វិភាគៈ តើមហាយក្សចិននឹងវាយយកកោះតៃវ៉ាន់នាពេលនេះ ឬទុកឲ្យ យប់យន់សុបិនយូរ?

0

ដោយៈ យិន លាងគង់សហស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia

       ភ្នំពេញៈ តើជោគវាសនារបស់កោះតៃវ៉ាន់ នឹងទៅជាយ៉ាងណា? ខណៈមេដឹកនាំក្បាលរ៉ឹងលោកស្រី ត្សៃ អ៉ឹងវិនកំពុងបង្ហាញសាច់ដុំ តាមរយៈការបង្ហាញភាពគឃ្លើនរបស់ខ្លួន ចំពោះមហាអំណាចចិន។

ការស្រេកឃ្លានឯករាជ្យរបស់ដែនកោះនេះ បានធ្វើឲ្យមន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើនរូបទៅទស្សនកិច្ចនោះនេះ រួមទាំងប្រធានរដ្ឋសភាអាមេរិកលោក​ស្រីNancy Pelosi ដែលបាននិងកំពុងធ្វើឲ្យដែនកោះនេះ ជួបរឿងរំជើបរំជួល ហើយមេដឹកនាំដែនកោះ ដែលកំពុងមានសមានចិត្តជាមួយអាមេរិក បាននិងកំពុងត្រៀមខ្លួនទទួលមេដឹកនាំស្រ្តី ប្រធានរដ្ឋសភាអាមេរិករូបនេះ។

ការរំលោភលើគោលនយោបាយចិនតែមួយ

       មេដឹកនាំអាមេរិកជាច្រើនជំនាន់មកហើយ តែងតែយកតៃវ៉ាន់ជាកូនអុករបស់ខ្លួន ដើម្បីចចារ និងយកប្រៀបលើប្រទេសចិន និងប្រើប្រាស់ដែន​កោះ ដែលមានប្រជាជនជាង២៣លាននាក់នេះ សំរាប់អ្វីដែលពួកគេហៅថា “ការគាំទ្រដល់លទ្ឋិប្រជាធិបតេយ្យ” ប៉ុន្តែតាមការពិតមានអ្វីជាច្រើននៅពីក្រោយរឿងនេះ។

អ្វីៗដែលកើតមានទាំងអស់នោះ ស្ថិតនៅក្នុងសេនារីយោជាច្រើនរួមមាន ទី១ ការលេងល្បែងនយោបាយ ដើម្បីគេងចំណេញលើចិនទាំងសេដ្ឋកិច្ច នយោបាយ និងភូមិសាស្រ្តនយោបាយរបស់​ខ្លួន ទី២ ការធ្វើដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មេដឹកនាំ សមាជិកសភា និងមន្រ្តីជាន់ខ្ពស់អាមេរិកមួយចំនួន ជាការទះកំភ្លៀងចិន ទី៣ ប្រសិ​នជាមេដឹកនាំអាមេរិករូបណា សម្រេចចិត្តឲ្យតៃវ៉ាន់ទទួលបានឯករាជ ពួកគេនឹងទទួលបានផលចំណេញច្រើន លើផលប្រយោជន៍ភូមិសាស្រ្តនយោ​បាយ និងបង្ហាញថាខ្លួនជាមេដឹកនាំពិភពលោកដ៏ពិតប្រាកដ និងអាចធ្វើអ្វីក៏បាន តាមអ្វីដែលខ្លួនឯងចង់ធ្វើ។

ទោះជាយ៉ាងណា ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រីNancy Pelosi ទៅកាន់កោះតៃវ៉ាន់ ក៏មានការមិនស្រុះស្រួលគ្នា ជុំវិញរដ្ឋការរបស់លោកចូ បៃឌិនផងដែរ។

ជាក់ស្តែងនៅថ្ងៃនេះ ប្រមុខកាទូតលោកAnthony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយថា ក្នុងនាមជាមន្រ្តីជាន់ខ្ពស់ទី៣ ក្នុងជួរ   រដ្ឋាភិបាលសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) មានសេរីភាពក្នុងការសម្រេចចិត្ត និងរៀបចំផែនការធ្វើដំណើរដោយខ្លួនឯង ខណៈដែលលោកបានព្រមានប្រទេសចិន កុំឲ្យបង្កើនភាពតានតឹង ប្រសិ​នបើលោកស្រីប្រធានសភាតំណាងរាស្រ្តអាមេរិក ពិតទៅជាទៅដល់កោះតៃវ៉ាន់ប្រាកដមែននោះ។

លោកបន្តថា លោកស្រីប្រធានសភាតំណាងរាស្រ្ត នឹងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ថានឹងទៅកាន់កោះតៃវ៉ាន់ឬអត់។ លោកបន្តថា សភាគឺជាស្ថាប័នឯករាជ្យ ហើយមានអំណាចស្មើនឹងរដ្ឋាភិបាល និយាយរួមវាគឺជាការសម្រេចរបស់លោកស្រីទាំងស្រុង

ទោះជាយ៉ាងណា សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងដើរចេញកាន់តែឆ្ងាយពី គោលនយោបាយចិនតែមួយ តាមរយៈការបញ្ជូនមន្ត្រី និងអតីតមន្ត្រីរបស់ខ្លួនមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់។

តួយ៉ាងសូម្បីតែលោក បៃដិនផ្ទាល់ចាប់ឡើង កាន់តំណែងជាប្រធា​នាធិបតីមក ធ្លាប់បានលើកឡើង៣ដងថា សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ រីឯ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានជំរុញត្រង់ៗឱ្យអាមេរិកគាំទ្រឯករាជ្យភាពតៃវ៉ាន់។

តើអាមេរិកត្រៀមប្រកាសឯករាជ្យឲ្យកោះតៃវ៉ាន់?

