ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ បើទោះបីជាសំឡេងសាងសង់សំណង់នានា កំពុងលាន់ឮស្ទើរគ្រប់ទីកន្លែ ងក្នុងរាជធានីភ្នំពេញក្តី ប៉ុន្តែទីផ្សារនេះទំនងជាមិនទាន់ឆ្អែតចំពោះលំហូរចូលនៃវិស័យនេះទេ ខណៈស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងប្រទេសកំពុងមានភាពល្អប្រសើរ។

-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាងបានមានប្រសាសន៍ថា ការអភិវឌ្ឍនៅកម្ពុជានឹងមានសក្តានុពលខ្លាំងជាបន្តទៀត ខណៈវិស័យសេដ្ឋកិច្ចប្រទេសកម្ពុជា មានកំណើនក្នុងរង្វង់៧ភាគរយនារយៈពេល២០ឆ្នាំចុងក្រោយនេះ។ កម្ពុជាបានក្លាយជាទិសដៅមួយដ៏ទាក់ទាញសម្រាប់វិនិយោគិន ព្រោះកម្ពុជាជាប្រទេសដែលមានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធល្អប្រសើរ មានតម្លៃកម្លាំងពលកម្មទាប និងមានប្រជាជនប្រហែល៧០ភាគរយជាអ្នកដែលមានអាយុក្រោម៣៥ឆ្នាំ។ ទាំងអស់នេះសុទ្ធតែជាអ្វីដែលទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់វិនិយោគិន។

លោកបន្តថា “ការរីកចម្រើននៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានាពេលនេះវាទាមទារជាចាំបាច់នូវទំនួលខុសត្រូវជាច្រើន។ នេះគឺជាកាតព្វកិច្ចរបស់ពួកយើងក្នុងកិច្ចការបម្រើប្រទេសជាតិ និងប្រជាជន។ លោកបានបន្តថា“បច្ចុប្បន្នសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រុមហ៊ុនជាសមាជិកទាំងអស់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចការដ៏ធំនេះ ដើម្បីធ្វើឲ្យយើងឈានទៅដល់កម្រិតមួយទៀត។ កម្ពុជាត្រូវបានគេដឹងថា ជាប្រទេស១នៅក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន ហើយនឹងឈានមុខគេផងដែរនាពេលខាងមុខ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា លោកនៅតែមានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យកម្ពុជានៅតែរក្សាកំណើនប្រកបដោយចីរភាពចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០១៨ ព្រោះមិនមានកត្តាអ្វីជាឧបសគ្គរារាំងដល់កំណើននេះទេ។ ការដែលលោកហ៊ានអះអាងបែបនេះដោយសារមានកត្តាចំនួនដូចជា ទី១ នយោបាយមានស្ថិរភាពល្អ ព្រោះអំឡុងពេលនេះ មិនមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនយោបាយនោះទេ ដែលនេះជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគ ទី២ ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានកាលពីចុងឆ្នាំ២០១៥ ដែលបានធ្វើឱ្យការធ្វើពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ និងតម្រូវការប្រើប្រាស់អគារស្នាក់នៅ និងការិយាល័យកើនឡើង។
ទី៣ កំណើននៃវិស័យអចលនទ្រព្យនាពេលនេះ មិនកើនឡើងដូចពពុះសាប៊ូដូចពេលមុនទេ ដោយសារអ្នកវិនិយោគបានគិតគូរពីផែនការវិនិយោគច្បាស់លាស់ ហើយអគារដែលកំពុងសាងសង់ ត្រូវបានយកចិត្តទុកដាក់លើសោភ័ណភាព និងកាន់តែមានភាពទាក់ទាញ និងទី៤ រាជរដ្ឋាភិបាលអាចនឹងផ្តល់ហិរញ្ញប្បទានដល់វិស័យនេះ រយៈពេលកាន់តែយូររហូតដល់ចន្លោះពី២០ទៅ២៥ឆ្នាំ ដែលពេលនោះអ្នកណាក៏អាចមានលទ្ធភាពទិញលំនៅឋានបានដែរ។ នៅពេលអ្នកណា ក៏ទិញលំនៅឋានបានពេលនោះវិស័យសំណង់ និងអចលនទ្រព្យនឹងបន្តរីកចម្រើនថែមទៀត។
លោកសុខនីម បានបញ្ជាក់ថា“ទោះជាយ៉ាងណាវិស័យនេះក៏ត្រូវតែឆ្លងកាត់ព្យុះភ្លៀងខ្លះដែរ ប៉ុន្តែអ្វីៗក៏អាស្រ័យទៅលើទីតាំង និងសមត្ថភាពរបស់អ្នកអភិវឌ្ឍដែរ។ ប្រសិនបើពួកគេរចនាអគាររបស់ពួកគេមិនល្អ ពួកគេអាចនឹងមានបញ្ហា។ លោកបានបន្តថា “ប៉ុន្តែការរក្សាបានកំណើនសេដ្ឋកិច្ចចន្លោះពី៧-៧,៥ភាគរយ វានឹងជួយធ្វើឲ្យការប្រកបរបរអាជីវកម្មល្អ និងជួយរក្សាកំណើនរីកចម្រើននៃវិស័យនេះ។

បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមទីប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា ឧបមាថាយើងទិញត្រី ទិញបន្លែ ទិញអង្ករ យើងទិញមកភ្លាមគឺយកមកហូបភ្លាម តែការទិញផ្ទះ ឬអចលនទ្រព្យដទៃទៀតមិនមែនហូបភ្លាមទេ ព្រោះវាជារបស់អាចទុកយូរបាន និងជាចំនួនលុយធំហើយអ្នកទិញមិនសូវមានប្រាក់នោះទេគឺ ភាគច្រើនពួកគេបានប្រើប្រាស់ឥណទានរបស់ធនាគារ ដោយរំពឹងលើការសងត្រឡប់នៅថ្ងៃអនាគត ប៉ុន្តែប្រសិនបើធ្វើផ្ទះលក់ ឬជួលហើយជួលមិនដាច់ នោះនឹងធ្វើពួកគេឲ្យគ្មានប្រាក់សងធនាគារ និងអាចធ្វើឲ្យធនាគារដួលរំលំ ហើយពេលធនាគារដួលរលំ វានឹងធ្វើឲ្យដួលប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ។
លោកបន្តថា “ត្រូវប្រយ័ត្នប្រយែង ព្រោះបើសង់ផ្ទះជួលតែជួលមិនបាន សង់ផ្ទះលក់ហើយលក់មិនចេញ វានឹងធ្វើឲ្យមានបញ្ហា។ ដូចនេះកុំធ្វើខ្លាំងពេក កុំជ្រុលនិយមជារឿងល្អ។ លោកបានបន្ថែមថា៖“រដ្ឋាភិបាលក៏បានគិតគូ និងមានភាពប្រយ័ត្នប្រយែង ព្រោះការប្រយ័ត្នប្រយែងជារឿងសំខាន់ និងកុំធ្វើអ្វីលឿនពេក។ វិស័យដែលរីកចម្រើនលឿនពេក តែងតែមានមហន្តរាយនៅថ្ងៃក្រោយ។
លោកម៉ី កល្យាណ បានបន្តថា រដ្ឋាភិបាលគួរគ្រប់គ្រងលំហូរសាច់ប្រាក់ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានលំហូរសាច់ប្រាក់ចូលក្នុងវិស័យនេះច្រើនពេក តែការទប់លំហូរសាច់ប្រាក់ក៏ធ្វើឲ្យសេដ្ឋកិច្ចមិនដើរផងដែរ ដូចនេះការគ្រប់គ្រងលំហូរសាច់ប្រាក់គួរធ្វើឲ្យភាពថ្លឹងថ្លែងផងដែរ។
ទោះបីជាយ៉ាងណាលោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា រហូតមកទល់ពេលនេះ ក្រសួងមិនទាន់មើលឃើញមានហានិភ័យណាមួយ ក្នុងវិស័យអចលនទ្រព្យនៅឡើយទេ ប៉ុន្តែក្រសួងបាននិងកំពុងធ្វើការជាមួយអ្នកវិនិយោគក្នុងវិស័យនេះដើម្បីគ្រប់គ្រងទិន្ធន័យពីការអភិវឌ្ឍ តម្រូវការ និងការផ្គត់ផ្គង់ឲ្យបានច្បាស់លាស់ដើម្បីទប់ស្កាត់ហានិភ័យក្នុងវិស័យនេះនាពេលអនាគត។
លោកបន្ថែមថា “ការគ្រប់គ្រងទិន្នន័យ និងការគ្រប់គ្រងលំហូរសាច់ប្រាក់ចូលមកក្នុងវិស័យនេះមានសារសំខាន់ណាស់ ដើម្បីយើងអាចគ្រប់គ្រងដំណើរវិវត្តន៍រីកចម្រើនក្នុងវិស័យនេះឲ្យមាននិរន្តរភាព”៕