ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល ដែលបណ្តាល់ឱ្យមានអតិផរណាខ្ពស់ក្នុងតំបន់។
ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីជាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការកើនឡើងនៃសេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យមានអតិផរណាខ្ពស់ ស្របពេលដែលការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ពីសំណាក់ធនាគារកណ្ដាល នៃបណ្តាប្រទេសជាច្រើន បានដាក់សម្ពាធ បន្ថែមមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសកល។
សម្តេចតេជោបន្តថា ជាមួយគ្នាដែរ ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅផែនដី និងគ្រោះធម្មជាតិ ក៏បាននិងកំពុងលេចរូបរាងកាន់តែច្បាស់ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះអាចបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងការធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភនៃខ្សែច្រវាក់តម្លៃ និងផលិតភាពសកល។
សម្តេចតេជោបានលើកឡើងជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន៤ ជូនរដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណា និងផ្តល់ការគាំទ្រ ដូចខាងក្រោម៖
១. ជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្ដាប្រទេសអាស៊ាន ដោយត្រូវពន្លឿនបន្ថែមការងារសំខាន់ៗ ដែលនៅសេសសល់ ទាំងការងារបច្ចេកទេស និងការរៀបចំបទប្បញ្ញត្តិផ្សេងៗ ដើម្បីឆ្ពោះទៅរកការធ្វើសុខដុម នីយកម្មក្របខណ្ឌបញ្ញត្តិកម្ម និងស្តង់ដារបច្ចេកទេស និងសម្រេចឱ្យបាននូវការតភ្ជាប់ថាមពលអគ្គិសនីក្នុងតំបន់។
២. ជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិថាមពលស្អាត កិច្ចការពារ បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានជាអតិបរមា តាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងឈានទៅរកអព្យាក្រឹត្យភាពកាបូន។
៣. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនពាណិជ្ជកម្មថាមពល អគ្គិសនី បង្កើនភាពចម្រុះនៃប្រភពថាមពល និងភាពបំពេញឱ្យគ្នាទៅវិញទៅមក ផ្លាស់ប្ដូរពិសោធន៍ ចែករំលែកបច្ចេកវិទ្យាថ្មី និងបង្កើនប្រភពហិរញ្ញប្បទាន។
៤. ចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ថាមពលអាស៊ាន ឆ្នាំ២០២១-២០២៥ ដូចដែលបានកំណត់។
នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងនាមជាប្រធាននៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងបន្តចូលរួមចំណែកបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងជំរុញការចូលរួមបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរកាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