ផ្លូវល្បឿនលឿនតម្លៃ ៣៨០០លានដុល្លារភ្ជាប់ភ្នំពេញ បាវិតបានបញ្ចប់ការសិក្សា

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹងជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ បាវិតដែលគ្រោងចំណាយថវិការហូតដល់៣៨០០លានដុល្លារបានបញ្ចប់ការសិក្សាហើយ ប៉ុន្តែការសាងសង់នៅពេលណាមិន​ទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ។

លោកទេសរដ្ឋមន្រ្តីស៊ុ​ន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបា​នបង្ហើបឲ្យដឹងពីព៌តមាននេះ ក្នុងពិធីមួយកាលពីថ្ងៃទី១៩ ធ្នូកន្លងមកនេះ។

អ្នកនាំពាក្យក្រសួងដដែលនេះ គឺលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ ធ្នូនេះថា នេះ​ជាគំរោងសិក្សាដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិដោយប្រទេសជប៉ុន (JICA)​ ដែលគំរោងនេះជាគំរោង១មានតម្លៃថ្លៃខ្ពស់ ហើយយើងបានស្នើឲ្យ JICA ជួយសិក្សាជាថ្មី ដើម្បីបន្ថយតម្លៃលើការសាងសង់ផ្លូវនេះ។លោកបន្តថា មានក្រុមហ៊ុនជាច្រើន ហើយ​ក្រសួងបានអញ្ជើញប្រទេសជាច្រើនសិក្សាពីផ្លូវនេះ ដើម្បីមានជម្រើសផ្សេងៗគ្នាមុនសម្រេចចិត្តសាងសង់។

លោកបន្តថា “មូលហេតុដែលផ្លូវនេះថ្លៃ ដោយសារផ្លូវនេះត្រូវសាងសង់ស្ពានមាន​ប្រវែងរហូតដល់១០គីឡូម៉ែត្រ ឆ្លងកាត់ផ្ទៃបឹងនៅស្រុកល្វាឯម ព្រោះផ្លូវនេះគ្រោងសាង​សង់ចេញពីស្រុកល្វាឯម ឆ្លងកាត់ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងទៅកាន់ក្រុងបាវិតខេត្តស្វាយរៀង”។

លោកបន្តថា “បើតាមការសិក្សារបស់ JICA ផ្លូវនេះ ត្រូវជួបប្រសប់ជាមួយផ្លូវជាតិលេខ១ នៅស្រុកកំពង់ត្របែកខេត្តព្រៃវែង មុនឆ្ពោះទៅកាន់ខេត្តស្វាយរៀង”។

លោកវ៉ា ស៊ីមសូរិយាបានមានប្រសាសន៍ឲ្យដឹងទៀតថា គំរោងសាងសង់ផ្លូវល្បឿ​នលឿននេះមានប្រវែង១៦០គីឡូម៉ែត្រ ដែលខ្លីជាងផ្លូវជាតិលេខ១បច្ចុប្បន្នដែលមាន​ប្រវែងត្រឹម១៦៧គីឡូម៉ែត្រប៉ុណ្ណោះ គិតពីរាជធានីភ្នំពេញ ដល់ក្រុងបាវិតព្រំប្រទល់​ប្រទេ​សវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here