អត្ថបទវិភាគដោយលោកពុយ គា
ភ្នំពេញៈ វិបត្តិផ្ទៃក្នុងរបស់ប្រទេសភូមាជាងមួយឆ្នាំមកនេះ បានធ្វើឱ្យអាស៊ាន ពិបាកនៅក្នុងការសម្រេចចិត្ត រហូតនាំគ្នាគិតគូរទៅដល់អនាគតរបស់អាស៊ាន ដែលមានអាយុ៥៥ឆ្នាំនេះថា តើជាពេលវេលាដើរដល់ផ្លូវបំបែក ឬក៏ត្រូវបន្តដំណើរទៅមុខទៀតតាមរបៀបណា?។
ឆ្លើយតបនឹងសំណួរនេះ យើងត្រូវសិក្សាលើចំណុចមួយចំនួនខាងក្រោមនេះ ដូចជា ទី១ បន្តដើរទៅមុខដោយអនុញ្ញាត ត្រឹមតំណាងអ្នកមិនមែននយោបាយចូលរួម តែកិច្ចប្រជុំថ្នាក់កំពូល និងថ្នាក់រដ្ឋមន្រ្តីការបរទេស?ទី២ ឬបន្តរាលដាលមិនឱ្យចូលរួមប្រជុំ ដល់ថ្នាក់រដ្ឋមន្រ្តីនៃវិស័យផ្សេងៗទៀតទាំងអស់? ទី៣ ឬសូម្បីតែតំណាងមិនមែនជាអ្នកនយោបាយ ក៏លែងអនុញ្ញាតឱ្យចូលប្រជុំទាំងអស់ (de-facto suspension)?។
-->
ទី៤ បីចំណុចខាងលើសំដៅ តែទៅលើកិច្ចប្រជុំផ្ទៃក្នុងអាស៊ាន ចុះពេលមានកិច្ចប្រជុំអាស៊ានជាមួយដៃគូដទៃទៀត ដូចជា អាស៊ានជាមួយអាមេរិក អាស៊ានជាមួយជប៉ុន ឬជាមួយដៃគូ៨ប្រទេសទៀត ជាពិសេសកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក (ADMM Plus)?។
សំណួរទាំងបួននេះហើយ ដែលចាប់បង្ខំឱ្យរដ្ឋមន្រ្តីការបរទេសអាស៊ាន កោះប្រជុំជាបន្ទាន់មួយនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
កម្ពុជាតូច ប៉ុន្តែធំកម្ពុជាជាប្រទេសតូច ប្រជាជនតិច បែរជាជិះយន្តហោះ ទៅធ្វើជាប្រធានអង្គប្រជុំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាប្រទេសធំ និងប្រជាជនច្រើនជាងគេបង្អស់នៅអាស៊ានទៅវិញ។
ប្រជុំនិយាយពីភូមា តែគ្មានភូមាចូលរួមជារឿងថ្មី លើទឹកដីចាស់របស់ឥណ្ឌូនេស៊ី ដែលកាលពីខែមេសាឆ្នាំ២០២១ មេដឹកនាំអាស៊ានទាំង១០ រួមទាំងមេដឹកនាំរបបយោធាភូមា ម៉ីង អោងឡាំង ខ្លួនឯងផងបានឯកភាពជាឯកច្ឆន្ទលើ៥ចំណុច ក្នុងការសម្រួលដល់សភាពការណ៍ដ៏អាក្រក់នៅភូមា។
ជាងមួយឆ្នាំក្រោយមក ស្ថានការណ៍មិនបានវិវត្តល្អឡើយ ហើយសឹងតែយ៉ាប់ជាងមុនទៅទៀត ធ្វើឱ្យអាស៊ាន៩ មកជួបប្រជុំគ្នានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីតាំងដដែល (អគ្គលេខាធិការអាស៊ាននៅទីក្រុងហ្សាកាតា) ដើម្បីនិយាយពីបញ្ហាភូមាដដែលតែគ្មានវត្តមានភូមាឡើយ។
រដ្ឋមន្ត្រីការបរទេស១០ អវត្តមានចំនួន៣ប្រទេស ដែលបានចូលរួមប្រជុំមានតែ៧រូប រីឯ៣រូបទៀតអវត្តមាន៖ ភូមា (គ្មានអ្នកតំណាងឡើយ), ម៉ាឡេស៊ី (តំណាងដោយអគ្គលេខាធិការរងក្រសួងការបរទេស) រីឯវៀតណាម (តំណាងដោយឧត្តមមន្រ្តីស្តីទី)។
ហេតុអ្វីបានជារដ្ឋមន្រ្តីម៉ាឡេស៊ី និងវៀតណាមអវត្តមាន?
