រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បង្ហាញ​ចំណុច​ពិសេស​ទាំង៦នៃ​គោលនយោបាយ​គាំពារ​ការវិនិយោគ

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​អះអាងថា កម្ពុជា​គឺជា​ប្រទេស ដែលមាន​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ ជាមួយ​សក្តានុពល​ខ្ពស់​ខាង​វិស័យ​កសិកម្ម ឧស្សាហកម្ម​កម្មន្តសាល (ធុន​ស្រាល) បច្ចេកវិទ្យា និង​សេវាកម្ម ដែល​វិនិយោគិន​នូ​វែ​ល​ហ្សេ​ឡង់ អាច​ទទួលបាន​អត្ថប្រយោជន៍​ច្រើន និង​ប្រាក់ចំណេញ​ខ្ពស់​ពី​ការវិនិយោគ។

នៅក្នុង​ជំនួប​ជាមួយ លោក Tahamoana Aisea Cluny MacPherson ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​នូ​វែ​ល​ហ្សេ​ឡង់​ប្រចាំ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី កាលពី​ព្រឹក​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​បើក​ទីផ្សារថ្មីៗ ការកៀងគរ​វិនិយោគ ដើម្បី​ពិពិធ​កម្មវិស័យ​ការងារ និង​ការដាក់ចេញ​គោលនយោបាយ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​អំពី​អត្ថប្រយោជន៍ នៃ​គោលនយោបាយ​គាំពារ​វិនិយោគ​របស់​ក​ម្ពុ​ជា​ចំនួន ៦ចំណុច​គឺ៖ មិន​រើសអើង​ជាតិ​សាសន៍ មិន​រឹបអូស​ទ្រព្យ មិនត្រូវ​ការ​ដៃគូ​ក្នុងស្រុក មិន​កំណត់​តម្លៃ​ទំនិញ​និង​សេវាកម្ម មិន​កំហិត​រូបិយប័ណ្ណ​បរទេស និង​មិន​ត្រួតត្រា​ទុនវិនិយោគ ព្រមទាំង​សក្តានុពល​នៃ​វិស័យ​កសិកម្ម សេវាកម្ម បច្ចេកវិទ្យា និង​ឧស្សាហកម្ម​កម្មន្តសាល។

លោក​ប៉ាន សូរ​ស័ក្តិ បន្តថា កម្ពុ​ជាមាន​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​កសិផល​មិនទាន់​កែច្នៃ​ច្រើន។ យើង​ចង់បាន​វិនិយោគិន​នូ​វែ​ល​ហ្សេ​ឡង់ មក​វិនិយោគ​លើ​វិស័យ​កម្មន្តសាល ដើម្បី​ផ្ទេរ​ជំនាញ​និង​បច្ចេកវិទ្យាថ្មីៗ ព្រមទាំង​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ​កសិផល ដើម្បី​ជំរុញ​ការនាំចេញ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា។

ជាការ​ឆ្លើយតប​លោក Tahamoana Aisea Cluny MacPherson បាន​កោតសរសើរ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ថ្លែងអំណរគុណ លោក​មន្ត្រី ដែល​បាន​ចែករំលែក​នូវ​ព័ត៌មានល្អៗ ទាក់ទិន​កាលានុវត្តភាព​វិនិយោគ និង​សក្តានុពល​របស់​កម្ពុជា។

ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​សម្តែង​ការចាប់អារម្មណ៍ ចំពោះ​គម្រោង Plus One នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស និង​បាន​សន្យា​ផ្សព្វផ្សាយ​ដំណឹង​នេះ ដល់​មន្ត្រី​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​នូ​វែ​ល​ហ្សេ​ឡង់ ដើម្បី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក៏ដូចជា​ជួយ​កៀងគរ​វិនិយោគិន​នូ​វែ​ហ្សេ​ឡង់ ឱ្យមក​បណ្តាក់ទុន​កាន់តែច្រើន​នាពេល​អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here