       ដំណើរទស្សនកិច្ចយ៉ាងគឃ្លើនរបស់មេ ដឹកនាំអាមេរិកជាច្រើនលើកច្រើនសារកន្លងមកនេះ ត្រូវបានគេមើលឃើញថា មហាអំណាចលេខ១របស់ពិភពលោកនេះ កំពុងដើរកកូរកកាយគេឯង មិនចប់មិនហើយ ដែលជាទង្វើមួយបង្ករឿង ស្របពេលមេដឹកនាំ និងប្រជាជនអាមេរិកភាគច្រើន  សុទ្ឋតែមើលឃើញថា ប្រទេសចិន កំពុងគំរាមកំហែងសន្តិសុខជាតិរបស់ខ្លួន នៅពេលដែលមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកនេះ កំពុងបង្កើន​ឥទ្ឋិពលទាំងសេដ្ឋកិច្ច យោធា និងឥទ្ឋិពលរបស់ខ្លួននៅលើពិភពលោក។

មេដឹកនាំអាមេរិកក្នុងរដ្ឋការលោកដូណាល់ ត្រាំធ្លាប់បានធ្វើរឿងស្រដៀងគ្នានេះម្តងរួចមកហើយ ដោយប្រកាសឲ្យទីក្រុងយ៉េរ៉ូសាឡឹម ស្ថិតក្នុងទឹកដីរបស់ប្រទេសអ៉ីស្រ្តាឯល បើទោះបីជាមានការរិះគន់ជាអន្តរជាតិក្តី។

ដំណើរទស្សនកិច្ចរបស់ក្រុមមន្រ្តីជាន់ខ្ពស់ របស់សហរដ្ឋអាមេរិកនាពេលកន្លងមក កំពុងបង្ហាញចេតនាសំខាន់ៗមួយចំនួន ទី១ ជាការដាស់ស្មារតីចិន ដើម្បីបង្ហាញពីភាពមានប្រៀបរបស់ខ្លួន ក្នុងការកំណត់ជោគវាស​នា​របស់កោះតៃវ៉ាន់ ទី២ ជាការបង្ហាញសាច់ដុំកំញើញចិន និងជាកលយុទ្ឋ​ដើម្បីចចារយកអ្វីមួយពីចិន ទី៣ ការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់ នឹងក្លាយជាពរជ័យមួយសម្រាប់អាមេរិក ប៉ុន្តែវាក៏ជាបណ្តាសាររបស់កោះនេះផងដែរ។

ហេតុនេះ ការសម្រេចចិត្តរបស់មេដឹកនាំកោះនេះ នឹងជាការសម្រេចចិត្តកំណត់អាយុជីវិតរបស់ប្រជាជននៅដែនកោះនេះ ក៏ដូចជា កំណត់វាស​នារបស់់កោះនេះ ត្រូវរងបណ្តាសារឬអត់? ព្រោះប្រសិនបើមហាយក្សចិន​សម្រេចចិត្តវាយយកកោះនេះ  ប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២នេះ​នឹងយកឲ្យបាន ទោះបង់ក្នុងតម្លៃណាក៏ដោយ។

តើចិនទុកឲ្យយប់យន់សុបិនយូរឬទេ?

       មេដឹកនាំចិនរាប់ជំនាន់មកហើយ មិនដែលសម្រេចចិត្តវាយយកកោះនេះនោះទេ គឺមានតែសង្រ្គាមពាក្យសម្តី និងកំញើញប៉ុណ្ណោះ។

សំណួរនៅពេលនេះ តើចិននឹងនៅតែបន្តទុកឲ្យមាន “យប់យន់សុបិនយូរដែរឬទេ?” មុនឆ្លើយសំណួរនេះ យើងគួរសិក្សាទៅលើទិដ្ឋភាពមួយចំនួនដូចជា ទី១ តើមេដឹកនាំប្រទេសនេះ បានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើ​សង្រ្គាមហើយឬនៅ? ទី២ តើចិនបានរៀបចំរចនាសម្ព័ន្ឋសេដ្ឋកិច្ចហើយឬនៅ សម្រាប់ផលប៉ះពាល់ពីសង្រ្គាមនេះ? ទី៣ តើចិនមានមូលដ្ឋាន​និងរចនាសម្ព័ន្ឋសេដ្ឋកិច្ចបានល្អបែបណា បើធៀបនឹងប្រទេសរុស្ស៊ី? ទី៤ តើចិននឹងមានអ្វីទប់ទល់ឬទេ? ប្រសិនជាអាមេរិកលូកដៃចូល ក្នុងសង្រ្គាមនេះ ស្របពេលដែលប្រទេសនេះ មានច្បាប់ការពារតៃវ៉ាន់រួចទៅហើយ។