សម្រាប់ប្រទេសម៉ាឡេស៊ី មិនមានអ្វីគួរឆ្ងល់ទេ នោះក៏ព្រោះតែបញ្ហាផ្ទៃក្នុង ដែលកំពុងត្រៀមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី។
ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ គឺវៀតណាមទៅវិញទេ ដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនអវត្តមាន ហើយបញ្ជូនតែតំណាង ដែលមានឋានៈជាឧត្តមមន្រ្តីស្តីទី (Acting SOM Leader) — ហេតុអ្វី? ដោយសាររដ្ឋមន្ត្រីការបរទេស ជាប់អមដំណើរលោកអគ្គលេខាធិការបក្ស កុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីង្វៀន ភូជុង (Nguyen Phu Trong) ទៅទស្សនកិច្ចនៅប្រទេសចិន។
នរណាចង់ស្រាស់របង? អាស៊ានបានចែកជាពីរប៉ូល គឺអាស៊ានគោក និងអាស៊ានកោះ។
អាស៊ានកោះ មានឥណ្ឌូនេស៊ី និងសឹង្ហបុរីជាមេទ័ពជួរមុខ ដែលចង់លេងធម៌ក្តៅ ចង់ស្រាស់របងមិនឱ្យភូមាចូលរួមប្រជុំទាំងអស់ ដោយទាញហេតុផលថា “យើងមិនគួររក្សាទុកបញ្ហា ឱ្យនៅក្រោមកម្រាលព្រំតទៅទៀតទេ”។
ដោយឡែកព្រុយណេ ជាប្រទេសកោះមួយដែរ បានលើកជាយោបល់ថា ភូមាបច្ចុប្បន្នប្រៀបដូចជា “សេះឈឺ ខ្លាចទឹក” ដូចនេះគួរប្រើ “រំពាត់បែបណា” ដើម្បីបង្ខំសេះឈឺឱ្យផឹកទឹក?។

នរណាចង់រក្សារបងឱ្យនៅចំហ?
អាស៊ានគោកទាំងអស់ ដូចជា កម្ពុជា វៀតណាម ឡាវ និងថៃ សុទ្ធតែគិតចង់បន្តបើកទ្វារឱ្យភូមា ព្រោះខ្លាចអាស៊ានដែលបានរួមរស់ជាមួយគ្នាអស់រយៈពេល៥៥ឆ្នាំមកហើយ ក៏ស្រាប់តែលែងលះគ្នាភ្លាមៗ ហើយដែលនឹងធ្វើឱ្យបែកចាន បែកឆ្នាំង ដល់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ដែលអាស៊ានបានចងជាបាច់ ដើម្បីកំណើនសេដ្ឋកិច្ចតំបន់ដ៏ធំមួយ សម្រាប់ប្រជាជនជាង៦០០លាននាក់។
លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ត្រូវបានគេវាយតម្លៃខ្ពស់ ក្នុងនាមជាប្រធានអង្គប្រជុំ ដោយបានប្រើប្រាស់ការទូតដ៏ប៉ិនប្រសប់ និងដោយពុំមានភាពឆ្គាំឆ្គង ដើម្បីរក្សាជំហរដែលប្រធានអាស៊ានចង់បាន។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក ប្រាក់ សុខុន បានផ្ញើពាក្យមួយឃ្លាថា “យើងមិនអាចបិទភ្នែកធ្វើមិនដឹងមិនឮ រួចបន្តទុកឱ្យប្រជាជនស្លូតត្រង់របស់ភូមារងទុក្ខវេទនានោះទេ” (We simply cannot afford to kick the can down the road, and prolong the suffering of innocent people of Myanmar)។
