ក្រសួងការពារជាតិអាមេរិកចំណាយប្រាក់រហូតដល់៩ពាន់លានដុល្លារឱ្យក្រុមហ៊ុនយក្សចំនួន៤ជួយកសាងបណ្ដាញCloud

0

ដោយៈ សុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចំនួន៤ រួមមាន ក្រុមហ៊ុន Google ក្រុមហ៊ុន Oracle ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Amazon នឹងចែករំលែកគ្នានូវកិច្ចសន្យា តម្លៃ៩ពាន់លានដុល្លាររបស់មន្ទីរបញ្ចកោណ ដើម្បីកសាងបណ្តាញរក្សាទុកទិន្នន័យ ឬ Cloud Computing របស់ខ្លួន។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឱ្យដឹងថា គម្រោងបណ្ដាញផ្ទុកទិន្នន័យមានឈ្មោះថា Joint Warfighter Cloud Capability (JWCC) របស់ក្រសួងការពារជាតិអាមេរិក ខាងលើនេះត្រូវគេជឿថា នឹងអនុញ្ញាតឱ្យចូលទៅកាន់ទិន្នន័យទូទៅធម្មតា ទិន្នន័យសម្ងាត់កម្រិតមធ្យម និងទិន្នន័យសម្ងាត់កម្រិតកំពូលរបស់យោ​ធាទូទាំងពិភពលោក។

តាមការរំពឹងទុក បណ្ដាញផ្ទុកទិន្នន័យនេះ នឹងក្លាយជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់ប្រតិបត្តិការសង្រ្គាមនាសម័យទំនើប របស់មន្ទីរបញ្ចកោណ ដែលនឹងពឹងផ្អែកយ៉ាងខ្លាំងលើយន្តហោះដ្រូន (យន្តហោះគ្មានមនុស្សបើក) និងផ្កាយរណបទំនាក់ទំនងអវកាស។

ទោះជាយ៉ាងណា បណ្ដាញផ្ទុកទិន្នន័យដូច Cloud Computing នៅតែចាំបាច់ខ្លាំង ដើម្បីទទួលបានការសម្ងាត់ពីកងទ័ពជើងគោក។

មន្ទីរបញ្ចកោណបានចេញសេចក្តីថ្លែងការណ៍ថា កិច្ចសន្យានេះនឹងត្រូវផ្តល់ឱ្យក្រុមហ៊ុនជាផ្នែកៗ ហើយការងារកសាងបណ្ដាញផ្ទុកទិន្នន័យនេះ​គ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៨។

មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា នៅក្នុងការដណ្ដើមយកកិច្ចសន្យារបស់ក្រុមហ៊ុនធំៗ និងរបស់រដ្ឋាភិបាលនានា សម្រាប់ការកសាងបណ្ដាញ Cloud Computing។

*អ្វីទៅជាសេវាកម្ម Cloud ឬ Cloud Computing?

ជាធម្មតាទិន្នន័យរបស់កម្មវិធីវេបសាយ ត្រូវបានគេរក្សារទុកក្នុងម៉ាស៊ីនតាមក្រុមហ៊ុន ឬទីកន្លែងដោយឡែកៗពីគ្នា។ តែការធ្វើដូចនេះតម្រូវឱ្យចំណាយច្រើនលើហាដវែរ (Hardware) គ្រប់គ្រងថែទាំម៉ាស៊ីន ការការពារសុវត្ថិភាពទិន្នន័យ ជាដើម។ ដោយសារបញ្ហាទាំងអស់នេះហើយទើបមានសេវាកម្ម Cloud ឬ Cloud Computing ចេញមក។

សេវាកម្ម Cloud ឬ Cloud Computing គឺជាសេវាកម្មដែលអាចធ្វើការគ្រប់គ្រង រក្សាទុក ឬ ប្រតិបត្តិទិន្នន័យនៅកន្លែងរួមមួយ។ ការធ្វើដូចនេះយើងមិនចាំបាច់មានហាដវែរដោយខ្លួនឯងទេ ហើយក៏មិនចាំបាច់មានទីកន្លែងទុកហាដវែរនោះដែរ ពីព្រោះអ្វីៗគឺផ្តល់ដោយក្រុមហ៊ុន ដែលផ្តល់សេវាកម្ម Cloud។ អ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែបង់ថ្លៃនូវអ្វី ដែលយើងបាន    ប្រើ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here