ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ គំរោងលំនៅដ្ឋាននិងមជ្ឈមណ្ឌលពាណិជ្ជកម្មផាកវេ អ៊ីនវេសមិនបានចាប់ផ្តើមសម្ភោធជាផ្លូវការ ការិយាល័យតាំងបង្ហាញអគារ គំរូខុនដូដ៏ទំនើបដែលមិនធ្លាប់មានពីមុន។
នាយកប្រតិបត្តិនៃក្រុមហ៊ុន ផាកវេ អ៊ិនវេសម៉ិន លោក សួ សុខថេង បានឲ្យដឹងក្នុងពិធីបើកការិយាល័យលក់គំរោងខុនដូខាងលើ នាព្រឹកថ្ងៃទី១៨ ខែវិចិ្ឆកា នេះថា គម្រោងអភិវឌ្ឍន៍នេះ មានអគារចំនួន៣ ដោយអគារទីមួយមាន ២៩ជាន់ អគារទីពីរមាន២៥ជាន់ និងអគារទី៣មានរហូតដល់៣៥ជាន់។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ មានរួមបញ្ចូលនូវខុនដូចំនួន១៥០០យូនីត ដែលមានទំហំចាប់ពី ៤៥ម៉ែត្រការ៉េ ដល់ ១៣៥ម៉ែត្រការ៉េ។លោកបន្តថា ការវិនិយោគរបស់ក្រុមហ៊ុនលើគំរោងខុនដូទាំងនេះ មិនមែនសម្រាប់រយៈពេលខ្លីនោះទេ ប៉ុន្តែក្រុមហ៊ុនធ្វើការវិនិយោគសម្រាប់រយៈពេលវែង ដោយបានសម្លឹងឃើញអំពីកំណើនយ៉ាងឆាប់រហ័ស នៃប្រជាជនថ្នាក់កណ្តាលរួមជាមួយ និងប្រាក់ចំណូលរបស់ពួកគេដែលកើនឡើងផងដែរ។
-->

លោកបន្តថា “គំរោងនេះមានបំណងផ្លាស់ប្តូរនូវរបៀបរស់នៅប្រចាំថ្ងៃអោយកាន់តែមានភាពប្រសើរឡើង និងប្រកបដោយផាសុកភាព។ លោកបន្តថា “ក្រុមហ៊ុនជឿជាក់ថាចំនួនអ្នករស់នៅក្នុងរាជធានីភ្នំពេញ នឹងកាន់តែមានចំនួនច្រើនឡើងៗ ហើយពួកគេនឹងជ្រើសរើសលំនៅស្ថានដែលនៅជិតទីក្រុង ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរការកកស្ទះចរាចរ និងកាត់បន្ថយឧបទ្ទវហេតុនៅតាមផ្លូវ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រី្តក្រសួងមហាផ្ទៃបានថ្លែងថា នេះជាសមិទ្ធផលថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ លើទីផ្សារវិស័យអចលនវត្ថុនៅកម្ពុជា ដែលជាវិស័យដែលកំពុងពង្រីកខ្លួន និងបានបោះជំហានទៅមុខយ៉ាងឆាប់រហ័សការវិនិយោគដ៏កើនឡើង នៃគម្រោងអចលនវត្ថុរបស់ក្រុមហ៊ុន គឺជាការឆ្លើយតបដ៏សមស្រប ទៅនឹងសភាពវិវត្តន៍ និងសេដ្ឋកិច្ច និងជាកត្តារួមចំណែក ធ្វើឲ្យប្រជាពលរដ្ឋមានជំរើសកាន់តែច្រើនឡើង ក្នុងការទទួលបាននូវលំឋានរស់នៅប្រកបដោយគុណភាព បរិយាកាសល្អ សោភ័ណភាព សុខមាលភាព ជាមួយនឹងតម្លៃកាន់តែប្រកួតប្រជែង ជាពិសេសឆ្លើយតបទៅនឹងកំនើនតម្រូវការនៃប្រណិតភាព សម្រាប់ការរស់នៅតាមបែបទាន់សម័យនាពេលបច្ចុប្បន្ននេះ។

សម្តេចក្រឡាហោមបន្តថា តាមការប៉ាន់ស្មានក្នុងឆ្នាំ ២០១៧នេះ ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗ នឹងកើនឡើងរហូតដល់ ១៤៣១ដុល្លារសហរដ្ឋអាមេរិក ដែលនឹងក្លាយទៅជាកម្លាំងចលករមួយ ដ៏សំខាន់ថែមទៀតក្នុងការជំរុញ ដល់ការរីកចំរើនវិស័យសំណង់ និងអចលនវត្ថុនៅកម្ពុជា ។ ការរីកចម្រើននៃវិស័យសំណង់ និងអចលនវត្ថុ បានពឹងផ្អែកមួយផ្នែកធំ ទៅលើវិស័យឯកជន ក្នុងការអនុវត្តន៍នូវគម្រោងវិនិយោគរបស់ខ្លួន ដោយរដ្ឋដើរតួនាទីសម្របសម្រួល តម្រង់ទិស និងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីធានាដល់ដំណើរការអភិវឌ្ឍន៍ប្រកបដោចីរភាព។
សម្តេចបានបន្តទៀតថា “ដើម្បីពង្រឹងវិស័យអចលនវត្ថុនៅកម្ពុជា ឲ្យកាន់តែរឹងម៉ាំថែមទៀតនោះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់រៀបចំ កសាងនឹងកែសម្រួលច្បាប់ នីតិវិធី ព្រមទាំងបទបញ្ញាតិ្តពាក់ព័ន្ធផ្សេងៗ ដើម្បីធានានូវនិរន្តរភាព លើវិស័យនេះ នឹងឲ្យស្របតាមបរិបទ នឹងសេដ្ឋកិច្ច និងសកលលោក”៕