភូគព្ភសាស្ត្រប្រេងកាត នៅទីវាលលើដែនដែនគោកនានា ដើម្បីប្រមូលសិលាគំរូមកពិសោធន៍ និងចងក្រងជាទិន្ន័យ។
បច្ចុប្បន្នក្រសួងបាននឹងកំពុងខិតខំ រៀបចំទំនើបកម្មបន្ទប់ទិន្ន័យប្រេងកាត និងចងក្រងទិន្នន័យប្រេងកាត ក៏ដូចជាការបោះពុម្ពផែនទីទិន្នន័យ 2D និង 3D ស៊ីស្មីកជាបណ្តើរៗ៕