ដោយគង់ សូរិយា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា សំណង់វិមាន ឈ្នះឈ្នះគឺបានតំណាងឲ្យកម្ពុជារួចផុតពីភាពក្រីក្រនិងរួច ផុតពីការអុចអាលពីបរទេស ដូច្នេះក្នុងថ្ងៃសម្ពោធជាផ្លូវការរយៈពេលបីថ្ងៃខាងមុខនេះ គប្បីបងប្អូនជនរួមជាតិទៅចូលរួមឲ្យបានកុះករ។
ថ្លែងតាមរយៈសង្គមហ្វេបសុកផ្ទាល់របស់សម្តេចនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោហ៊ុន សែនបានលើកឡើងថា កម្ពុជាអបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្ត្រនៃវិមានឈ្នះឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរ នៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។
សម្តេចបានថ្លែងថា “វិមានឈ្នះ ឈ្នះគឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្គ្រាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។
យ៉ាងណាក៏ដោយ ខណៈវិមានឈ្នះឈ្នះនៅសល់តែមួយថ្ងៃទៀត នឹងត្រូវសម្ពោធជាផ្លូវការហើយនោះ សម្តេចក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ ចូលរួមឲ្យបានច្រើនកុះករផងដែរ។ ដោយសម្តេចបានថ្លែងថា សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់។
វិមានឈ្នះ ឈ្នះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួនបីថ្ងៃគឺចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ និងចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ឋពិធីខួប២០ឆ្នាំនៃនយបាយឈ្នះ ឈ្នះផងដែរ។ដោយកម្មវិធីនេះ ក៏មានថ្នាក់ដឹកនាំក្រសួងការពារជាតិប្រទេសចំនួនបួន ចូលរួមអបអរសារទដែរដោយថ្នាក់ដឹកនាំទាំងនោះមានប្រទេសចិន ថៃ ឡាវ និងវៀតណាម៕