ដោយៈវុត្ថា
ព្រះសីហនុៈ សំណង់អាជីវកម្មបំរើឱ្យវិស័យទេសចរណ៍ នៅក្នុងក្រុងព្រះសីហនុ បានដំណើរឡើងវិញបណ្តើរៗ និងមានការបើកសម្ពោធថ្មីកាលពីចុងឆ្នាំ២០២០ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្ត នៅក្នុងខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នាបានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៧ មករាកន្លងមកថា ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតលដល់ដើមឆ្នាំ ២០២០ នៃការផ្តើមផ្ទុះឡើងនូវជំងឺកូវីដ១៩ បានធ្វើឱ្យសំណង់អាជីវកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ត្រូវបានផ្អាកសកម្មភាពប្រមាណ៦៥ភាគរយ ។ ប៉ុន្តែសម្រាប់ចុងឆ្នាំ ២០២០ មានការបើកដំណើរខ្លះ និងសម្ពោធដាក់ចូលទីផ្សារថ្មីខ្លះ ដែលនេះជាសញ្ញាល្អសម្រាប់ខេត្តព្រះសីហនុ។
លោកថ្លែងថា “បន្ទាប់ពីស្ថានភាពនៃជំងឺកូវិដ ១៩ មានភាពល្អប្រសើរឡើងវិញនៅចុងឆ្នាំ២០២០ ។ នេះគឺជាសញ្ញាវិជ្ជមានល្អមួយ សម្រាប់វិស័យបដិសណ្ឋារកិច្ចនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែវាក៏អាស្រ័យលើស្ថានភាពនៃជំងឺកូវិដ១៩ផងដែរ” ។
លោកសុចិត្តក្រឹស្នាបានបន្តថា បើសិនរដ្ឋាភិបាលគ្រប់គ្រងមិនបានល្អ ដូចនៅបណ្តាប្រទេសមួយចំនួន វានឹងបញ្ហាឡើងវិញ ប៉ុន្តែរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធគ្រប់គ្រងជំងឺកូវីដ១៩បានល្អ ដែលបានធ្វើឱ្យបានធ្វើឱ្យមានសំណង់អាជីវកម្មបើកថ្មី និងអាជីវកម្មដែលមានការផ្អាកក៏បន្តបើកឡើងវិញបណ្តើរៗផងដែរ។
លោកថ្លែងថា “បើកមិនមានករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសធ្ងន់ធ្ងរទេ យើងរំពឺងថានៅក្នុងឆ្នាំ ២០២១ នេះ នឹងមានសញ្ញវិជ្ជមានកាន់ប្រសើរ ហើយវានឹងឡើងរហូត វាមិនចុះនោះទេ” ។ លោកបន្តថា “នេះគឺជាអ្វីដែលយើងមើលឃើញ ហើយមានការរំពឺងទុកថា ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ក៏ដូចជា នៅក្នុងខេត្តព្រះសីហនុ និងពិភពលោកនឹងមានស្ថានភាពល្អប្រសើរឡើងវិញមិនខាននោះទេ” ។
លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា នៅដើមឆ្នាំ២០២១ មិនទាន់អាចធ្វើការវាយតម្លៃបាននោះទេ ព្រោះស្ថានភាពសេដ្ឋកិច្ចពាក់ព័ន្ធនឹង ការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ១៩ បានឬមិនបាន ប៉ុន្តែសម្រាប់ខេត្តព្រះសីហនុ មិនទាន់រកឃើញករណីឆ្លងចូលទៅក្នុងសហគមន៍នោះទេ។
លោកថ្លែងថា “ដូច្នេះយើងរងចាំមើលបន្តិចទៀត បើសិនជាមានការគ្រង់គ្រងនូវជំងឺកូវីដ១៩បានទាំងស្រុង ខ្ញុំគិតថា នឹងមានកំណើនសេដ្ឋកិច្ចឡើងវិញ អាជីវកម្មនានានឹងដាក់ឱ្យដំណើរការពេញលេញ ស្របពេលដែលនៅក្នុងខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធ៣៤ខ្សែនឹងត្រូវបញ្ចប់ខាងមុខដ៏ខ្លី និងស្តារ១១ខ្សែបន្ថែមទៀត” ។ លោកបន្តថា តាមពិតទៅ គ្មានអ្វីដែលយើងត្រូវរចាំនូវការប្រែប្រួលនៃជំងឺកូវីដ១៩នោះទេ” ។
បើតាមលោកតាំង សុចិត្រក្រឹស្នាបានឲ្យដឹងថា នៅចុងឆ្នាំ២០១៩ មានសំណង់អាជីវកម្មទេសចរណ៍ប្រមាណជាង៨០០ បានបើកដំណើរការ ប៉ុន្តែបន្ទាប់ពីមានបិទអាជីវកម្មអនឡាន និងការផ្ទុះឡើងនូវកូវីដ១៩ បានធ្វើឱ្យសំណង់អាជីកម្មប្រភេទនេះ ថយចុះ ចំនួន៦៥ភាគរយ៕