ដោយៈសុខុម
សឹង្ហបុរី: អចលនទ្រព្យ បានក្លាយជាប្រធានបទ “ដ៏ក្ដៅគគុក” នៅក្នុងប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដ៏សំខាន់មួយនៅអាស៊ី។ ទោះបីជាអំឡុងពេលវីរុសកូវីដ-១៩ រីករាលដាលយ៉ាងខ្លាំងក្លាយក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏តម្រូវការអចលនទ្រព្យក្នុងប្រទេសនេះ បានធ្លាក់ចុះតិចតួចប៉ុណ្ណោះ។
ទន្ទឹមនេះទិន្នន័យបង្ហាញថា ពលរដ្ឋសិង្ហបុរី កាន់តែច្រើនឡើងបានសម្រុកទិញអចលនទ្រព្យ នៅក្រៅប្រទេសជាជាងទិញនៅក្នុងស្រុក។ ដូចនេះ តើមានមូលហេតុអ្វីដែលជំរុញឱ្យពលរដ្ឋសិង្ហបុរី កាន់តែច្រើនវិនិយោគលើអចលនទ្រព្យនៅបរទេសបែបនេះ?។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា បានឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី បានដំឡើងពន្ធប្រថាប់ត្រាសម្រាប់ការទិញផ្ទះបន្ថែម (ABSD) កាលពីខែធ្នូ ចុងឆ្នាំ២០២១។
លោកស្រី Joanne Kua នាយកប្រតិបត្តិក្រុមហ៊ុន KSK Group និងជានាយកគ្រប់គ្រងក្រុមហ៊ុន KSK Land Malaysia បានលើកឡើងថា “ការដំឡើងពន្ធប្រថាប់ត្រា ABSD មានគោលបំណងរារាំងទីផ្សារអចលនទ្រព្យសឹង្ហបុរី កុំឱ្យមានសន្ទុះលឿនខ្លាំងពេក និងកាត់បន្ថយការទិញទុកលក់ចំណេញច្រើនហួសហេតុ ដែលអាចបង្កអស្ថិរភាពដល់ប្រព័ន្ធហិរញ្ញវ ត្ថុ។ លោកស្រីបន្តថា “កត្តានេះហើយបានជំរុញឱ្យពលរដ្ឋសិង្ហបុរី មួយចំនួនវិនិយោគអចលនទ្រព្យនៅប្រទេសផ្សេង”។
ពេលនេះមានសំណួរចោទសួរថា តើពលរដ្ឋសិង្ហបុរី ភាគច្រើននៅតែយល់ថាវាជាគំនិតដ៏ល្អ ឬនៅក្នុងការទិញផ្ទះទី២នៅបរទេស? ទិន្នន័យបង្ហាញថា ចម្លើយគឺ “មែនហើយ”។
លោក Nicholas Keong ប្រធានផ្នែកការិយាល័យឯកជននៃក្រុមហ៊ុនអចលនទ្រព្យ Knight Frank នៅសិង្ហបុរីបានលើកឡើងថា ការដំឡើងពន្ធប្រថាប់ត្រា ABSD បានធ្វើឱ្យប៉ះពាល់ ដល់បុគ្គលម្នាក់ៗនៅពេលទិញអចលនទ្រព្យទី២ ឬផ្ទះបន្តបន្ទាប់នៅក្នុងប្រទេសសិង្ហបុរី ដោយពលរដ្ឋសិង្ហបុរី ត្រូវបង់ពន្ធប្រថាប់ត្រា ABSD ១៧%បន្ថែមពីលើអត្រាពន្ធស្តង់ដារលើអចលនទ្រព្យទី២របស់ពួកគេ។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា អចលនទ្រព្យគឺជាការវិនិយោគដ៏ល្អឥតខ្ចោះ សម្រាប់ការពារពីហានិភ័យអតិផរណា ប៉ុន្តែអ្នកទិញដែលសម្លឹងរកអចលនទ្រព្យ ប្រភេទលំនៅដ្ឋានជាការវិនិយោគ នឹងពិចារណាលើកត្តាជាច្រើន រួមទាំងថ្លៃចំណាយលើប្រតិបត្តិទិញលក់ផងដែរ។ ដូចនេះជាធម្មតា អ្នកទិញផ្ទះទី២ បាននិងកំពុងពិចារណាជម្រើសទិញ នៅក្រៅប្រទេស។
នៅក្នុងរបាយការណ៍មានឈ្មោះថា The Wealth Report 2022 របស់ក្រុមហ៊ុន Knight Frank ដែលត្រូវបានចេញផ្សាយកាលពីខែខែមីនា បង្ហាញថា ប្រទេសចំនួន៣ ដែលជាគោលដៅពេញនិយមបំផុត សម្រាប់ពលរដ្ឋសិង្ហបុរី ទិញអចលនទ្រព្យនៅបរទេសមានដូចជា ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី៕ CNA៕