ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ធនាគារវិនិយោគអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ និងគ្រោងវិនិយោគ លើគម្រោងវិនិយោគបៃតងនៅកម្ពុជា ក្នុងគោលដៅលើកកម្ពស់វិស័យសេដ្ឋកិច្ចបៃតង ការការពារតំបន់ធម្មជាតិ ការវិនិយោគលើថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាបៃតងជាដើម។
ចំណាប់អារម្មណ៍នេះ បង្ហើបឱ្យដឹង នាឱកាសជំនួបពិភាក្សារវាងក្រសួងបរិស្ថាន និងគណៈប្រតិភូធនាគារវិនិយោគអឺរ៉ុប នៅទីស្តីការក្រសួងបរិស្ថាននៅថ្ងៃទី ១១ ខែកញ្ញាកន្លងមកនេះ។
-->
ព៌តមានដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងគណៈប្រតិភូធនាគារវិនិយោគអឺរ៉ុប (European Investment Bank) ដឹកនាំដោយលោក Kris Peeters ជាអនុប្រធាន និងលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោកKris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុបបានគូសបញ្ជាក់ពីគម្រោងពង្រីកការវិនិយោគនៅកម្ពុជា ដោយលោកបានលើកឡើងពីចំណាប់អារម្មណ៍លើការវិនិយោគបៃតង និងការប្រឹក្សាយោបល់បន្ថែម ដើម្បីទទួលកម្ចី និងហិរញ្ញទានបៃតង បន្ទាប់ពីភាពជោគជ័យកន្លងមកលើកិច្ចសហប្រតិបត្តិការលើគម្រោងនានា ដែលមានទំហំទឹកប្រាក់សរុប២៤០ លានអឺរ៉ូ។
ជាមួយគ្នានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានឆ្លើយតបទៅភាគីធនាគារវិនិយោគអឺរ៉ុប ដោយបានលើកឡើងពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថានជាមួយធនាគារវិនិយោគអឺរ៉ុប លើគម្រោងអាទិភាពមួយចំនួនដូចជា ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានបៃតង តាមរយៈការទិញផលិតផលសហគមន៍នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ការជួយស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ការទិញឥណទានកាបូន ការវិនិយោគលើថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាបៃតង។
បន្ថែមពីនេះ លោក សាយ សំអាល់ បង្ហាញពីគម្រោងរបស់រដ្ឋាភិបាលក្នុងការរៀបចំភូមិរុនតាឯកឱ្យក្លាយភូមិធម្មជាតិគំរូ ជម្រាបដល់គណៈប្រតិភូធនាគារវិនិយោគអឺរ៉ុបផងដែរ។

គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍបៃតងរបស់កម្ពុជា បានកំណត់និយមន័យ ការវិនិយោគបៃតង ដូច្នេះថា “វិនិយោគបៃតង សំដៅដល់គម្រោង ឬសកម្មភាពវិនិយោគលើការអភិវឌ្ឍបៃតង ដោយផ្តោតលើបច្ចេកវិទ្យាបៃតង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បរិស្ថានបៃតង និងធនធានធម្មជាតិ ធនធានទឹកនិងអនាម័យ សន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តរភាព គមនាគមន៍ ឧស្សាហកម្ម និងថាមពល និងទេសចរណ៍បៃតង”។
ក្រៅពីបញ្ហាវិនិយោគ និងបរិស្ថាន ភាគីក្រសួងបរិស្ថាន តាមរយៈលោក សាយ សំអាល់ បានលើកឡើងពីភាពជោគជ័យរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិកូវីដ ១៩ ព្រមទាំងអះអាងប្រាប់ធនាគារវិនិយោគអឺរ៉ុបថា កម្ពុជាឈានដល់ការអភិវឌ្ឍលើគ្រប់វិស័យ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្លួនជាង ៥០០ ឆ្នាំមកហើយ។

ធនាគារវិនិយោគអឺរ៉ុបបានផ្ដល់ការគាំទ្រ យ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ នៅអំឡុងពេលនេះ ធនាគារវិនិយោគអឺរ៉ុបបានដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ២៤០លានអឺរ៉ូ ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាត ដែលអាចទទួលទានបាននៅរាជធានីភ្នំពេញ និងការស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅតាមទីជនបទជាដើម៕