តើសកម្មភាពពាណិជ្ជកម្មតាមព្រំដែនជះឥទ្ធិពលដល់ការអភិវឌ្ឍអចលនទ្រព្យដែរឬទេ?

0

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជា និងបណ្តាប្រទេសជិតខាង រួមមាន ប្រទេសថៃ វៀតណាម និងឡាវ តែងតែជំរុញការធ្វើពាណិជ្ជកម្មតាមព្រំដែន និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នា ជាមួយប្រទេសជាប់ព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ តើសកម្មភាពពាណិជ្ជកម្មតាមព្រំដែនជះឥទ្ធិពលដល់ការអភិវឌ្ឍអចលនទ្រព្យដែរឬទេ?

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសជិតខាង មិនមានភាពជាប់ពាក់ព័ន្ធនឹងសកម្មភាពពាណិជ្ជកម្មនោះទេ តែពឹងផ្អែកលើសកម្មភាពវិនិយោគ ដែលនឹងហុចផលផ្ទាល់ដល់ការអភិវឌ្ឍលើទីផ្សារអចលនទ្រព្យ។

លោកបានមានប្រសាសន៍ថា​ “អចលនទ្រព្យមិនពាក់ព័ន្ធនឹងសកម្មភាពពាណិជ្ជកម្មទេ តែវាពាក់ព័ន្ធនឹងសកម្មភាពវិនិយោគ។ ការធ្វើពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម មិនបានហុចផលដល់ការអភិវឌ្ឍលើទីផ្សារអចលនទ្រព្យណាស់ណានោះទេ”។

បើតាមការអះអាងរបស់លោកឧកញ៉ា ការវិនិយោគនៅក្នុងតំបន់ និងក្រៅប្រទេស ទើបជាកត្តាសំខាន់ ដែលជះឥទ្ធិពលដល់ការរីកចម្រើនរបស់វិស័យអចលនទ្រព្យនៅក្នុងតំបន់ណាមួយ។ លោកបន្តថា “ការធ្វើពាណិជ្ជកម្ម មិនមានទំនាក់ទំនងស៊ីជម្រៅជាមួយការវិនិយោគដោយផ្ទាល់នោះទេ។ អចលនទ្រព្យពឹងផ្អែកលើការវិនិយោគ”។

លោកឧកញ៉ា បានបញ្ជាក់ថា “ការធ្វើពាណិជ្ជកម្មអាចបានផ្តល់ផលប្រយោជន៍ធំដុំទៅលើអចលនទ្រព្យ ដូចជាការតាំងទីនៃការបង្កើតតំបន់ផលិត ឧទាហរណ៍ រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស ឃ្លាំង សណ្ឋាគារ ។ល។ ទើបជាឬសកែវនៃការអភិវឌ្ឍអចលនទ្រព្យកម្ពុជា”។

ជាមួយគ្នានេះ លោកជុំ វិចិត្រ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែង បានមានប្រសាសន៍ប្រាប់ Property Area Asia  កាលពីពេលថ្មីៗនេះថា សកម្មភាពអចលនទ្រព្យនៅក្នុងខេត្តស្ទឹងត្រែង មិនសូវមានការរីកចម្រើនណាស់ណានោះទេ ដោយសារកត្តាមួយចំនួន ដូចជា កត្តាស្ថានភាពប្រជាសាស្ត្រនៅក្នុងមូលដ្ឋាន កម្រិតជីវភាពនៃប្រជាជនខេត្តស្ទឹងត្រែង និង កង្វះហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងខេត្តមួយនេះ។

លោក ជុំ វិចិត្រ លើកឡើងបន្តទៀតថា កត្តាមួយទៀត ដែលជាមូលហេតុធ្វើឱ្យទីផ្សារអចលនទ្រព្យមិនសូវមានការរីកចម្រើនខ្លាំងនោះ ដោយសារទំហំពាណិជ្ជកម្ម និងសក្តានុពលសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសឡាវហាក់មិនសូវមានទំហំធំនោះទេ។

លោកមានប្រសាសន៍ថា “ទោះបីច្រកព្រំដែនបានបើកហើយក្តី តែសកម្មភាពពាណិជ្ជកម្មរវាងព្រំដែនកម្ពុជាជាមួយប្រទេសឡាវមិនសូវមានសក្តានុពលណាស់ណាទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here