ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ បើទោះជាតំលៃដីធ្លីនៅរាជធានីភ្នំពេញ បានកើនទ្បើងជាបន្តបន្ទាប់ក្តី ប៉ុន្តែតំលៃដីបច្ចុប្បន្ននេះ មិនបានធ្វើឲ្យប៉ះពាល់ដល់លំហូរពាណិជ្ជកម្មនៅទ្បើយទេ ផ្ទុយទៅវិញវាជាកាលានុវត្តភាពមួយ ក្នុងការទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មនិងជំរុញកំនើនសេដ្ឋកិច្ចជាតិ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Vtrust បានថ្លែងថា ការទ្បើងថ្លៃដីធ្លីនៅឆ្នាំ២០១៥នេះ មិនខ្ពស់ណាស់ណានោះទេធៀបនឹងឆ្នាំមុន ប៉ុន្តែបើធៀបនឹងឆ្នាំ២០១៣កន្លងមក តំលៃដីធ្លីនៅឆ្នាំ២០១៥នេះហាក់ខ្ពស់បន្តិច។លោកបន្តថា ការទ្បើងថ្លៃដីនៅទីក្រុងភ្នំពេញវាអាស្រ័យតាមតំបន់ប៉ុណ្ណោះ ដែលតំបន់ជាយក្រុងកើនទ្បើងក្នុងរង្វង់ពី១០ទៅ២០ភាគរយ តែនៅក្នុងក្រុងដីធ្លីបានទ្បើងថ្លៃចន្លោះពី១០ទៅ១៥ភាគរយប៉ុណ្ណោះ។
-->
លោកបន្តថា “ការទ្បើងថ្លៃដីក្នុងតំលៃបច្ចុប្បន្ននេះ មិនប៉ះពាល់ដល់លំហូរវិនិយោគនោះទេ ព្រោះបើធៀបជាមួយប្រទេសជិត ខាងតំលៃដីនៅប្រទេសយើងនៅធូរថ្លៃជាងគេច្រើនណាស់។លោកបន្តថា “ការទ្បើងថ្លៃដីធ្លីក្នុងរង្វង់១០ទៅ២០ភាគរយ គឺសមស្របនឹងកំណើនសេដ្ឋកិច្ចប៉ុណ្ណោះ ដូច្នេះតំលៃនេះមិនទាន់លំបាកដល់អ្នកវិនិយោគទេ តែរយៈពេល៤ទៅ៥ឆ្នាំទៀតបើដីនៅបន្តទ្បើងថ្លៃ ទើបអាចប៉ះពាល់ដល់អ្នកមានបំណងវិនិយោគនៅកម្ពុជា។
លោក សន សៀប អគ្គនាយកនិងជាស្ថាបនិកក្រុមហ៊ុន Key Real Estate បានលើកទ្បើងស្រដៀងគ្នានឹងលោកសុខនីម ដោយលោកបានថ្លែង តំលៃដីធ្លីបច្ចុ ប្បន្នសមស្របនឹងកំនើនសេដ្ឋកិច្ចរបស់យើង ព្រោះកំនើនដីធ្លីកើនទ្បើង ឬថយចុះក៏ អាស្រ័យលើសេដ្ឋកិច្ចផងដែរ ជាក់ស្តែងតំលៃដីធ្លីដែលយើងឃើញបច្ចុប្បន្ននេះ គឺដី នៅរាជធានីភ្នំពេញមានតំលៃខ្ពស់ជាងគេ បន្ទាប់មកខេត្តសៀមរាប និងខេត្តព្រះសី ហនុនៅលេខរៀងបន្ទាប់។លោកបន្តថា តំលៃដីបច្ចុប្បន្ននេះមិនប៉ះពាល់ដល់លំហូរ វិនិយោគបរទេសចូលមកកម្ពុជានោះទេ ព្រោះបច្ចុប្បន្ននេះមានអ្នកវិនិយោគចូល មកកម្ពុជាយ៉ាងគំហុក ដែលភាគច្រើនជាជនជាតិជប៉ុន កូរ៉េ ចិន សាំងហ្កាពួរ ម៉ាទ្បេស៊ី តៃវ៉ាន់ ចិនហុងកុងជាដើម។
លោកបន្តថា “តំលៃដីនៅរាជធានីភ្នំពេញ កើនទ្បើងជាធម្យមក្នុងរង្វង់៥ទៅ១៥ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយបើវាបន្តកើនទ្បើងរហូត ខ្ញុំគិតថាវានឹងប៉ះពាល់ដល់លំហូរវិនិយោគនាពេលខាងមុខ ព្រោះកំនើនសេដ្ឋកិច្ចរបស់កម្ពុជាធៀបជាមួយប្រទេសក្នុងតំបន់ សេដ្ឋកិច្ចយើងនៅតូចជាងគេ ដូច្នេះបើតំលៃដីយើងកើនស្មើ នឹងប្រទេសក្នុងតំបន់ អ្នកវិនិយោគច្បាស់ជាទៅវិនិយោគនៅប្រទេសផ្សេងហើយ។លោកបន្តថា “ខ្ញុំគិតថាផលប៉ះពាល់នេះ នឹងមិនកើតទ្បើងនៅរយៈពេល៥ឆ្នាំខាងមុខទេ ព្រោះថាកម្ពុជាមិនមានអ្នកមកក្រទ្បុកទីផ្សារទៀតទេ ហើយអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកពួកគាត់ចូលមកមានគោលបំណងជាក់លាក់ និងស្រាវជ្រាវលំអិតសិនមុនពួកគាត់ចាប់ផ្តើមវិនិយោគ។
លោក សន សៀប បានបន្តថា “វាជាទីផ្សារពិតប្រាកដមួយនាពេលនេះ មិនមែនជាទីផ្សារបំប៉ោងនោះទេ ព្រោះបើវាជាទីផ្សារបំប៉ោងពេលមានបញ្ហាអ្វីមួយ វានឹងជាប់គាំង តែបើវាជាទីផ្សារពិតប្រាកដវាមិនជាប់គាំងនោះទេ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន World Trust Estate ដែលបានសិក្សាពីតំលៃដីធ្លីនៅទូទាំងខ័ណ្ឌចំនួន១២ នាក្រុងភ្នំពេញបានឲ្យដឹងថា តំលៃដីធ្លីនៅក្នុងភ្នំ ពេញមានកំណើនចន្លោះពី១០ទៅ៣០ភាគរយ អាស្រ័យលើតំបន់ទីតាំងដែលមាន សកម្មភាពពាណិជ្ជកម្ម ដីនៅតំបន់លំនៅដ្ឋាន និងដីនៅតំបន់ឧស្សាហកម្ម ជាក់ស្តែង តំលៃដីធ្លីនៅតំបន់ពាណិជ្ជកម្ម នៅតាមបណ្តោយផ្លូវធំក្នុងខ័ណ្ឌចំការមនក្នុងឆ្នាំនេះ បានកើនទ្បើងដល់ចន្លោះពី៣៥០០ ទៅ៨០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ធៀបនឹង៣៥០០ទៅ៥៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំមុន។
ដីតំបន់ពាណិជ្ជកម្ម តែស្ថិតនៅតាមបណ្តោយផ្លូវតូចៗ បានកើនចន្លោះពី ២៥០០ទៅ៣០០០ដុល្លារ ដល់២៨០០ដល់៤០០០ដុល្លារនៅឆ្នាំនេះ៕