រដ្ឋាភិបាលត្រូវការថវិកាជាង៥.១០៦លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍គម្រោង១៨៩សម្រាប់រយៈពេល៣ឆ្នាំ

0

ដោយៈ សុផារី

ភ្នំពេញៈ ថវិកាជាង៥១០០លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលគ្រោងចំណាយសម្រាប់អភិវឌ្ឍន៍៍គំរោងចំនួន១៨៩ ក្នុងរយៈពេល៣ឆ្នាំ ដែលចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ខាងមុខ។

ព៌តមាននេះ ត្រូវបានលើកឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ តុលា២០២២នេះ ដែលសម្តេចបានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងបានបន្តពិភាក្សាលើរបៀបវរៈស្ដីពី សេចក្ដីព្រាងច្បាប់កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥ ក្នុងនោះ ក៏មានការកិច្ចពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពិនិត្យ និងកែសម្រួលឡើងវិញនូវការសន្យា ផ្ដល់ថវិកាជាតិពីកញ្ចប់ថវិកាជាតិ និងលទ្ធផលនៃកិច្ចពិភាក្សាផងដែរ។

លោកផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីចំនួនគម្រោង ដែលត្រូវវិនិយោគក្នុងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ដោយក្នុងចំណោមគម្រោង សរុបចំនួន៦៦៣គម្រោងនៃកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២៣ -២០២៥នេះមានចំនួន១៨៩គម្រោងជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនវិនិយោគចំនួន៥.១០៦លានដុល្លារអាមេរិក និងចំនួន៤៧៤គម្រោងជាគម្រោងសម្រាប់អនុវត្តក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលត្រូវការទុនវិនិយោគ៤.១១៥លានដុល្លារអាមេរិក ។

លោកស៊ីផានបានសរសេរ ក្នុងគណនីហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី២៨ តុលា២០២២នេះថា កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២៣-២០២៥ទៅតាមវិស័យ ដូចបានកំណតនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០២៣-២០២៥ រួមមាន៖

-១៣,៤ភាគរយនៃតម្រូវការ ចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គម។

-៤៣,៦ភាគរយនៃតម្រូវការចំណាយ វិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច។

-៣៧,៤ភាគរយ នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងនោក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ។

-៥,៦ភាគរយនៃតម្រូវការចំណាយវិនិយោគ សាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវា និងកម្មវិធីអន្តរវិស័យសេចក្ដីសន្និដ្ឋាន ។

លោកផៃ ស៊ីផានបានឱ្យដឹងថា ដោយឈរលើក្របខណ្ឌទស្សនរួមមួយ ដែលកំណត់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាន នៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងអាចធ្វើសេចក្ដីសន្និដ្ឋានជារួមបានថា ការធានាឱ្យមាននូវកម្មវិធីវិនិយោគសាធារណៈមួយ ដែលត្រូវរួមចំណែកកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជា ធ្វើជាឧបករណ៍ផ្នែកគោលនយោបាយ សម្រាប់ប្រែក្លាយគោលនយោបាយអាទិភាពជាតិ ឱ្យទៅជាការពិតជាក់ស្ដែងគឺប្រការចាំបាច់ នៅក្នុងដំណើរការនៃការរៀបចំគោលនយោ​បាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here