អ្នកអភិវឌ្ឍន៍នៅតែមានសុទិដ្ឋិនិយមពីទីផ្សារលំនៅឋានភាគខាងត្បូង រាជធានីភ្នំពេញ

0

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទីផ្សារលំនៅឋាន នៅក្នុងតំបន់ប៉ែកខាងត្បូងភ្នំពេញ ត្រូវបានមើលឃើញថាថមថយបន្តិច ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈអ្នកស្វែងរកទិញលំនៅឋាន ទាំងសម្រាប់ស្នាក់នៅ និងវិនិយោគបន្ថយសកម្ម​ភាពរបស់ខ្លួន។

យ៉ាងណាក្ដីទីផ្សារមួយនេះ នឹងងើបឡើងវិញនៅពេលឆាប់ៗខាងមុខនេះវិញបន្ទាប់ពីទីផ្សារ និងសេដ្ឋកិច្ចបានប្រសើរឡើង។

លោកទឹម វណ្ណនី ស្ថាបនិកនិងជានាយកប្រតិបត្តិនៃបុរីបុស្បាដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងតាមទូរសព្ទឱ្យដឹងថា កាលពីដើមឆ្នាំ២០២២ ខាងបុរីយើងលក់បានជាហូរហែដោយមានអតិថិជន បានមកមើលគម្រោង និងកក់លុយទិញជាបន្តបន្ទាប់ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទីផ្សារលំនៅឋាននៃបុរីរបស់យើងបានថមថយបន្តិច ដោយមិនសូវមានអតិថិជនទិញច្រើន ដូចកាលពីដើមឆ្នាំនោះទេ ។

លោកបន្តថា “កត្តាដែលធ្វើឱ្យមានការថមថយនោះ អាចមកពីកត្តាសេដ្ឋកិច្ចសកល ប្រជាពលរដ្ឋដែលចង់វិនិយោគ និងទិញផ្ទះស្នាក់នៅ មានការរារែកបន្តិច ព្រោះពួកគាត់មិនទាន់សម្រេចចិត្តភ្លាម ដោយរង់ចាំមើលពីស្ថានភាពសេដ្ឋកិច្ច និងវិបត្តិសិន”។

យ៉ាងណាក្ដីលោកវណ្ណនី រំពឹងថាទីផ្សារនឹងវិលត្រលប់ទៅរកភាពវិញនិងមានការវិនិយោគលើលំនៅឋានឡើងវិញ ពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកយើង។

លោកទឹម វណ្ណនីបានបន្ថែមថា ទោះបីជាស្ថានភាពទីផ្សារលំនៅឋានមានការថមថយបន្តិចក៏ពិតមែន តែសម្រាប់គម្រោងអភិវឌ្ឍន៍របស់ខ្លួនមិនមានការបង្អង់ឬបន្ថយសកម្មភាពនោះទេ មានតែសម្រុកការអភិវឌ្ឍរបស់ខ្លួន ដើម្បីដើរទៅតាមផែនការរបស់ខ្លួន ដែលបានគ្រោងទុក ពីព្រោះយើងគិតថា ទីផ្សារលំនៅឋាននៅពេលឋាងមុខៗ នឹងងើបឡើងនិងមានតម្រូវការខ្ពស់ឡើងវិញ ។

ចំណែកអ្នកស្រីអាន សុធីតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា នៅប៉ែកខាងត្បូងមានការអភិវឌ្ឍលើលំនៅឋានច្រើន ជាពិសេសក្នុងខណ្ឌដង្កោ ដោយមានវិនិយោគិនក្នុងស្រុកជាច្រើន បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដោយសារតែតំបន់នេះជាទីតាំងដែលមានសក្ដានុពល សម្រាប់ការរស់នៅនិងពាណិជ្ជកម្ម ។

អ្នកស្រីបានបន្តថា “ការអភិវឌ្ឍគម្រោងច្រើនពេក ក៏អាចជាហានិភ័យក្នុងការលើសតម្រូវការដែរ ក្នុងស្ថានភាពបច្ចុប្បន្ន តែនៅពេលអនាគតតម្រូវការលើទីផ្សារនឹងអាចងើបឡើងវិញ ស្របនឹងកំណើនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ”។

ជាមួយគ្នានេះ លោកឧកញ៉ានួន រឹទ្ធីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFA ក៏បានលើកឡើងពីទីផ្សារលំនៅឋាន ក្នុងប្រទេសកម្ពុជាយើងផងដែរដោយបានផ្ដល់ជាមតិថា ក្នុងស្ថានភាពបែបនេះ ពលរដ្ឋដែលមានប្រាក់ចំណូលមិនថេរ ឬប្រាក់ចំណូលក្រោមមធ្យម មិនគួរវិនិយោគលើលំនៅឋាននោះទេ ពីព្រោះក្នុងស្ថានភាពបែបនេះជាស្ថានភាព ដែលងាយរកទិញតែពិបាកលក់ចេញវិញ។

លោកបន្តថា “ក្នុងស្ថានភាពបែបនេះដែរ អ្នកចង់វិនិយោគអចលនទ្រព្យ រឹតតែមិនគួរស្វះស្វែងរកឥណទានពីធនាគារ ឬហិរញ្ញវត្ថុមកទិញឬក៏វិនិយោគអចលនទ្រព្យនោះទេ  តែសម្រាប់អ្នកមានលុយមានទុនគ្រប់គ្រាន់អាចស្វែងរកដីធ្លី សម្រាប់ការវិនិយោគរបស់ខ្លួនវិញ ពីព្រោះថាដីអាចមានឱកាសបន្តឡើងថ្លែង និងអាចចំណេញជាផ្ទះ”៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here