ដំណើរឆ្ពោះទៅស៊ីហ្គេមៈកម្ពុជាទទួលបានជោគជ័យលើការចេញវិញ្ញាសារប្រកួត និងលក់សិទ្ឋផ្សាយបន្តផ្ទាល់

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ វានឹងជាព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបមួយសំរាប់កម្ពុជា នៅពេលប្រទេសនេះបានទទួលសិទ្ឋ ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខ។

មន្រ្តី​ជំនាញ​របស់​គណៈ​កម្មាធិការ​ជាតិ ​រៀបចំ​ការ​ប្រកួត​កីឡា ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បាន​អះអាង​ថា កម្ពុជា ទទួល​បានជោគ​ជ័យ​បន្ថែម​ទៀត ទៅលើ​ការ​កំណត់​វិញ្ញាសារ ដែល​ត្រូវបាន​ដាក់​ឱ្យប្រកួត​ក្នុងស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​ការ​លក់សិទ្ធិ​ទូរទ​ស្សន៍ ក៏​កម្ពុជាទទួលបាន​ការគាំ​ទ្រ​បន្ថែម ​ពី​តំណាង​ប្រទេស​ទាំង​អស់​នៅ​អាស៊ាន​ផង​ដែរ​។

ជា​ប្រធានប្រតិភូ​កម្ពុជា ដែល​បាន​ទៅចូលរួម​ក្នុង​កិច្ច​ប្រជុំ​​​ក្របខ័ណ្ឌ​លេខាធិការ​ដ្ឋាន​នៃ​សហ​ព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅទី​ក្រុងបាងកក ប្រទេស​ថៃ កាលពីសប្តាហ៍មុន លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា យើងបានបង្ហាញ​ទៅគ្រប់​ប្រទេស អំពី​ការ​ត្រៀម​ប្រភេទ​​វិញ្ញាសា​​ជាង​​៦០០ ហើយ​ក្នុងវិញ្ញា​សា​ទាំង​អស់​ហ្នឹង មានការ​ជជែក​វែកញែក​គ្នា ដោយ​​វិញ្ញាសា​​ភាគ​ច្រើន បាន​ទទួលការគាំទ្រ​ពីបណ្ដាប្រ​ទេសទាំង​អស់ គឺ​នៅ​មាន​វិញ្ញាសា​​តិច​តួច​ទេ ដែ​ល​គេ​ស្នើសុំ​ឱ្យ​យើង​មាន​ការ​ពិចារ​ណាឡើ​ងវិញ​។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា “ក្នុង​នាម​ជាម្ចាស់​ផ្ទះ យើងបាន​យក​សំណូមពរ​របស់​គេ ​មក​ធ្វើ​ការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ​មួយ​ចំនួន​របស់​យើង​ឡើង​វិញ​”។ លោកបន្តថា “​នេះជា​អ្វីដែល​យើង​បានខិតខំ​ប្រឹង​ប្រែង ដើម្បី​ធ្វើការ​តស៊ូ​មតិ​បន្ដ តែ​វឌ្ឍន​ភាព​របស់​យើង បាន​ដើរ​ទៅមុខ​យ៉ាង​រលូន ព្រោះ​យើង​បាន​សុំឱ្យ​ប្រទេសទាំ​ងអស់ គាំទ្រ​កម្ពុជានិង​​ជួយ​​កម្ពុជា ឱ្យ​ធ្វើការ​ប្រកួត​ទទួល​បាន​ជោគជ័យ”។

ប្រទេសទាំ​ងអស់ បាន​សន្យា​នឹង​ជួយ​ដល់​កម្ពុជា ដែល​ខិត​ខំប្រឹង​ប្រែង ក្នុងការ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម លើកដំបូង​នេះ ឱ្យ​បាន​ជោ​គ​ជ័យ។

សម្រាប់​​វិញ្ញាសាជាង​ ៦០០ ដែលបាន​កំណត់​នេះ គឺ​ផ្តោត​ការ​ប្រកួត​ប្រជែង​​​នៅលើ​​ប្រភេទ​វិញ្ញាសា​ចំនួន​៣៩ និង​​កីឡាសម្ដែង១ប្រភេទ ដែល​ត្រូវបាន​សម្រេចដាក់​ក្នុង​ស៊ីហ្គេម ឆ្នាំ ២០២៣។

នៅក្នុងកិច្ច​ប្រជុំ​​​ក្របខ័ណ្ឌ​លេខាធិការ​ដ្ឋាន​ នៃ​សហ​ព័ន្ធ​កីឡាស៊ីហ្គេម អង្គប្រជុំ​របស់អាស៊ាន ក៏​បាន​ពិភាក្សា​បន្ថែម​​លើ​ការ​រៀបចំ ​ឱ្យ​មាន​ការ​លក់​សិទ្ធិ​ទូរ​ទស្សន៍ ក្រោម​គំនិ​តផ្ដួច​ផ្ដើម​ដំបូង​គេ​របស់​កម្ពុជានៅស៊ីហ្គេម ឆ្នាំ​ ២០២៣ ហើយ​គំនិតនេះ​​​ ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក ​ដោយគេ​​បាន​ចាត់​ទុក​​ថា “ជា​របត់ថ្មី ដើម្បី​ជាគំរូ​សម្រាប់​ស៊ីហ្គេម ជា​បន្ត​បន្ទាប់​ទៀត”។

លោកវ៉ាត់ ចំរើន បាន​បញ្ជាក់ថា ការ​រៀបចំ​ឱ្យ​មាន​ការ​លក់​សិទ្ធិ​ទូរទ​ ស្សន៍​នេះ ត្រូវ​បាន​ប្រទេស​ទាំង​អស់ចាត់​ទុក​ថា ជារបត់​នៃការ​ផ្លាស់​ប្ដូរមួយ​ដ៏សំខាន់ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ស៊ីហ្គេម ព្រោះ​មាន​តែ​កម្ពុជា​ទេ ដែល​អាច​ធ្វើជា​គំរូ ក្នុង​ការលក់​សិទ្ធិ​ទូរទស្សន៍​នេះ ដើម្បី​ឱ្យ​ស៊ីហ្គេម​បន្ដៗ​ទៀត យក​ជាមេ​រៀន បទ​ពិសោធន៍ ទាំងការ​ផលិត​ឱ្យ​មាន​គុណភាព និង​ការ​ផ្ដល់​នូវ​តម្លាភាព ក្នុង​​ការ​ចែក​រំលែក​ភាគ​លាភ នៃការ​លក់​សិទ្ធិ​ទូរទ​ស្សន៍ ចំពោះ​ស៊ីហ្គេម​នៅ​​កម្ពុជា​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here