ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងឱកាសអបអរសាទរទិវា ទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ក្រោមប្រធានបទ គិតគូរឡើងវិញពីទេសចរណ៍ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន៥ ដើម្បីជំរុញវិស័យនេះឱ្យរើបឡើងវិញជាបន្តបន្ទាប់។
អនុសាសន៍សម្ដេចទាំង៥ ដែលសម្ដេចបានផ្ដល់ក្នុងលិខិតអបអរសាទរនោះរួមមាន ទី១. ជំរុញពិពិធកម្មការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ គំនិតច្នៃប្រឌិត និងនុវានុវត្តន៍ ព្រមទាំងជំរុញពិពិធកម្ម ការផ្សព្វផ្សាយ តាមគ្រប់រូបភាពខណៈដែលថ្មីៗនេះ កម្ពុជាត្រូវបានទេសចរអន្តរជាតិ បោះឆ្នោតផ្ដល់មតិគាំទ្រ និងទទួលពានរង្វាន់ ពីអង្គភាពរង្វាន់ទេសចរណ៍ពិភពលោក ជាគោលដៅទេសចរណ៍វប្បធម៌នាំមុខក្នុងទ្វីបអាស៊ី ឆ្នាំ២០២២ និងគោលដៅទេសចរណ៍យុវជន នាំមុខក្នុងទ្វីបអាស៊ីឆ្នាំ២០២២ ។
-->
ទី២ ជំរុញការកសាងផែនការរួមគ្នា ការប្រើប្រាស់រួមគ្នា និងអភិបាលកិច្ចស៊ីសង្វាក់រួមគ្នា ដោយឈរលើអភិក្រម ពីក្រោមឡើងលើ នៅតាមគោលដៅទេសចរណ៍អាទិភាព ក្នុងនោះត្រូវពង្រឹងការរៀបចំយន្តការ គ្រប់គ្រងគោលដៅទេសចរណ៍ ដែលអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ពិសេសអនុញ្ញាតឱ្យអាជីវកម្មទេសចរណ៍ គ្រប់កម្រិតទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឱ្យមានការរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងដំណើរការអភិវឌ្ឍន៍ទេសចរណ៍ និងការបង្កើនភាពប្រកួតប្រជែងគោលដៅរបស់ខ្លួន ។
ទី៣ ផ្ដល់អាទិភាពដល់ការជំរុញឌីជីថលូបនីយកម្ម នៅក្នុងដំណើរការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពធន់ ចីរភាព គុណភាព និងឧត្តមភាពប្រកួតប្រជែង ចូលរួមគាំទ្រដល់ការកសាងសេដ្ឋកិច្ច សង្គមឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត សេដ្ឋកិច្ចចក្រា និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ។

ទី៤ ជាមួយនឹងការប្រែប្រួលដ៏ឆាប់រហ័ស នៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ ដែលបានធ្វើឱ្យប្រើប្រាស់លើទិដ្ឋភាព នៃទីផ្សារការងារសម្រាប់បុគ្គលិក ដោយក្នុងនោះតម្រូវការអ្នកជំនាញទេសចរណ៍ ដែលមានចំណេះដឹង និងជំនាញថ្មីៗ ដែលទាមទារឱ្យមានពង្រឹងការបណ្ដុះបណ្ដាលនិងតម្រង់ទិស ទាំងការពង្រឹងជំនាញដែលមានស្រាប់ និងបណ្ដុះបណ្ដាលជំនាញបន្ថែម ដើម្បីផ្ដល់លទ្ធភាពឱ្យកម្លាំងពលកម្ម ក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបត់បែនទៅតាមទិន្នាការទេសចរណ៍ ។
ទី៥ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមមានកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន អេកម៉ិក CLMV ( កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម) ក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ ក៏ដូចជា កិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក និងសហមន៍ទេសចរណ៍អន្តរជាតិ ជាច្រើនផ្សេងទៀត ដើម្បីទ្រទ្រង់ដល់ការជំរុញលំហូរទេសចរអន្តរជាតិមកកម្ពុជា ។
សម្ដេចបានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ច សង្គមដ៏ចម្បងមួយសម្រា់បកម្ពុជា គឺទាមទារឱ្យមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ទៅលើការធានាចីរភាពកំណើន នៃវិស័យដ៏មានសារសំខាន់នេះ។ ចំនុចនេះ ទាមទារចាំបាច់ឱ្យមានការបន្តគិតគូរលើការជំរុញពិពិធកម្ម គំនិតច្នៃប្រឌិត នវានុវត្តន៍ ដើម្បីធានាភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជានៅក្នុងកម្រិតតំបន់ និងសកលលោក៕