ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ កម្លាំងការងារនៅកម្ពុជាភាគច្រើនមានវ័យក្មេង តែពួកគេភាគច្រើនពុំទទួលបានការប ណ្តុះបណ្តាលសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារការងារនៅឡើយ ពិសេសជំនាញទន់ដែលជាជំនាញមួយ ត្រូវបានក្រុមយុវជនមិនសូវបានយកចិត្តទុកដាក់។
របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលពីឆ្នាំមុនបានបង្ហាញថា ការដោះស្រាយចន្លោះប្រហោងនៃជំនាញការងារ និងការដែលជំនាញមិនស្របទៅនឹងការងារ ព្រមទាំងការបង្កើនផលិតភាពកម្លាំងការងារ គឺជាបញ្ហាប្រឈមចម្បងដែលកម្ពុជាកំពុង ប្រឈម ដើម្បីរក្សាការបន្តលូតលាស់នៃកំណើនសេដ្ឋកិច្ច។ ការបំពេញចន្លោះប្រហោងជំនាញនេះ នឹងជួយពង្រឹងកំណើននៃការកាត់បន្ថយភាពក្រីក្រ ដែលសម្រេចបានរយៈពេលមួយទស្សវត្សរ៍កន្លះកន្លងមក ព្រមទាំងបង្កើន ភាពប្រកួតប្រជែងរបស់ប្រទេសនេះនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
-->
ប្រធានសេដ្ឋកិច្ចវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Shang-Jin Wei មានប្រសាសន៍ឱ្យដឹងថាកម្លាំងការងាររបស់ប្រទេសកម្ពុជាភាគច្រើនមានវ័យក្មេង ប៉ុន្តែជាទូទៅពួកគេជាច្រើនពុំបានទទួលការបណ្តុះបណ្តាលជំនាញ ដែលស្របទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ចឡើយ។ ដូច្នេះបញ្ហាប្រឈមសម្រាប់អ្នកបង្កើតគោលនយោបាយ គឺត្រូវដោះស្រាយបញ្ហាចន្លោះប្រហោងនៃជំនាញការងារ និងការដែលជំនាញមិនស្របនឹងការងារ។
លោកបន្តថា «ការអភិវឌ្ឍន៍កម្លាំងការងារមួយដែលមានការអប់រំខ្ពស់ជាងមុន មានលទ្ធភាពបំពេញការងារបានប្រសើរជាងមុន និងមានផលិតភាពការងារខ្ពស់ជាងមុន មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការ ពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឱ្យលើសពីវិស័យចម្បងៗទាំង៤ ដែលរួមមានជាអាទិ៍ វិស័យកាត់ដេរ ទេសចរណ៍ សំណង់ និងកសិកម្ម ព្រមទាំងការធានា បាននូវកំណើនសេដ្ឋកិច្ចខ្ពស់»។
លោកហេង សួ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ចន្លោះប្ប្រហោងនៃជំនាញការងារ គឺមានយូរមកហើយនៅកម្ពុជា ខណៈវិស័យឯកជន រដ្ឋាភិបាល និងយុវជនផ្ទាល់ បានចាប់អារម្មណ៍លើបញ្ហាប្រឈមលើការងារក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ការសិក្សាបានបង្ហាញថា ប្រមាណ៦០ភាគរយនៃយុវជនមានកង្វះខាតជំនាញទន់ ដូច្នេះយុវជនគួរយកចិត្តទុកដាក់លើការចាប់យកជំនាញទន់បន្ថែមទៀត ដើម្បីធ្វើឲ្យគាត់វាយនឹងបត់បែនតម្រូវការទីផ្សារបានច្រើនជាងមុន ព្រោះការសិក្សាជំនាញទន់មិនមានតែក្នុងទ្រឹះស្តីទេ វាទាមទារឲ្យមានការអង្កេត និងអនុវត្តន៍។
លោកហេង សួរបានបន្តថា “ជំនាញទន់គឺជាជំនាញរួមមួយដែលការសិក្សាស្រាវជ្រាវ ក៏ដូចជាវិស័យឯកជនបានរកឃើញកន្លងមកថាខ្វះ ទាំងអ្នកដែលកំពុងធ្វើវិទ្យាសាស្ត្រសង្គម ទាំងកំពុងរៀនក្នុងផ្នែកបច្ចេកទេសរាល់ថ្ងៃនិងគាត់រៀនត្រូវជំនាញ ក៏ប៉ុន្តែគាត់នៅខ្វះជំនាញទុនដែរ»។
