ដោយ: លាងហួរ
បាងកក: ក្រសួងហិរញ្ញវត្ថុបាននិយាយ កាលពីថ្ងៃអង្គារទី២៧ ខែកញ្ញាថា រដ្ឋាភិបាលថៃគ្រោងខ្ចីប្រាក់ថ្មី ប្រហែល២១,៦៤ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៣ ចាប់ពីថ្ងៃទី១ខែតុលា ដើម្បីផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា ខណៈដែលខ្លួនព្យាយាម ជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។
ក្រសួងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខ្ចីប្រាក់នេះគឺជាផ្នែកមួយ នៃផែនការគ្រប់គ្រងបំណុល កាន់តែទូលំទូលាយនៅក្នុងឆ្នាំសារពើពន្ធ ដែលរួមបញ្ចូលផងដែរនូវបំណុល ដែលមានស្រាប់ចំនួន១,៧៤ពាន់ពាន់លានបាត (៤៥,៩២ពាន់លានដុល្លារ) និងការសងបំណុលចំនួន៣៦០ពាន់លានបាត។
ផែនការបំណុលសរុប ដែលត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ក៏រួមបញ្ចូលផងដែរនូវការខ្ចីប្រាក់ថ្មី ចំនួន២៣៣ពាន់លានបាតដោយសហគ្រាសរដ្ឋ និងទីភ្នាក់ងាររដ្ឋាភិបាលដទៃទៀត។
ផែនការបំណុលឆ្នាំ២០២៣ ផ្តោតជាសំខាន់លើការជំរុញសេដ្ឋកិច្ចតាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃប្រេងពិភពលោក និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
រដ្ឋាភិបាលបានដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីជួយសម្រាលផលប៉ះពាល់នៃតម្លៃប្រេងខ្ពស់ និងតម្លៃរស់នៅខណៈអតិផរណាឡើង ដល់កម្រិតខ្ពស់ មិនធ្លាប់មានក្នុងរយៈពេល១៤ឆ្នាំកន្លងមក។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយថា សេដ្ឋកិច្ចថៃនឹងកើនឡើងពី៣ទៅ៣,៥ភាគរយនៅឆ្នាំនេះ។ រដ្ឋាភិបាលបានព្យាករណ៍ ពីឱនភាពថវិកាចំនួន៦៩៥ពាន់លានបាត(១៨,៣៤ពាន់លានដុល្លារ)សម្រាប់ឆ្នាំសារពើពន្ធ។
បំណុលត្រូវបានគេរំពឹងថា នឹងមានចំនួន៦០,៤៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប នៅចុងឆ្នាំសារពើពន្ធ នៅតែស្ថិតក្នុងដែនកំណត់ដែលបានអនុម័ត៧០ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