ក្នុងន័យនេះ កម្ពុជាទទួលស្គាល់ភាពស្មុគស្មាញលំបាក ប៉ុន្តែក៏មិនគួរបោះបង់កិច្ចខិតខំប្រឹងប្រែងកន្លងមកនោះដែរ។
លោកប្រាក់ សុខុន ជាប្រមុខការទូតកម្ពុជាដ៏ឆ្នើម លើការប្រើប្រាស់ពាក្យពេចន៍ ឬនិយាយមួយបែបថា “ពូកែលេងពាក្យ”។
ខ្ញុំនៅចាំព្រឹត្តិការណ៍មួយ ពេលកម្ពុជារៀបចំពិធីលៀងសាយភោជន៍កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ មួយថ្ងៃមុនពេលរដ្ឋមន្រ្តីការបរទេសមកពី២៧ប្រទេស ត្រូវជួបពិភាក្សានូវប្រធានបទក្តៅៗជាច្រើន លើបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ជាមួយរុស្ស៊ី កោះតៃវ៉ាន់ជាមួយចិន និងបញ្ហានៅភូមាជាដើម។
ខ្ញុំយល់ថា លោក ប្រាក់ សុខុន ពិតជាបានដឹងជាមុនថា នឹងមានភាពតានតឹង និងក្តៅហួតហែង ដែលអាចពិបាកដល់លោក ដែលជាអ្នកសម្របសម្រួល និងសម្រេចក្នុងនាមជាប្រធានអង្គប្រជុំផង និងជាម្ចាស់ផ្ទះផង។
ពេលនោះលោក ប្រាក់ សុខុន បានប្រើពាក្យមួយឃ្លាគួរឱ្យទាក់ទាញដែលខ្ញុំសូមដកស្រង់សម្តីដើម “ខ្ញុំពិតជាសង្ឃឹមថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ ថ្លៃថ្នូរ ស៊ីវិល័យ ទំនួលខុសត្រូវ និងការទូត ដើម្បីធានាថា យើងអាចចូលរួម ក្នុងកិច្ចសន្ទនាប្រកបដោយផ្លែផ្កា និងប្រកបដោយផលិតភាព ដែលអំណោយផល ដល់ការស្វែងរកដំណោះស្រាយសមស្របមួយចំនួន ចំពោះវិបត្តិដែលយើងកំពុងជួបប្រទះ និងភាពខុសគ្នាដែលកំពុងបែងចែកយើងទាំងអស់គ្នា”។
សម្រាប់ខ្ញុំជាអ្នកតាមដានកិច្ចប្រជុំពីក្រៅឆាក ខ្ញុំពិតជាពេញចិត្តនឹងពាក្យ “ស្ងប់ស្ងាត់ ថ្លៃថ្នូរ ស៊ីវិល័យ” ដែលសឹងតែស្មើពាក្យថា “កុំឡូឡាច្រងេងច្រងាង ហើយនិយាយឱ្យសមជាថ្នាក់ដឹកនាំ ដែលមានចំណេះដឹងខ្ពង់ខ្ពស់”។
កិច្ចប្រជុំកន្លងមក ធ្លាប់មានជជែកតឹងសរសៃកដាក់គ្នាមិនតិចដងទេ។

តើកិច្ចប្រជុំបានលទ្ធផលអ្វី?