ជំនាញទន់ គឺសំដៅលើជំនាញតូចៗផ្សេងទៀត ដែលទាក់ទងនឹងការទំនាក់ទំនងសង្គម ការធ្វើការងារជាក្រុម ការគិតជាលក្ខណៈវិទ្យាសាស្ត្រ និងវិន័យក្នុងការធ្វើការងារ។
លោកហេង សួរបានថ្លែងថា ៖« ធនាគារអភិវឌ្ឍន៍អាស៊ី និងអាយលូ បានរកឃើញបញ្ជាក់បន្ថែមទៀតទៅលើគន្លាតជំនាញដែលធ្វើឲ្យយុវជនមានបញ្ហា ហើយជំនាញខុសគ្នារវាងតម្រូវការ និងការផ្គត់ផ្គង់គឺភាគច្រើនអ្នកសិក្សាចូលចិត្តសិក្សាវិទ្យាសាស្ត្រសង្គម ប៉ុន្តែនៅក្នុងវិស័យឯកជនយើងត្រូវាការផ្នែកបច្ចេកទេសច្រើន»។ លោកបន្តថា «ដោយសារផ្នត់គំនិតរបស់គាត់គិតថា សិក្សាផ្នែកសង្គម គាត់អាចធ្វើការបាននៅក្នុងអគារ ឬការិយាល័យ ហើយវាមិនមែនមានតែកម្ពុជាយើងទេ ប្រទេសដទៃទៀតក៏ដូច្នេះដែរ អីចឹងហើយទើបរួមគ្នាដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជនយើង»។
នៅក្នុងការសិក្សាវិនិច្ឆ័យអំពីការងារដែលមានឈ្មោះថា ប្រទេសកម្ពុជា៖ ការដោះស្រាយចន្លោះ ប្រហោងនៃជំនាញការងារ ធនាគារអភិវឌ្ឍន៍អាស៊ី បានពិនិត្យទៅលើបញ្ហាប្រឈមដែលរាំងស្ទះដល់ការពង្រីក និងការកែលម្អកាលានុវត្តភាពការងារ ប្រកបដោយផលិតភាពខ្ពស់ក្នុងប្រទេស។ បើទោះបីជាកម្ពុជាមានប្រជាជន ជាងពាក់កណ្តាលរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រជាតិ តែក្នុងរយៈពេល៥ឆ្នាំក៏ដោយ ប៉ុន្តែកម្លាំងការងារជាច្រើន របស់កម្ពុជានៅបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬ ការងារងាយរងគ្រោះនៅឡើយ ហើយប្រជាជនចំនួន ៧១% រស់នៅក្រោមចំណូលតិចជាង៣ដុល្លាក្នុងមួយថ្ងៃ។

ការដោះស្រាយចន្លោះប្រហោងជំនាញ និងការដែលជំនាញមិនស្របនឹងការងារ ទាមទារឱ្យមាន ចំណាត់ការលើមុខព្រួញជាច្រើន រួមមាន ការបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកម្រិតមធ្យម ការបង្កើនសមត្ថភាពគ្រូបង្រៀនដែលមិនទាន់មានគុណវុឌ្ឍិ គ្រប់គ្រាន់ ការលើកកម្ពស់ឱ្យមានធាតុចូលពីវិស័យឯកជនលើការបណ្តុះបណ្តាលជំនាញ រាប់បញ្ចូល តាមរយៈ ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និង ការអនុវត្តន៍ក្របខ័ណ្ឌគុណវុឌ្ឍិការងារ ដើម្បីធានាឱ្យ បានថា បទដ្ឋានជាតិប្រកបដោយសង្គតភាពត្រូវបានអនុវត្តនៅក្នុងការអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រប់កម្រិត។ គេក៏ត្រូវការឱ្យមានផងដែរនូវព័ត៌មានកាន់តែប្រសើរ អំពីសេចក្តីត្រូវការ និង និន្នាការការងារ។
លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន KFA បានថ្លែងឲ្យដឹងផងដែរថា យុវជនដែលចេញពីសាលា ពួកគេត្រូវការការបណ្តុះបណ្តាលរយៈពេល៦ខែទៀត ទើបអាចបំពេញការងារបានល្អ ហើយបញ្ហាប្រឈមរបស់ពួកគេគឺការទំនាក់ទំនងក្នុងការងារនៅមានកម្រិត ដែលលោកទាមទារឲ្យមានការចូ
លរួមពីអាណាព្យាបាលរបស់ពួកគេ ដើម្បីកំណត់អនាគតរបស់ពួកគេ មុនសម្រេចចូលរៀននៅជំនាញណាមួយ នៅសាលាណាមួយ ដើម្បីប្រាកដថា ពេលពួកគេចេញពីសាលាមានការងារធ្វើល្អ៕