ដោយៈ គង់ សូរិយា
ភ្នំពេញៈ បណ្តាប្រទេសនានាដែលកំពុងពឹងផ្អែកចិន បាននិងកំពុងសម្លឹង និងទន្ទឹងរង់ចាំមើលគោលនយោបាយសេដ្ឋកិច្ច ដែលនឹងដាក់ចេញដោយប្រធានាធិបតីចិនក្នុងសប្តាហ៍នេះ។
បញ្ហាឱនភាពសេដ្ឋកិច្ចប្រទេសចិន បានធ្វើឲ្យពិភពលោកព្រួយបារម្ភ ដោយសារប្រទេសនេះជាក្បាលម៉ាស៊ីនដ៏សំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែប្រទេសនេះបានដាក់ចេញ គោលនយោបាយមួយចំនួន ដែលបានធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ក្នុងឱនភាព ដែលគោលនយោបាយនោះរួមមាន ការដាក់ចេញបទបញ្ញត្តិភ្លាមៗលើវិស័យអចលនទ្រព្យ ដែលរដ្ឋចិនមិនអនុញ្ញាត្តឲ្យប្រជាពលរដ្ឋទិញផ្ទះលើសពីមួយ ដែលទីបំផុតបានធ្វើឲ្យក្រុមហ៊ុន អចលនទ្រព្យលំដាប់យក្សរបស់ចិន ជួបបញ្ហាភ្លាមៗ។
-->
ទី២ ការដាក់ចេញនូវគោលនយោបាយZero Covid19 ដែលបានធ្វើឲ្យប្រទេសរងគ្រោះ ដល់កំនើនសេដ្ឋកិច្ចរបស់ខ្លួន ទី៣ ការបិទមិនឲ្យមានលំហូរចេញមូលធន ក៏ជាផ្នែកសំខាន់ធ្វើឲ្យសេដ្ឋកិច្ចចិនមានបញ្ហាផងដែរ ទី៤ គោលនយោបាយប្រជានិយម ដោយកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រក្នុងសង្គមចិន ក៏បង្កឲ្យមានបញ្ហាដល់ក្រុមហ៊ុនធំៗមួយចំនួនផងដែរ។
អ្នកវិភាគពីស្ថានភាពនយោបាយ នៃប្រទេសចិនបានលើកឡើងថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្ស៊ី ជីនពីងបានធ្វើឲ្សសេដ្ឋកិច្ចចិនមួយរយៈចុងក្រោយនេះជួបបញ្ហា ដែលជាលទ្ឋផលបញ្ហាផ្ទៃក្នុងរបស់បក្សក៏មានភាពរង្គោះរង្គើរផងដែរ ដែលបញ្ហារដ្ឋប្រហារ និងការចាប់ខ្លួនមេដឹកនាំចិនគឺបានលេចឡើង។
អ្នកវិភាគរូបនោះបានបន្តថា “ការបិទប្រទេសពីបញ្ហាកូវីដ១៩ និងបញ្ហាមួយចំនួនទៀត គឺជាគោលនយោបាយរបស់ប្រធានាធិបតីហ្ស៊ី ជីនពីង ដើម្បីរំងាប់ការតវ៉ាពីសាធារណៈជនចិន ខណៈបញ្ហាគោលនយោបាយ និងនិន្នាការសកលកំពុងវាយលុកសង្គមចិន”។ អ្នកវិភាគដដែលបានបន្តថា “ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយរវាងចិន និងអាមេរិកបាននិងកំពុងធ្វើឲ្យចិនមានបញ្ហាផងដែរ ហេតុនេះការដាក់ចេញគោលនយោបាយជាតិនិយមឲ្យបានខ្លាំងជាងមុន ទំនងជាយុទ្ឋសាស្រ្តថ្មីមួយរបស់ប្រធានាធិបតីបច្ចុប្បន្ន ដែលគេរំពឹងលោកនឹងជាប់ការបោះឆ្នោត ជាប្រធានាធិបតីនាអាណត្តិថ្មី”។
ជាមួយនឹងបញ្ហានេះ ប្រទេសចិនពន្យារពេលការចេញផ្សាយ GDP និងទិន្នន័យសេដ្ឋកិច្ចចំពេលសមាជបក្សលើកទី២០។
ប្រទេសចិនបានពន្យារពេលភ្លាមៗ នូវការបោះពុម្ពទិន្នន័យសេដ្ឋកិច្ចសំខាន់ៗមួយថ្ងៃមុន ការចេញផ្សាយដែលបានកំណត់ ខណៈប្រទេសនេះកំពុងបើកសមាជបក្សលើកទី២០។
ការិយាល័យស្ថិតិជាតិរបស់ប្រទេសនេះ បានធ្វើបច្ចុប្បន្នភាពកាលវិភាគរបស់ខ្លួនកាលពីថ្ងៃចន្ទ ជាមួយនឹងកាលបរិច្ឆេទ សម្រាប់សូចនាករសេដ្ឋកិច្ចជាបន្តបន្ទាប់ រួមទាំងកំណើនផលិតផលក្នុងស្រុកសរុប ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់។
