អាមេរិកនិងទីភ្នាក់ងារថាមពលអន្តរជាតិ IEA ជំរុញឱ្យអាស៊ីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលដើម្បីបញ្ចៀសវិបត្តិ

0

សុខុម

ស៊ីដនី: សហរដ្ឋអាមេរិក និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃអង្គារ ទី១២ ខែកក្កដា នេះបានជំរុញឱ្យបណ្តាប្រទេសនៅអាស៊ី ធ្វើពិពិធកម្ម (ធ្វើឱ្យសម្បូរបែប) ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល និងរ៉ែសំខាន់ៗរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើប្រទេសមួយក្ដាប់តូច ដូចជាមហាយក្សចិន និងរុស្ស៊ី ជាដើម។

នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol និងរដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បានលើកឡើងថា វិបត្តិថាមពលបច្ចុប្បន្ន ដែលផ្តើមចេញពីការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្រោយពីប្រទេសនេះបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន គួរតែជាមេរៀន និងជំរុញឱ្យបណ្តាប្រទេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្តោតយកចិត្តទុកដាក់បន្ថែមទៀត លើការងាកចេញពីពីឥន្ធនៈហ្វូស៊ីលដូចជាធ្យូងថ្ម ឧស្ម័ន និងប្រេងជាដើម។

ទោះជាយ៉ាងណា ចំណុចនេះនឹងតម្រូវឱ្យតំបន់នេះងាកចេញពីការពឹងផ្អែកលើមហាយក្សចិន សម្រាប់បច្ចេកវិទ្យាថាមពលសូឡា (ពន្លឺព្រះអាទិត្យ) និងប្រទេសដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរុស្ស៊ី សម្រាប់រ៉ែសំខាន់ៗដែលត្រូវការចាំបាច់ សម្រាប់ការផលិតរថយន្តអគ្គិសនី និងអាគុយ។

លោកស្រី Jennifer Granholm បានថ្លែងក្នុងវេទិកាថាមពលក្រុងស៊ីដនី (Sydney Energy Forum) ប្រទេសអូស្ត្រាលី ថា “យើងចង់ធ្វើឱ្យប្រាកដថា យើងមិនមែនជាប្រទេសដែលស្ថិតក្រោមគំនាបរបស់ជនផ្ដាច់ការ ដែលជាអ្នកនាំចេញប្រេង មិនស្ថិតក្រោមគំនាបរបស់អ្នក ដែលមិនផ្ដល់តម្លៃដល់យើង មិនស្ថិតក្រោមគំនាបរបស់អ្នក ដែលចង់គ្រប់គ្រងទិដ្ឋភាពយុទ្ធសាស្ត្រនៃខ្សែសង្វាក់ផ្គត់ផ្គង់”។

វេទិកានេះត្រូវបានរៀបចំឡើងរួមគ្នាដោយរដ្ឋាភិបាលអូស្ត្រាលី និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។

លោក Fatih Birol គូសបញ្ជាក់ថា ប្រទេសចិន គ្របដណ្ដប់ដល់ទៅ៨០%នៃខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់បច្ចេកវិទ្យាសូឡានានាពេលបច្ចុប្បន្ន ហើយនៅឆ្នាំ២០២៥ នឹងកើនឡើងដល់៩៥%។

លោក Fatih Birol  និងលោកស្រី Jennifer Granholm លើកឡើងថា ការពឹងផ្អែកលើប្រទេសតែមួយសម្រាប់បច្ចេកវិទ្យា ឬឥន្ធនៈគួរតែជៀសវាង ដើម្បីបញ្ចៀសវិបត្តិទៅអនាគត បើមិនដូច្នោះទេអាចនឹងជួបវិបត្តិច្រំដែលដូចបច្ចុប្បន្ន ក្រោយការបាត់បង់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី។

លោកស្រី Jennifer Granholm និងរដ្ឋមន្ត្រីថាមពលអូស្ត្រាលី លោក Chris Bowen នៅថ្ងៃអង្គារ នេះបានចុះកិច្ចព្រមព្រៀងមួយ សម្រាប់ប្រទេសទាំង២ធ្វើការរួមគ្នា លើការស្រាវជ្រាវថាមពល រួមទាំងការកាត់បន្ថយការចំណាយ លើការស្តុកថាមពលរយៈពេលវែង និងម៉ាស៊ីន Electrolyser ដើម្បីផលិតអ៊ីដ្រូសែនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here