កិច្ចប្រជុំបានចំណាយពេលជាង៣ម៉ោង ដែលប្រទេសនីមួយៗសុទ្ធតែមានទស្សនៈ និងជំហររៀងៗខ្លួន។ តែជាសរុបមក អាស៊ាន៩យល់ស្របគ្នាថា របបយោធាភូមាអនុវត្តមិនបានពេញលេញ នូវកិច្ចសន្យារបស់ខ្លួន លើចំណុចឯកច្ឆន្ទ៥ចំណុចនោះឡើយ។
ត្រង់នេះហើយ ដែលធ្វើឱ្យប្រទេសមួយចំនួន ចង់បិទផ្លូវលែងឱ្យភូមាចូលរួមប្រជុំទាំងអស់ រហូតទាល់តែមានការផ្លាស់ប្តូរជាវិជ្ជមាន។ រីឯប្រទេសមួយក្រុមទៀត ជាមតិភាគច្រើនស្របជាមួយកម្ពុជាថា គួររក្សាឱ្យចូលប្រជុំកម្រិតតំណាង មិនមែនជាអ្នកនយោបាយ ត្រឹមតែកិច្ចប្រជុំកំពូល និងថ្នាក់រដ្ឋមន្រ្តីការបរទេសបានហើយ ពុំគួរពន្លាតដល់រដ្ឋមន្រ្តីលើផ្នែកដទៃទៀត។
នៅឯកិច្ចប្រជុំជាងបីម៉ោង ឥណ្ឌូនេស៊ី និងសឹង្ហបុរី បានប៉ះគ្នាជាមួយកម្ពុជា និងថៃ (២ទល់២) រហូតធ្វើឱ្យរដ្ឋមន្រ្តីការបរទេសថៃ សូត្រនូវប្រវត្តិអតីតកាលខ្លះស្តីពី តួនាទីសម្របសម្រួលដ៏សំខាន់របស់ឥណ្ឌូនេស៊ី ខុសគ្នានឹងឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ន។
សំណាងដែរដែលមានវៀតណាម និងឡាវបានគាំទ្រជំហរបស់កម្ពុជា និងថៃ។
យ៉ាងណាក៏ដោយនៅចុងបញ្ចប់ កិច្ចប្រជុំបានសម្រេចគ្នាថា ចំណុចដែលបានពិភាក្សា នឹងត្រូវលើកជាអនុសាសន៍ ដើម្បីឱ្យថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ។

កុំភ្លេចស៊ុបកន្ទុយគោនៅឥណ្ឌូនេស៊ី!
មិត្តភក្តិជាច្រើនបានផ្តាំថា ពេលទៅដល់ទីក្រុងហ្សាកាតា (Jakarta) កុំភ្លេចស៊ុបកន្ទុយគោ។ ស៊ុបកន្ទុយគោ ត្រូវបានគេហៅជាភាសាឥណ្ឌូនេស៊ីថា Sop Buntut ជាប្រភេទអាហាបំប៉នកម្លាំង សម្រាប់អភិជន ព្រោះវាមានតម្លៃថ្លៃ រហូតដល់មួយចាន៣០ដុល្លារឯណោះ។
ពិតណាស់ក៏មានហាងខ្លះ មានតម្លៃទាបជាងនេះដែរ។ វាមានរស់ជាតិម្យ៉ាងដែរ ហើយក៏មានប្រសិទ្ធភាព ជួយដល់កម្លាំងដ៏ខ្លាំងក្លាមិនធម្មតាឡើយបន្ទាប់ពីនឿយហត់ពីការងារ។ មានការតំណាល និងអះអាងថា ស៊ុបកន្ទុយគោ ជួយដល់ការថែរក្សាស្បែក ជួយឱ្យមានកម្លាំង ជួយសមត្ថភាពផ្លូវភេទ និងធ្វើឱ្យសក់ខ្មៅ។
ពេលត្រលប់មកដល់ស្រុកខ្មែរវិញ ខ្ញុំមិនអស់ចិត្តក៏ទៅសាកល្បងស៊ុបកន្ទុយគោម្តងទៀតនៅ ភោជនីយដ្ឋាន “ជិត” (Chet Phnom Penh) នៅម្តុំទួលគោក ទើបដឹងថាស៊ុបកន្ទុយគោនៅកម្ពុជា ដូចគ្នានឹងស៊ុបកន្ទុយគោនៅឥណ្ឌូនេស៊ី ទាំងរសជាតិ និងកម្លាំងថាមពល។ អ្វីដែលខុសនោះគឺខ្វះការផ្សព្វផ្សាយ និងការធ្វើទីផ្សារទៅឱ្យបរទេសដឹងតែប៉ុណ្ណោះ៕