សូចនាករដែលបានគ្រោង នឹងចេញផ្សាយនៅថ្ងៃអង្គារនេះ ក៏រួមបញ្ចូលផងដែរនូវការលក់រាយប្រចាំត្រីមាស ផលិតកម្មឧស្សាហកម្ម និងអត្រាគ្មានការងារធ្វើប្រចាំខែ។ ចំណែកការិយាល័យស្ថិតិ មិនបានផ្តល់ហេតុផលសម្រាប់ការពន្យារពេល ឬកំណត់កាលបរិច្ឆេទបោះពុម្ពទិន្នន័យថ្មីនោះទេ។
ដោយឡែក អាជ្ញាធរគយរបស់ប្រទេសចិន ក៏បានពន្យារពេលការចេញផ្សាយទិន្នន័យពាណិជ្ជកម្មប្រចាំខែផងដែរ ដែលដំបូងឡើយគ្រោងនឹងចេញនៅថ្ងៃសុក្រ។
ការពន្យារពេលនៃការចេញផ្សាយទិន្នន័យ ស្របពេលនឹងសមាជជាតិលើកទីឋ២០ របស់បក្សកុម្មុយនិស្តចិន ក្នុងទីក្រុងប៉េកាំង ដែលលោកស៊ី ជីនពីង ត្រូវបានគេរំពឹងថាលោកនឹងកាន់តំណែង ជាប្រធានាធិបតីនៅអាណត្តិទី៣បន្ត។

អាទិភាពដែលបានបង្ហាញ នៅក្នុងសមាជបក្សនេះក៏នឹងកំណត់គន្លងរបស់ប្រទេសចិនយ៉ាងហោចណាស់ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
ការពន្យារពេលនេះបង្ហាញថា រដ្ឋាភិបាលជឿជាក់ថា សមាជបក្សលើកទី២០ គឺជារឿងសំខាន់បំផុត ដែលកើតឡើងនៅក្នុងប្រទេសចិននាពេលនេះ ហើយរដ្ឋាភិបាលចង់ជៀសវាង លំហូរព័ត៌មានផ្សេងទៀតដែលអាចបង្កើតសារចម្រុះកាន់តែច្រើន។ នេះបើតាមការលើកឡើងរបស់លោកស្រី Iris Pang ប្រធានសេដ្ឋវិទូប្រចាំប្រទេសចិន នៅក្រុមហ៊ុន ING Group។
មានប្រសាសន៍ក្នុងសមាជគណបក្សលើកទី២០ កាលពីថ្ងៃម្សិលម៉ិញនេះ ប្រធានាធិបតីចិន លោកស៊ី ជីនពីងកំណត់យកវិស័យធំ២ជាម៉ាស៊ីនកំណើនសេដ្ឋកិច្ចថ្មីសម្រាប់អនាគត។

ចំពេលមានភាពតានតឹងផ្នែកបច្ចេកវិទ្យា កាន់តែខ្លាំងឡើងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ប្រធានាធិបតីចិនស៊ី ជីនពីង បានផ្ញើសារគាំទ្រដល់វិស័យព័ត៌មានវិទ្យាIT បញ្ញាសិប្បនិមិត្ត (AI)និងវិស័យថាមពល ដោយកំណត់វិស័យទាំងនេះជាម៉ាស៊ីនថ្មី នៃកំណើនសេដ្ឋកិច្ចនាពេលអនាគត។
នៅក្នុងឯកសារដែលមានកម្រាស់៧២ទំព័រ ដែលបង្កើតជាមូលដ្ឋានសម្រាប់សុន្ទរកថា របស់លោកស៊ី ជីនពីង ទៅកាន់សមាជបក្សលើកទី២០កាលពីថ្ងៃអាទិត្យ លោកស៊ី ជីនពីងបាននិយាយថា ប្រទេសចិនត្រូវតែជំរុញការអភិវឌ្ឍន៍រួមបញ្ចូលគ្នានៃ “ឧស្សាហកម្មដែលកំពុងរីកចម្រើន ជាយុទ្ធសាស្រ្ត” និងបង្កើតម៉ាស៊ីនកំណើនសេដ្ឋកិច្ច ដែលរួមបញ្ចូលផងដែរនូវជីវបច្ចេកវិទ្យា សម្ភារ បរិក្ខារទំនើប និងផលិតផលបៃតង។
ខណៈពេលដែលមេដឹកនាំចិន មិនបានរៀបរាប់លម្អិតអំពីគោលនយោបាយគាំទ្រជាក់លាក់នោះ លោកស៊ីបានថ្លែងថា ប្រទេសចិននៅតែដើរលើផ្លូវដើម្បីលើកកម្ពស់ ប្រភេទថ្មីឧស្សាហូបនីយកម្ម ដើម្បីក្លាយជាប្រទេសដ៏មានឥទ្ធិពលមួយនៅក្នុង ការផលិតទំនិញគុណភាពខ្ពស់ ការរុករកអវកាស ការដឹកជញ្ជូន អ៊ីនធឺណែត និងឌីជីថលនីយកម្ម។
សារគាំទ្រនេះ បានកើតឡើងនៅពេល ដែលទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការទប់ស្កាត់ការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ប្រទេសចិន ដោយរដ្ឋបាលចូ បៃដិន បានដាក់ចេញនូវបទប្បញ្ញត្តិថ្មីកាលពីដើមខែតុលានេះ ដើម្បីកំណត់ការចូលប្រើប្រាស់របស់ប្រទេសចិនចំពោះបច្ចេកវិទ្យាបន្ទះឈីបកម្រិតខ្ពស់៕
