ដោយ៖ សុខុម
ភ្នំពេញ: ការតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកំពង់ផែទឹកជ្រៅព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយបណ្ដុះទេពកោសល្យរបស់ពលរដ្ឋខ្មែរ សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាផងដែរ។
វិនិយោគដោយក្រុមហ៊ុនចិន China Road and Bridge Corporation ការងារស្ថាបនាផ្លូវល្បឿនលឿនប្រវែង១៨៧គីឡូម៉ែត្រនេះ បានចាប់ផ្តើមក្នុងខែមិថុនា ឆ្នាំ២០១៩។ គម្រោងដែលមានតម្លៃ២ពាន់លានដុល្លារអាមេរិក នេះពេលនេះសម្រេចបានជាង៩៤%ហើយ ហើយគ្រោងនឹងបើកដំណើរការសាកល្បងនៅខែកញ្ញាខាងមុខ។
កញ្ញា ញ៉ែម ស្រីពៅ បុគ្គលិកផ្នែកធ្វើតេស្តនៅមន្ទីរពិសោធន៍កណ្ដាលសម្រាប់គម្រោងផ្លូវល្បឿនលឿននេះនិយាយថា ការងាររបស់កញ្ញាមិនត្រឹមតែផ្តល់ប្រាក់បៀវត្សរ៍ល្អដល់កញ្ញាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ឱកាសឱ្យកញ្ញាបានអភិវឌ្ឍជំនាញ និងឯកទេសរបស់ខ្លួនទៀតផង។
កញ្ញាស្រីពៅ ដែលបម្រើការងារនៅក្រុមហ៊ុននេះជាង៣ឆ្នាំ បាននិយាយថា ក្រុមបច្ចេកទេសចិន បានបណ្តុះបណ្តាលកញ្ញាពីរបៀបធ្វើតេស្តគុណភាពបេតុង ស៊ីម៉ងត៍ និងថ្ម ហើយពេលនេះកញ្ញាមានសមត្ថភាពអាចធ្វើវាដោយឯករាជ្យគួរឱ្យសរសើរ។
លោក សេង មករា ជាបុគ្គលិកផ្នែកសុវត្ថិភាពនៅកំណាត់ទី៣ នៃផ្លូវល្បឿនលឿននេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា ការងាររបស់គាត់មានប្រយោជន៍ខ្លាំងណាស់ ក្នុងការអភិវឌ្ឍសមត្ថភាពរបស់គាត់បន្ថែមទៀត ដោយផ្តល់ឱកាសឱ្យគាត់បានរៀនសូត្រពីបច្ចេកវិទ្យា និងវិធីសាស្រ្តថ្មីៗក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
លោក Hu Zhaoguang អ្នកគ្រប់គ្រងទូទៅនៃការិយាល័យគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លើកឡើងថា ក្រុមហ៊ុនបានផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋាន ដោយផ្អែកលើទស្សនៈ “ឱ្យត្រីហូបផង និងបង្រៀនឱ្យចេះរកត្រីផង”។
អ្នកគ្រប់គ្រងរូបនេះបានបន្ថែមថា ក្រុមហ៊ុនក៏បានដាក់អាទិភាពលើការបំពេញទំនួលខុសត្រូវផ្នែកសង្គម និងការធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានប្រសើរឡើងផងដែរ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជា ហើយវាជាផ្លែផ្កា ដែលដុះចេញពីកិច្ចសហប្រតិបត្តិការស្អិតរមួត រវាងកម្ពុជា និងចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់មហាយក្សចិន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងនេះបានបង្កើតការងារជាង៣.០០០កន្លែងសម្រាប់ប្រជាជនកម្ពុជា ហើយវានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅពេលបើកឱ្យធ្វើចរចាចរណ៍។
ផ្លូវល្បឿនលឿននេះមានប្រវែង១៩០គីឡូម៉ែត្រ មានទទឹង២៤,៥ម៉ែត្រ មានគន្លងផ្លូវ២ទៅ និង២មក ដែលខណ្ឌជែកដោយសួននៅកណ្តាល។ យានយន្តនឹងអាចធ្វើដំណើរក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយពេលត្រឹមតែ២ម៉ោងក្នុងការធ្វើដំណើររវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជំនួសឱ្យរយៈពេល៥ម៉ោងនាពេលបច្ចុប្បន្ន៕ Xinhua៕