ដោយ៖ សុផារី
សៀមរាប៖ ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាមួយមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” បានផ្តោតអាទិភាពលើការធានាឱ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យទាំងអស់ ជាពិសេស ពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញការគាំទ្រ និងជឿជាក់ថា បានកំណត់គោលដៅយុទ្ធសាស្រ្តចំនួន៤ នៅក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន ទី១ ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទី២ ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ទី៣ ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងការប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និងទី៤ អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ។
-->
សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (Opening Ceremony of the 54th ASEAN Economic Ministers’ (AEM) Meeting and Related Meetings) ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា នៅខេត្តសៀមរាប។
សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងពេលដែលពិភពលោកកំពុងតែប្រឈមឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានការច្បាប់ គោលការណ៍សកលភាវូបនីកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ការតភា្ជប់ និងភ័ស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល កិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត ការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្តេចបានផ្តល់ជាអនុសាសន៍ថា ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតសំខាន់ការគិតគូលើយុទ្ធសាស្រ្តបញ្ហាថ្មីៗ រួមមាន ការវិវត្តរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល ការកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា ការលើកកម្ពស់សេដ្ឋកិច្ចបៃត ការការពារពលករចំណាកស្រុក ការអភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមជាដើម។
លើសពីនេះទៀត សម្តេចបានសង្កត់ធ្ងន់ថា អាស៊ានគួរតែបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈ ការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន និងអាស៊ានបូក១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) ដែលបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២៕