ដោយ៖ វុត្ថា
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១០ ដល់១៤ ខែវិច្ឆិកា ឆ្នាំ២០១៧បានបញ្ចប់ហើយ ប៉ុន្តែអ្វីមិនទាន់បញ្ចប់ត្រង់ថា តើមេដឹកនាំអាស៊ាននិងប្រទេសដៃគូបានសម្រេចសមិទ្ឋិផលអ្វីខ្លះ សម្រាប់សេដ្ឋកិច្ចរបស់ខ្លួនជាអ្វីដែលយើងចង់ដឹង។
កិច្ចប្រជុំដែលបានបញ្ចប់កាលពីម្សិលម៉ិញនេះ មានមេដឹកនាំកំពូលមកពីតំបន់អាស៊ាន អឺរ៉ុប និងអាមេរិកជាបានមកជួបជុំគ្នា ដើម្បីស្វែងរកឪកាសទំនាក់ទំនង ធ្វើពាណិជ្ជកម្មសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់ និងពិភពលោក ក្នុងនោះក៏មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ចកិច្ចអាស៊ាន ដោយឡែកចំនួន២ ដែលផ្តោតសំខាន់លើសេដ្ចកិច្ច និងពាណិជ្ជកម្មផងដែរ។
ទី១. កិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (Prep-AEM) និងកិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្ត្រី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយតំបន់ (Prep-RCEP MM)។កិច្ចពិភាក្សាបានផ្តោតសំខាន់លើការបញ្ចប់ពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន (AJCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP)។
ទាក់ទងពិធីសារនៅទីបំផុតកិច្ចប្រជុំ បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការដោះស្រាយវិវាទរវាងអ្នកវិនិយោគ និងរដ្ឋ (ISDS) នៅក្នុងជំពូកវិនិយោគ ដែលត្រូវបានស្នើឡើង ដោយបណ្តារដ្ឋជាសមាជិកអាស៊ាន ខណៈពេលដែលកិច្ចប្រជុំ RCEP ត្រូវរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់សម្តែងនូវការគាំទ្រ និងការយល់ព្រម ចំពោះឯកសារទាំងពីរគឺ៖ របាយការណ៍វាយតម្លៃរួមរបស់រដ្ឋមន្ត្រីជូនថ្នាក់ដឹកនាំស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) និងសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់ (RCEP) ដែលជាវិថីឆ្ពោះទៅមុខ ដើម្បីបញ្ចប់ការចរចា RCEP។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីប៉ាន សូស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមកពីប្រទេសកម្ពុជា ក៏បានទទូចដល់គណៈកម្មាធិការចរចាផ្នែកពាណិជ្ជកម្ម ធ្វើការព ន្លឿនដំណើរការរបស់ខ្លួន សម្រាប់ភាពរីកចម្រើន និងអត្ថប្រយោជន៍ទៅវិញទៅមក នៃបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP ចំនួន១៦ ដោយសារតែប្រទេសទាំង១៦នេះ មានសក្តានុពលក្នុងការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍរួមគ្នា និងលើកកម្ពស់ការច្នៃប្រឌិត ដែលចុងក្រោយ នឹងធ្វើអោយប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជនយើង។
ទី២. កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC Board) លើកទី១៥កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំ Prep-AEM និងបានពិភាក្សាជាចម្បងលើអាទិភាពសេដ្ឋកិច្ច សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ហ្វីលីពីន ដូចជា ការបង្កើនពាណិជ្ជកម្ម និងការវិនិយោគ ការធ្វើសមាហរណកម្ម MSME ទៅក្នុងខ្សែសង្វាក់តម្លៃជាសកល និងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានការច្នៃប្រឌិត ក៏ដូចជាសមិទ្ធផលនានា ព្រមទាំងដំណើរការអនុវត្តន៍ផែនការមេ ASEAN ឆ្នាំ២០២។
កិច្ចប្រជុំក៏បានអនុម័តលើសេចក្តីព្រាង របាយការណ៍របស់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានដល់ថ្នាក់ដឹកនាំ និងសមាសភាគសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៃសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣១ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា៕