ដោយ៖ ដែន ចែងចាំង
ភ្នំពេញ ការកើនទ្បើងនូវវត្តមានអគារកប់ពពក កាន់តែច្រើននៅរាជធានីភ្នំពេញ មិនត្រឹមតែបានប្រែមុខ មាត់ទីក្រុងនេះឲ្យក្លាយជាប្លុកពាណិជ្ជកម្ម និងហិរញ្ញវត្ថុយ៉ាងឆាប់រហ័សនោះទេ ប៉ុន្តែវាបាននិងកំពុងទាក់ទាញអ្នកវិនិយោគបរទេសឲ្យចាប់អារម្មណ៍សម្លឹងមើល និងបាននិងកំពុងចាប់ផ្តើមបោះទុនវិនិយោគនៅប្រទេសនេះកាន់តែច្រើន។
លោក ឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Landដែលបាននិងកំពុងសហការជាមួយក្រុមហ៊ុន Oxley Holding International មានមូលដ្ឋាននៅប្រទេសសឹង្ហបុរីដើម្បីកសាងខុនដូ The Bidge កំពស់៤៥ជាន់ចំនួន៤អាគារដោយបានបោះទុនវិនិយោគ៣០០លានដុល្លាររ និងបាននិងកំពុងត្រៀមកសាងសណ្ឋាគារ Shangri-La និងអាគារពាណិជ្ជកម្មឈ្មោះ The Peak កំពស់៥៥ជាន់ចំនួន៣អគារនៅក្បែរតំបន់កោះពេជ្របានថ្លែងថា ការបង្ហាញវត្តមានអគារខ្ពស់កប់ពពកច្រើននៅកម្ពុជាពិតជាទាក់ទាញ។ ឧទាហរណ៍បើធ្វើដំណើរទៅបរទេស ពេលចុះពីព្រលានយន្តហោះធ្វើដំណើរតាមផ្លូវ អ្វីដែលចាប់អារម្មណ៍មុនគេគឺហេដ្ឋារចនាសម្ព័ន្ឋ និងអគារខ្ពស់។
-->

លោកបន្តថា «ពេលដែលជនបរទេសមកកម្ពុជា ក៏ពួកគេចាប់អារម្មណ៍ដូចយើងផងដែរ បើមានអគារខ្ពស់ច្រើនគេដឹងថាប្រទេសនេះមានការអភិវឌ្ឈន៍ ហើយពេលគេចាប់អារម្មណ៍ចង់វិនិយោគ អ្នកវិនិយោគមើលស៊ីជម្រៅទៅលើផ្លូវច្បាប់ និងគោលនយោបាយរបស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយជាដើម»។លោកបន្តថា«ពេលយើងមានអគារខ្ពស់កាន់តែច្រើន វាទាក់ទាញអ្នកវិនិយោគកាន់តែច្រើន ឲ្យចាប់អារម្មណ៍មកបោះទុនវិនិយោគនៅកម្ពុជា»។
លោកឧកញ៉ាសៀ រិទ្ឋី បានថ្លែងថា ល្បឿននៃការអភិវឌ្ឈន៍លឿនឬយឺតវាអាស្រ័យ លើគោលនយោបាយរបស់រដ្ឋាភិបាលនីមួយៗ ប៉ុន្តែអ្វីដែលលោកមើលឃើញគឺថា កម្ពុជាឈរលើគោលនយោបាយមួយល្អ គឺកម្ពុជានៅពីក្រោមប្រទេសសឹង្ហបុរីតែមួយទេ ក្រៅពីនោះកម្ពុជាល្អជាងបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់។ ចំណុចល្អទាំងនោះមានដូចជា ទី១ រដ្ឋាភិបាលបានអនុញ្ញាត្តឲ្យជនបររទេសធ្វើជាម្ចាស់ក្រុមហ៊ុន១០០ភាគរយ។ នេះជាចំណុចសំខាន់។ ទី២ រដ្ឋាភិបាលបានផ្តល់ការលើកលែងពន្ឋលើការនាំចូលផ្សេងៗចំពោះអ្នកវិនិយោគ ដែលគ្មានប្រទេសណា មានគោលនយោបាយបែបនេះនោះទេ និងទី៣ ការយកពន្ឋគឺខ្មែរទាបជាងគេបំផុត។
លោក បន្តឲ្យដឹងទៀតថា «ការដែលកម្ពុជាបានអនុម័តច្បាប់សហកម្មសិទ្ឋដែលអនុញ្ញាត្តិ ឲ្យជនបរទេសគ្រប់គ្រងផ្ទះពីជាន់ទី១ទ្បើងទៅ “ពិតជាល្អ” ព្រោះវាជួយឲ្យជនបរទេសមានទំនុកចិត្ត គឺដូចតែយើងជាជនជាតិខ្មែរ បើទៅទិញអចលនទ្រព្យ នៅក្រៅប្រទេសមិនបានដាក់ឈ្មោះខ្លួនឯង។ តើភ័យអត់? ចម្លើយគឺច្បាស់ជាភ័យហើយ»។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំនេះ នៅរាជធានីភ្នំពេញមានអគារខ្ពស់ប្រមាណ៧០០អគារ កើនទ្បើងពី៥៦១អគារកាលពីដំណាច់ឆ្នាំមុន។

លោកទ្បៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ប្រសិនពិនិត្យពីលើយន្តហោះវិញ គេឃើញទីក្រុងភ្នំពេញកំពុងមានការរីកចម្រើន មានសោភ័ណភាព និងមានការរៀបចំនគរូបនីយកម្មល្អ។ បើធៀបជាមួយប្រទេសជិតខាងទីក្រុងភ្នំពេញ មានការរីកចម្រើនមិនចាញ់បណ្តាប្រទេសក្នុងតំបន់នោះទេ។
លោកបន្តថា «ការបង្ហាញវត្តមានអគារខ្ពស់ៗកាន់តែច្រើន វាឆ្លុះបញ្ចាំងពីសមិទ្ឋផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក។ ដូច្នេះការវិនិយោគអគារខ្ពស់ជាការប្រសើរ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋរបស់យើងកំពុងមានការអភិវឌ្ឈន៍»។ លោកបន្តថា“សូម្បីតែជនបរទេសដែលធ្លាប់មកកម្ពុជាកាលពី៥ឆ្នាំមុន ក៏ពួកគេមានការភ្ញាក់ផ្អើលនិងសមិទ្ឋិផលទាំងនេះដែរ ហើយខ្ញុំគិតថាកម្ពុជា នឹងទទួលបាននូវផលប្រយោជន៍ជាច្រើនបន្ថែមទៀត ពីការធ្វើសមាហរណកម្មជាមួយអាស៊ាននាពេលខាងមុខ»៕