ដោយ រ៉ាវី
ភ្នំពេញ៖ រយៈពេល ១០ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់ទសវត្សរ៍មាស ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ពិសេសវិស័យសំណង់ និងអចលនទ្រព្យបានរីកចម្រើនដល់កំពូល និងក្លាយជាកំលាំងចលករដ៏សំខាន់ ក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ។
យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញនៃក្រុមហ៊ុន CBRE Cambodia ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិបានរកឃើញថា នៅក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ដែលរាប់ចាប់ពីឆ្នាំ២០០៨ រហូតមកទល់នឹងឆ្នាំ២០១៨នេះ ចំពោះវិស័យអចលនទ្រព្យ បានបង្ហាញពីការរីកចម្រើន និងអភិវឌ្ឍគ្រប់ផ្នែកទាំងអស់ ដែលក្នុងនោះរាប់ទាំងផ្នែកវិនិយោគ ក៏ដូចជាផ្នែកសំណង់ផងដែរ ខណៈដែលកំណើនសេដ្ឋកិច្ចកម្ពុជា GDP សរុបអាចរក្សាបានជាមធ្យម៦,២ភាគរយ។
-->
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ផ្នែកផ្សេងៗក្នុងវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ជាក់ស្តែងផ្នែកអគារការិយាល័យកាលពី២០០៨គឺទំហំការិយាល័យមានត្រឹម៧៨,០០០ម៉ែត្រការ៉េ ខណៈដែលក្រុមហ៊ុនអភិវឌ្ឍមានត្រឹមតែចំនួន២តែប៉ុណ្ណោះ ប៉ុន្តែនៅពេលបច្ចុប្បន្នឆ្នាំ២០១៨ ទំហំការិយាល័យបានកើនឡើងរហូតដល់៣៣៧, ០០០ម៉ែត្រការ៉េ ជាមួយនឹងចំនួនក្រុមហ៊ុនអភិវឌ្ឍមានចំនួន១២ ដែលវាជាចំនួនមួយបង្ហាញពីកំណើនយ៉ាងលើសលប់គួរឱ្យកត់សម្គាល់។

ដោយឡែកសម្រាប់ផ្នែកខុនដូនៅក្នុងឆ្នាំ២០០៨ មានត្រឹម១៧៦យូនីតដែលវិនិយោគដោយជនជាតិកូរ៉េ ប៉ុន្តែឈានចូលមកដល់ឆ្នាំ២០១៨នេះ វិស័យខុនដូបានបន្តរីកធំធាត់យ៉ាងឆាប់រហ័ស ដែលមានចំនួនរហូតដល់១២,០០០យូនីត ស្មើនឹង៤៦គម្រោង ក្នុងនោះអ្នកវិនិយោគជាជនជាតិខ្មែរ មានចំនួន២០គម្រោង ស្មើនឹង៤៣ភាគរយ ហើយបន្ទាប់ពីខ្មែរ គឺមាន តៃវ៉ាន់ កូរ៉េ ចិន សាំងហ្គាពួរ ម៉ាឡេស៊ី ជាដើម។
អ្នកនាងបន្តទៀតថា សម្រាប់ផ្សារទំនើបវិញ មុនឆ្នាំ2008 គឺមានត្រឹមតែចំនួន១តែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន គឺមានរហូតដល់ចំនួន១៧កន្លែង។ ចំពោះអាផាតមិន ក៏មានការរីកចម្រើនខ្លាំងផងដែរ ខណៈដែលកាលពីឆ្នាំ២០០៨ មានត្រឹមតែជាអ្នកអភិវឌ្ឍន៍ និងគ្រប់គ្រងដោយជនជាតិខ្មែរ ប៉ុន្តែបច្ចុប្បន្នមានអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ក៏ដូចជាអ្នកគ្រប់គ្រងដោយជនបរទេសចម្រុះជាតិសាសន៍ មានន័យថា ការរីកចម្រើនលើផ្នែកអាផាតមិនគឺមានសន្ទុះខ្លាំងមិនចាញ់វិស័យខុនដូនោះទេ នៅពេលដែលតម្លៃដីធ្លីកាលពីពីឆ្នាំ២០០៨ មានត្រឹម២៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លុះដល់ឆ្នាំ2018 មានតម្លៃ៦៥០០ដុល្លារក្នុងមួយម៉ែត្រការរ៉េ (តម្លៃដីលើទីផ្សារដែលខ្ពស់ជាងគេ) បានកើនឡើងរហូតដល់២២៥ភាគរយ។ ការកើនឡើងយ៉ាងឆាប់រហ័សទាំងនេះ ត្រូវបានអ្នកជំនាញរូបនេះបញ្ជាក់ថា ក៏ព្រោះកម្ពុជាកាលពី១០ឆ្នាំមុន មិនទាន់មានការផ្គត់ផ្គង់ ខណៈដែលតម្រូវការនៅលើទីផ្សារមានចំនួនខ្ពស់ ដែលធ្វើឱ្យបណ្តាអ្នកវិនិយោគ មានឱកាសអាចទទួលបានភាគលាភច្រើន និងមិនសូវមានហានីភ័យនោះឡើយ។

ជាមួយនឹងការបង្ហាញពីភាពរីកចម្រើន និងអភិវឌ្ឍន៍ឥតឈប់ឈនៅលើវិស័យអលចនទ្រព្យក្នុងរយៈពេល១០ឆ្នាំកន្លងទៅ អ្នកនាងអាន សុធីតា ក៏បានបង្ហាញពីការព្យាករណ៍វិស័យនេះនៅកម្ពុជា ក្នុងរយៈពេល១០ទៅមុខទៀតបែបសុទិដ្ឋិនិយមយ៉ាងដូច្នេះថា បើទោះជាក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ វិស័យអចលនទ្រព្យមានភាពរីកចម្រើន និងដុះដាលដូចផ្សិតក៏ពិតមែន ប៉ុន្តែសម្រាប់១០ឆ្នាំទៅមុខទៀត វិស័យមួយនេះនៅមិនទាន់ឆ្អែតនៅឡើយនោះទេ ពោលគឺនៅតែមានតម្រូវការខ្ពស់ ជាពិសេសចំពោះវិស័យខុនដូ ដែលជាតម្រូវការសម្រាប់មនុស្សវ័យកណ្តាល។
ដោយឡែកចំពោះវិស័យដីធ្លី ក៏អាចនឹងបន្តកើនឡោះងនូវតម្លៃចាប់ពី៧ភាគរយក្នុងមួយឆ្នាំឬអាចច្រើនជាងនេះ ដែលវាអាស្រ័យទៅលើតម្រូវការជាក់ស្ដែងនៅលើទីផ្សារ៕