ទី៥ តើចិនបានត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលខ្លី ឬរយ

ៈពេលវែង? ទី៦ តើចិននឹងឈ្នះសង្រ្គាមនេះដោយរបៀបណា ឬត្រូវរង់ចាំដោយភាពអត់ធ្មត់តទៅទៀត?។ ទី៧ តើការបន្តទុកឲ្យដែនកោះនេះ នៅតែជាឆ្អឹងស្លាក់ក្នុងបំពង់ “ក”របស់ខ្លួនដល់ពេលណា? ទី៨ ប្រសិនជាបណ្តោយឲ្យដែនកោះនេះ អាចអភិវឌ្ឍន៍សព្វាវុធរបស់ខ្លួនកាន់តែខ្លាំង​ តើពេលអនាគតចិននឹងបន្តឈឺចាប់មិនចប់មិនហើយឬ?។

ត្រូវមានការអត់ធ្មត់បន្តឬ

គ្រប់សំណួរខាងលើ មេដឹកនាំចិនប្រហែលជាបានឆ្លើយរួចហើយថា នឹងមានអ្វីកើតឡើង ប្រសិនជាមហាយក្សនេះ លើកទ័ពឈ្លានពានយកដែនកោះនេះ។

មេដឹកនាំចិនហ្សី ជីនពីងបាន និងកំពុងសាងសង់ផ្លូវហាយវេតភ្ជាប់ពីទឹកដីចិន ទៅកោះតៃវ៉ាន់បណ្តើរៗហើយ ប៉ុន្តែផែនការនេះត្រូវបានជំទាស់​ដោយមេដឹកនាំតៃវ៉ាន់។

ជាមួយនឹងដំណើរទស្សនកិច្ច ដែលបានព្រាងទុករបស់លោកស្រីNancy Pelosi បាននិងកំពុងធ្វើឲ្យមហាយក្សចិន បានបាញ់ផ្លោងគ្រាប់ពិតជាច្រើន សំដៅទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ជាការកំញើញមួយសម្រាប់មេដឹកនាំកោះនេះ ដែលត្រូវបានគេប្រសិទ្ឋនាមថា “ជាស្រ្តីចិត្តដែក” ប៉ុន្តែយ៉ាងណាក៏ដោយ ស្ថានការណ៍មកទល់ពេលនេះ អ្វីៗមិនទាន់ប្រាកដប្រជានៅឡើយ ខណៈដែលប្រជាជនតៃវ៉ាន់ជាច្រើន បានចេញមុខធ្វើបាតុកម្មទាមទា​រឲ្យមេដឹកនាំរដ្ឋសភាអាមេរិក លុបចោលដំណើរទស្សនកិច្ចរបស់ខ្លួន។

ហេតុនេះការសម្រេចចិត្តរបស់ចិន នៅពេលនេះមានសារៈសំខាន់ណាស់ ដោយឈរលើទិដ្ឋភាពមួយចំនួន ទី១ ការសម្រេចចិត្តយកកោះតៃវ៉ាន់មកវិញ ជាការរក្សានូវកិត្យានុភាពរបស់ខ្លួនផង ក្នុងការបង្ហាញពីអំណាចរបស់ខ្លួនផង ទី២ ជាការបង្ហាញទៅសម្ព័ន្ឋមិត្តរបស់ខ្លួនថា ចិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារះអធិបតេយ្យភាពរបស់ខ្លួន និងសម្ព័ន្ឋមិត្តរបស់ខ្លួន ទី៣ ជាការបង្ហាញថា ចិនមិនអាចអត់ធ្មត់ឲ្យគេ “ខោកក្បាលឬប្រមាទម្តងហើយម្តងទៀត? ឬចិនប្រើយុទ្ឋសាស្រ្តរបស់លោកសឺ ម៉ាអ៉ី? សុខចិត្តឲ្យគេប្រមាទ ប៉ុន្តឈ្នះនៅពេលក្រោយ?។

ការសម្រេចចិត្តរបស់មេដឹកនាំតៃវ៉ាន់នាពេលនេះ មិនខុសគ្នាប៉ុន្មាននឹងមេដឹកនាំអ៊ុយ ក្រែន ដែលប្រធានាធិបតីប្រទេសប្រស៊ីលថា “ប្រជាជនអ៊ុយ​ក្រែនជាង៤០លាននាក់ ផ្ញើរវាសនាលើអ្នកកំប្លែងម្នាក់”នោះទេ។

ស្របពេលជាមួយគ្នានេះ តើមេដឹកនាំចិនសម្រេចចិត្តហើយឬនៅ? ឬអត់ធ្មត់បន្តទៀត ដោយរកវិធីសាស្រ្តចាំក្រសោបយកទឹកដីនេះ ត្រលប់មកវិញដោយគ្មានការបង្ហូរឈាម?៕

LEAVE A REPLY

Please enter your comment!
Please enter your name here