រដ្ឋាភិបាលនឹងរៀបចំពិធីបិទ បើកកីឡាស៊ីហ្គេមសាកល្បងនៅចុងឆ្នាំនេះ

0

   ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) បានសម្រេច​យក​ពិធី​បើក​-​បិទ ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ នៅចុងឆ្នាំ​២០២២​នេះ។

ពិធីនេះ នឹងធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ហើយ​កម្ពុជាបាន​យក​ពិធី​នេះ ធ្វើជា​ការសាកល្បង​ចុងក្រោយ​ដ៏​សំខាន់​មួយ សម្រាប់​ការឈាន​ទៅ​រៀបចំ​ពិធី​បើក​-​បិទ ជា​ប្រវត្តិសាស្ត្រ នៅពេល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ ​២០២៣​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោកថោង ខុន ជា​អនុប្រធាន​អចិ ន្ត្រៃយ៍នៃគណកម្មាធិការអូឡាំពិកកម្ពុជា (CAMSOC) បាន​បើក​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ទីលាន និង​គណៈកម្មការ​ស្នាក់​នៅ ហូបចុក និង​ដឹកជញ្ជូន កាលពីចុងសប្តាហ៍មុន ដើម្បី​ធ្វើការ​ពិភាក្សា​ការងារ និង​ពិនិត្យមើល ទៅលើ​វេទិកា​គណៈអធិបតី តើ​ត្រូវ​រៀបចំ​របៀប​ណា ឱ្យមាន​សភាព​ត្រឹមត្រូវ តាម​កន្លែង​អង្គុយ​នីមួយៗ ដើម្បីឱ្យ​គណៈអធិបតី​ងាយស្រួល​ទស្សនា​។​

អង្គប្រជុំ ក៏បាន​និយាយ​ផ្តោតទៅលើ ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ នៅក្នុង​ពហុ​កីឡដ្ឋាន ដែល​ត្រូវ​ពិនិត្យមើល​ពី​ប្រព័ន្ធ​សុវត្ថិភាព សន្តិសុខ​ស​ណ្ឋា​ប់​ធ្នាប់ ជាពិសេស​ការកសាង​ភូមិ​កីឡា ដោយ​អង្គប្រជុំ បាន​វាយតម្លៃ​ជារួម​ថា មាន​ភាព​វិជ្ជមាន​ច្រើន ព្រមទាំង​បានសម្រេច​យក​ផែនការB គឺ​ការជ្រើសរើស​យក​ចំនួន​គ្រែ ឬ​មនុស្ស​ត្រឹម​៣៧០០​នាក់ ដើម្បីឱ្យ​ស្នាក់នៅ​ក្នុងភូមិ​កីឡា​នេះ ពេល​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

លោកវ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ថា​ ​ចំពោះ​ផែនការA ដែល​យើង​ជ្រើស​រើសយក​ជាង​៤​ពាន់​គ្រែឬ​នាក់ ដើម្បី​ស្នាក់នៅ​ក្នុងភូមិ​កីឡា​នេះ អាច​មិន​សម្រេចបាន។ អ៊ីចឹង​យើង​សម្រេចយក​ផែនការB ជា​គោល ព្រោះ​ចំនួន​៣៧០០​នាក់​នេះ អាច​គ្រប់គ្រាន់ សម្រាប់​ដំណើរការ​ឆ្លាស់គ្នា នៅក្នុង​ចំណោម​ប្រតិភូ​កីឡា​ប្រមាណ​ជាង​៩​ពាន់​នាក់ គឺអាច​ចេញចូល​បាន។​

​ការរៀបចំ​ពិធី​បើក​-​បិទ​កីឡា​ជាតិ សាកល្បងនឹងធ្វើឡើង នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​៣០ ខែវិច្ឆិកា ខាងមុខនេះ ជា​ពេលដែល​គណៈកម្មការ​ជំនាញ​នីមួយៗ​របស់ CAMSOC ត្រូវអនុវត្ត​ផ្ទាល់ ដើម្បី​ជាការ​សាកល្បង មុនពេល​ស៊ី​ហ្គេម ឆ្នាំ​២០២៣ មកដល់​។​

លោកវ៉ា​ត់ ចំរើន បាន​បន្ថែមថា​ ​“យើង​នឹង​រៀបចំ​ពិធី​បើក​-​បិទ​កីឡា​ជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ ហើយ​នៅក្នុង​ពិធី​នេះ យើង​នឹង​រៀប​ចំ​មហាជន ឱ្យ​ចូលរួម​ទស្សនា ទៅតាម​ច្រក​នីមួយៗ​”។ លោកបញ្ជាក់​ថា “នេះ​ជាការ​រៀបចំ​សាកល្បង ដូច​ពេល​យើង​រៀបចំ​ពិធី​បើក​-​បិទ​ស៊ី​ហ្គេម អ៊ីចឹង​ដែរ ដូច្នេះ​នៅក្នុង​ស្ថានភាព​ដ៏​មមាញឹក​នេះ យើង​បាន​កំណត់ឱ្យ​ភាគី​ពាក់ព័ន្ធ ក្នុង​ការរៀប​ចំនេះ ជាពិសេស​គណៈកម្មការ​ជំនាញ​នីមួយៗ ត្រូវមាន​ម្ចាស់ការ លើ​ការរៀបចំ​របស់ខ្លួន”។

​ពិធី​បើក​-​បិទ​កីឡា​ជាតិ​នេះ ដើម្បី​សាកល្បង​ចរន្ត ទៅលើ​ការរៀបចំ​កន្លែង និង​ទីតាំង​អ្នកចូលរួម សាកល្បង​ពី​សុវត្ថិភាព សន្តិសុខ ស​ណ្ឋា​ប់​ធ្នាប់ និង​សាកល្បង​ការសម្តែង​តូច​មួយ ប៉ុន្តែ​ការសាកល្បង​ទាំងអស់នេះ ដើម្បីឱ្យ​យន្តការ​ប្រព័ន្ធ​ទាំងអស់ វា​ដើរហើយ​ពេល​មានការ​ខ្វះ​អី វា​ឆ្គង​អី គឺ​យើង​ត្រូវ​កែប្រែ​ចំណុច ​ខ្វះខាត​ទាំងអស់​ហ្នឹង​ឱ្យ​ហើយ តាម​ដែល​អាចធ្វើ​ទៅបាន ទម្រាំ​ពិធី​បើក​-​បិទផ្លូវ​ការ​របស់​ស៊ី​ហ្គេម មកដល់។

ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ CAMSOC ដោយមាន​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៀ បាញ់ ជា​ប្រធាន ក៏​នឹង​រៀបចំ​ឱ្យមាន មជ្ឈមណ្ឌល​ប្រតិបត្តិ​ការបញ្ជា​ការរួម​ ដែលមាន​ទីតាំងនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ​មរតក​តេ​ជោ​​ផ្ទាល់​តែម្តង ដើម្បី​ធ្វើការ​ពិនិត្យមើល ទៅលើ​ការងារ​ផ្សេងៗ ហើយ​មជ្ឈមណ្ឌល​នេះ នឹង​បង្កើតឱ្យមានចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ទៅ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here