ដោយវុត្ថា
ភ្នំពេញ: ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ រដ្ឋាភិបាលត្រៀមចំណាយថវិកា ជាង៣លានដុល្លារសំរាប់ការស្ថាបនា និងស្ដារប្រព័ន្ធលូទឹកកង្វក់នានានៅក្នុងខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការបង្ហូរទឹកកង្វក់ដោយផ្ទាល់ចូលទៅក្នុងសមុទ្រ ដើម្បីធានាការពារបរិស្ថានធ្វើអោយទឹកសមុទ្ររក្សាបាននៅភាពស្អាត។

លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានអះអាងថា ក្រសួងមានថវិកាគ្រប់គ្រាន់ហើយ សម្រាប់ការស្ថាបនាប្រព័ន្ធលូចំរោះទឹកស្អុយមួយចំនួននៅក្នុងខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយការបង្ហូរទឹកស្អុយ ឬជាតិពុលអោយផ្ទាល់ចូលទៅក្នុងសមុទ្រ។លោកបន្តថា ការស្ថាបនាប្រព័ន្ធចំរោះទឹកកង្វក់នៅខេត្តព្រះសីហនុនេះ គឺដើម្បីដោះស្រាយជាបន្ទាន់ចំពោះបញ្ហាការបំពុលរិស្ថាននៅក្នុងខេត្តនេះ។
ជាក់ស្តែង បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានការបង្ហូរទឹកស្អុយចេញពីប្រព័ន្ធលូនានាដោយផ្ទាល់ចូលទៅក្នុងទឹកសមុទ្រ ដែលធ្វើឲ្យទឹកសមុទ្រមានក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពស្បែកប្រជាពលរដ្ឋ ដែលមកមុជទឹកសមុទ្រ ក៏ដូចជាប៉ះពាល់ដល់កិត្តិយស និងកិត្តិនាម ដែលជាឆ្នេរសមុទ្រស្អាតរបស់កម្ពុជា។







