គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៖ ក្តីសង្ឃឹមការអភិវឌ្ឍនៃខេត្តស្វាយរៀងនិងខេត្តឆ្លងកាត់

0

ដោយ៖ សុផារី

ស្វាយរៀង៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាគម្រោងផ្លូវល្បឿនលឿនទី២នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដែលទើបត្រូវដាក់ឱ្យដំណើរការកាលពីដើមខែតុលាកន្លងមក។ ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា ដែលនឹងនាំក្តីសង្ឃឹមនៃការអភិវឌ្ឍ ឱ្យហូរចូលមកកាន់ខេត្តជាប់ព្រំដែនមួយនេះ ព្រមទាំងខេត្តដែលឆ្លងកាត់។

 

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ប្រាប់ Property Area Asia កាលពីដើមសប្តាហ៍មុននេះថា តាមរយៈគម្រោងផ្លូវល្បឿនលឿននឹងនាំមកនូវវិនិយោគិនជាច្រើនមកកាន់ក្រុងបាវិត ក៏ដូចជាខេត្តស្វាយរៀងទាំងមូល។ ក្រៅពីនេះ គម្រោងនេះក៏នឹងជួយសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់ពីប្រទេសវៀតណាម ទៅកាន់ទីក្រុងភ្នំពេញ និងបណ្តាខេត្តឆ្លងកាត់ផ្សេងៗទៀតផងដែរ។

 

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតក៏នឹងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចខេត្តស្វាយរៀងឱ្យកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត។ លោកអភិបាលបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្ននេះ មានវិនិយោគិនជាច្រើនបាន និងកំពុងធ្វើការវិនិយោគលើគម្រោងរោងចក្រគ្រប់ប្រភេទ នៅតាមតំបន់សេដ្ឋកិច្ចពិសេស ដែលបានផ្តល់ការងារជូនប្រជាពលរដ្ឋជាច្រើន។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះថា គម្រោងផ្លូវល្បឿនលឿន នឹងធ្វើឱ្យការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយកាន់តែជិត រយៈវេលានៃការធ្វើដំណើរកាន់តែខ្លី ហើយទោះបីជាតំបន់សងខាងផ្លូវមិនអាចឱ្យឆ្លងកាត់ក្តី ប៉ុន្តែវានៅតែផ្តល់អត្តប្រយោជន៍ដល់វិស័យអចលនទ្រព្យរបស់ខេត្តគោលដៅ និងខេត្តឆ្លងកាត់ ជាពិសេសនៅតំបន់ផ្លូវច្រកចេញ (Exit way)។

 

លោកឧកញ៉ាបញ្ជាក់ថា សក្តានុពលខ្លាំងបំផុតនៃអចលនទ្រព្យ បានមកពីគម្រោងផ្លូវល្បឿនលឿន គឺកើនមានឡើងនៅត្រង់តំបន់ផ្លូវច្រកចេញ ដែលនឹងកើតមានជាទីប្រជុំជន ផ្សារលក់ដូរ ជាដើម ដែលនេះនឹងជំរុញតម្លៃដីធ្លី និងអចលនទ្រព្យនៅក្នុងតំបន់។

 

លោកឧកញ៉ាថា “សក្តានុពលនៃផ្លូវល្បឿនលឿន គឺនៅត្រង់ exit way នៅពេលមានផ្លូវចេញ នឹងកើតជាភូមិ កន្លែងលក់ដូរ តីប្រជុំជន នៅទីនេះ។​ ដូច្នេះ តម្លៃកើនឡើងនៃអចលនទ្រព្យ គឺនៅត្រង់ផ្លូវចេញ”។

 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២កន្លងមក បានសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយបានចាត់តាំង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាននិងលោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន។

 

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានបង្ហើបពីពេលវេលាក្នុងការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនខាងលើ ដោយលើកឡើងថា អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រដ្ឋាភិបាលបានចុះMOU ជាមួយក្រុមហ៊ុន China Road and Bridge Corporation (CRBC) រួចរាល់ហើយ ហើយគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្នុងខែវិច្ឆិកាខាងមុខ ដើម្បីអាចបើកការដ្ឋានឲ្យបាននៅពាក់កណ្ដាលឆ្នាំ២០២៣។

 

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុប១៣៥គីឡូម៉ែត្រ ចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here