ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានអះអាងថា តំបន់ភាគខាងជើងឈៀងខាងលិចក្រុងភ្នំពេញ ជាតំបន់មានការអភិវឌ្ឍន៍ខ្លាំងនាពេលអនាគត ដោយសារតំបន់នេះមានសក្តានុពលស្រដៀងគ្នានឹងតំបន់ភ្នំពេញថ្មីនាពេលបច្ចុប្បន្ននេះ។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ ធ្នូនេះថា តំបន់ភាគខាងជើងឈៀងខាងលិចក្រុងភ្នំពេញជាតំបន់អភិវឌ្ឍន៍ខ្លាំងនាពេលអនាគត ដោយសារបច្ចុប្បន្នមានបុរីជាច្រើនដូចជាបុរីពិភពថ្មី បុរីរ៉ាវ៉ាណា និងបុរីជាច្រើនទៀតបានវិនិយោគនៅតំបន់នេះ។លោកបន្តថា បច្ចុប្បន្នតម្លៃដីធ្លីនៅតំបន់នេះ មានភាពសមរម្យនៅឡើយ ដោយដីមានតម្លៃចន្លោះពី ១៤០ទៅ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា “យើងគិតថាតំបន់នេះនឹងមានការរីកចម្រើន និងតម្លៃដីធ្លីកើនឡើងខ្ពស់ដូចតំបន់ភ្នំពេញថ្មីនារយៈពេល៥ទៅ១០ឆ្នាំខាងមុខ។លោកបន្តថា “ខ្ញុំគិតថាធអ្នកមានលទ្ឋភាពគួរវិនិយោគនៅតំបន់នេះ ដោយសារវាជាតំបន់អភិវឌ្ឍន៍ថ្មី និងស្ថិតនៅមិនឆ្ងាយពីទីក្រុងនោះទេ។
លោកច្រឹក សុខនីមបានបន្តថា ដោយសារវាជាតំបន់ថ្មី និងមានដីនៅសល់ទំនេរខ្លះ ហេតុនេះរដ្ឋាភិបាលមានភាពងាយស្រួល ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋឲ្យបានទូលាយ ព្រោះហេដ្ឋារចនាសម្ព័ន្ឋធំទូលាយនឹងជួយធ្វើឲ្យតំបន់មួយមានការអភិវឌ្ឍលឿន និងផ្តល់ផាសុខភាពក្នុងការរស់នៅ។
ទាក់ទងបញ្ហាហេដ្ឋារចនាសម្ព័ន្ឋនេះផងដែរ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានលើកឡើងឲ្យដឹងផងដែរថា ហេដ្ឋារចនាសម្ព័ន្ឋមានសារៈសំខាន់ណាស់ ក្នុងការជួយធ្វើឲ្យតំបន់មួយ មិនត្រឹមតែផ្តល់ផាសុខភាពក្នុងការរស់នៅនោះទេ តែជួយធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះមានតម្លៃខ្ពស់ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកស្រីបន្តថា “ប្រជាពលរដ្ឋគួរទុកដីចំណីផ្លូវឲ្យបានធំ ដើម្បីសម្រួលដល់ការរស់នៅផង និងជួយធ្វើឲ្យតម្លៃអចលនទ្រព្យរបស់ខ្លួនបានថ្លៃខ្ពស់ផងដែរ”៕