តើសណ្ឋាន និងទីតាំងដីបែបណាដែលមិនគួរវិនិយោគ

0

ដោយស៊ីវ ម៉េង
​ភ្នំពេញ:​ អ្នកជនាញផ្នែកអចលនទ្រព្យ ពិសេសជាអ្នកជំនាញផ្នែកទិញលក់ដីធ្លីបានប្រាប់ពី​លក្ខខ័ណ្ឌដីមួយចំនួន ដែលអ្នកវិនិយោគមិនគួរទិញនោះទេ ដោយសារវាពិបាកក្នុងការ​លក់ចេញ។

​លោកកាង សុធីអគ្គនាយកនៃក្រុមហ៊ុន Century21 Land Station Real Estateបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ ធ្នូនេះថា ការវិនិយោគដីធ្លីអ្នកណា​ក៏ចង់លក់ឆាប់ដាច់ និងទទួលបានផលចំណេញលឿនដែរ ប៉ុន្តែលក្ខខ័ណ្ឌទីតាំង សណ្ឋា​នដីពិតជាកត្តា​សំខាន់ ដើម្បីឲ្យដីរបស់ខ្លួនលក់ឆាប់ដាច់ និងទទួលបានផលចំណេញខ្ពស់។

​ទីតាំងនៅជុំវិញ​វត្តអារ៉ាម
​លោកកាង សុធីបានឲ្យដឹងថា ទោះជាប្រជាជនខ្មែរនិយមទៅធ្វើបុណ្យនៅវត្តអារ៉ាមក្តី តែទីតាំងដីដែលនៅក្បែរវត្តអារ៉ាម ទាំងខាងមុខខាងក្រោយ និងជាប់របងវត្ត ពិតជាដីមិនងាយលក់ចេញនោះទេ ទោះជាដីនោះមានតម្លៃទាបជាងទីផ្សារក៏ដោយ។លោកបន្តថា ដីនៅតាមជុំ​វិញវត្តអារ៉ាម ពិតជាមិនងាយទាក់ទាញការចាប់អារម្មណ៍ច្រើននោះទេ និងមិនងាយលក់ចេញបានឡើយ។

​ប្រហែលពួកគេមិនចង់មានសម្លេងរំខាន នៅពេលមានកម្មវិធីបុណ្យទាននានា ក៏ដូចជាបញ្ហាហុងស៊ុយផងដែរ។

​ដីមានផ្នូរឬម៉ុងខ្មោចនៅក្បែរ
​ជាទូទៅមនុស្សណាក៏ស្លាប់ដែរ តែពេលស្លាប់ពួកគេនឹងក្លាយជាខ្មោច ហេតុនេះទី​តាំងដីដែលនៅក្បែរផ្នូរខ្មោច ឬចេតិយ មិនគួរទិញនោះទេ ដោយសារមនុស្សមិនចូលចិត្ត​ផ្នូរ ឬម៉ុងខ្មោចនោះឡើយ។

ការទិញដីមានទីតាំងបែបនេះ ពិតជាពិបាកលក់ចេញ និងមិនងាយបានផលចំណេញ។

​រាងឬសណ្ឋានដី
​រាងឬសណ្ឋានដីក៏មានសារៈសំខាន់ ដើម្បីទាក់ទាញអ្នកទិញបន្ត ឬអ្នកវិនិយោគផងដែរ ព្រោះបើរាងដីមិនសមស្រប និងមានសណ្ឋានវៀច ពិតជាមិនធ្វើឲ្យដីនោះងាយលក់នោះទេ ហើយវាក៏មិនឡើងថ្លៃលឿនដែរ។

​លោកកាង សុធីបានឲ្យដឹងថា ដើម្បីដឹងពីរាងឬសណ្ឋានដីណាមួយ សូមកុំមើលនឹងភ្នែកទទេ តែត្រូវសុំប្លង់ម្ចាស់ដីយកមកមើល ទើបយើងអាចដឹងថារាងឬសណ្ឋានដីនោះមានលក្ខណៈដូចម្តេច។

​ការខ្ចីប្រាក់ពីធនាគារ
​ការខ្ចីប្រាក់ឬឥណទានពីធនាគារជារឿងគួរឲ្យប្រុងប្រយ័ត្នមួយ ព្រោះអ្នកវិនិយោគឬទិញដីធ្លី ត្រូវសិក្សាលំហូរសាច់ប្រាក់របស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានបញ្ហា​ហិរញ្ញវត្ថុនៅពេលដីជាប់គាំង ឬលក់មិនចេញ។

​លោកកាង សុធីបានបញ្ជាក់ថា ដីធ្លីនៅតំបន់ណាមួយអាចជាប់គាំងមួយរយៈ និង​កញ្រ្ជោលតម្លៃឡើងខ្ពស់ភ្លាមៗ ហើយតម្លៃដីធ្លីមិនកើនឡើងគ្រប់តំបន់នោះទេ ហេតុនេះការសិក្សាពីចរន្តសាច់ប្រាក់របស់យើង បើសិនជារកឃើញថា លំហូរសាច់ប្រាក់របស់យើង​មិនរលូន និងមិនធានាបាននូវការជាប់គាំងណាមួយ មិនគួរប្រើប្រាស់ឥណទានពីធ​នាគារដើម្បីវិនិយោគទិញដីធ្លីនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here