ក្រសួងសេដ្ឋកិច្ចរំលេចភាពជាខ្លាសេដ្ឋកិច្ចរបស់កម្ពុជា អ្នកជំនាញគាំទ្រនិងលើកទឡ្ហីករណ៍បន្ថែមអ្វីខ្លះ?

0

  ដោយៈ គង់ លាងហួរ

       ភ្នំពេញៈ ជាមួយការដាក់ចេញនូវសកម្មភាព ដែលមានចក្ខុវិស័យរហូ​តដល់ឆ្នាំ២០៣០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំលេចឲ្យឃើញនូវការសម្រេចបានរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងសប្តាហ៍មុនថា ឯកសារយុទ្ធសាស្ត្ររយៈពេលវែងនេះ នឹងជួយនាំអង្គភាពរបស់ក្រសួង ឱ្យពេញសមត្ថភាព ដើម្បីបំពេញបេសកកម្ម ដែលបានកំណត់ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ឆ្នាំ២០៣០។

ឯកសារនេះកំណត់នូវគោលបំណងចំនួន២ គោលដៅចំនួន៧ និងយុទ្ធសាស្ត្រចំនួន៣១ ជាអាទិភាព ហើយអង្គភាពជំនាញនឹងទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនានា”។

ឯកសារនោះពិពណ៌នាអំពីប្រទេសកម្ពុជាថាជា “ខ្លាសេដ្ឋកិច្ចថ្មី” នៅតំបន់អាស៊ី ដោយកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងប្រហែល៧ភាគរយក្នុងមួយឆ្នាំ មុនពេលមានវិបត្តិកូវីដ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ៗ ស្ថិតនៅប្រហែល១.៧០០ដុល្លារកាលពីឆ្នាំ២០១៩ ដោយសារសេដ្ឋកិច្ចកម្ពុជា មានភាពរីកចម្រើនក្នុងរង្វង់៧ភាគរយក្នុងរយៈពេលជាង២ទសវត្សរ៍ មុនពេលវិបត្តិកូវីដ១៩បានចូលមកដល់។

តើមានកត្តាជំរុញជាច្រើនអ្វីខ្លះ ដែលនឹងនាំឱ្យកម្ពុជាក្លាយជាខ្លាសេដ្ឋកិច្ចនៅតំបន់អាស៊ីនាពេលខាងមុខ?

លោកឡោ វិចិត្រអនុប្រធានសមាគមពាណីជ្ជកម្មកម្ពុជា ចិននិងជាប្រធានសមាគមអចលនទ្រព្យសកល ប្រចាំរាជធានីភ្នំពេញបានមានប្រ​សាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុន ដោយបានពន្យល់ និងលើកឡើងពីកត្តាសំខាន់ៗជាច្រើន ដែលកម្ពុជាសម្រេចនូវមហិច្ឆតា និងគោលដៅនេះ។

លោកបន្តថា “កម្ពុជាអាចនឹងក្លាយទៅជាខ្លាសេដ្ឋកិច្ចអាស៊ី ដោយសា​រមានកត្តារួមផ្សំគ្នាជាច្រើន ដូចជារូបិយបណ្ណ វិស័យទេសចរណ៍ និងភាពអំណោយផលជាច្រើនផ្សេងៗទៀត”។ លោកបន្តថា “ប្រទេសកម្ពុជាជាប្រទេសនៅក្នុងតំបន់តែមួយគត់ ដែលប្រើប្រាស់រូបិយវត្ថុដុល្លារ។ នៅក្នុងចំណោមរូបិយប័ណ្ណនានានៅក្នុងតំបន់ មានតែរូបិយប័ណ្ណដុល្លារតែប៉ុណ្ណោះ ដែលមិនធ្លាក់ថ្លៃ នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ ក៏ដូចជាដំណាក់កាលសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែនផងដែរ”។

លោកបានបញ្ជាក់ឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២០មក រូបិយបណ្ណនានាដូចជា ប្រាក់យ៉េន ប្រាក់ផោន ប្រាក់អឺរ៉ូ ប្រាក់បាត ប្រាក់ដុល្លារសិង្ហបុរី ប្រាក់រីងហ្គីត ប្រាក់ដុល្លារអូស្ត្រាលី សុទ្ធតែបានធ្លាក់ថ្លៃ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។

កម្ពុជា ដែលជាប្រទេសប្រើប្រាស់លុយដុល្លារអាមេរិក ជាទូទៅក្នុងការកំណត់តម្លៃអចលនទ្រព្យ បានជំរុញឱ្យប្រទេសនេះមានសក្តានុពល ដើម្បីឆ្ពោះទៅក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបន្តថា “ចំណុចសំខាន់មួយទៀតគឺ បំណុលជាតិរបស់កម្ពុជាបើធៀបនឹងGDP ស្ថិតក្រោម៤០ភាគរយ។ ដូច្នេះរដ្ឋាភិបាលនៅតែមានលទ្ធភាព ក្នុងការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស”។

ចំណុចសំខាន់ទី៣ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាមានជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ក៏ដូចជាកិច្ចព្រមព្រៀង RCEP ដែលនឹងជំរុញឱ្យប្រទេសនេះ ក្លាយជាមជ្ឈមណ្ឌលផលិតកម្មនាំចេញ ទៅក្នុងទីផ្សារនានា ដោយកិច្ចព្រមព្រៀង RCEP គ្របដណ្តប់រហូតដល់ទៅ៣០ភាគរយនៃពាណិជ្ជកម្មលើពិភពលោក។

លោកឡោ វិចិត្របានពន្យល់ទៀតថា ដោយសារកម្ពុជាជាប្រទេសមួយ ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយសហរដ្ឋអាមេរិក អឺរ៉ុប និងចិនបានចាត់ទុកអាស៊ីអាគ្នេយ៍ជាតំបន់មួយ ដែលនឹងជំរុញការលូតលាស់សេដ្ឋកិច្ចពិភពលោកនៅក្នុងសតវត្សរ៍ទី២១នេះ ដោយសារតំបន់អាស៊ីអាគ្នេយ៍មានកំណើនប្រជាជនលើសអឺរ៉ុប និងទ្វីបអាមេរិកទៅទៀត។

មួយវិញទៀត អំណាចនៃការទិញរបស់ប្រជាជន នៅអាស៊ីក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ហើយសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលនៅតែមានកំណើនខ្ពស់ និងភាពខ្លាំងមានដូចជាកម្ពុជា និងវៀតណាម បើធៀបនឹងតំបន់ផ្សេងនៅទ្វីបអាស៊ី។

លោកឡោ វិចិត្របានបន្តថា “កម្ពុជាគឺជាប្រទេស ដែលមានប្រជាជនអាចនិយាយបានលើសពី២ភាសា ដោយក្នុងនោះយើងមានភាសាជាតិ និងភាសាបរទេសដូចជាថៃ អង់គ្លេស ចិន កូរ៉េ ជប៉ុន… ដែលចំណុចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ នៅក្នុងតំបន់ដែលចេះនិយាយភាសាច្រើន”។

លោកបន្តថា សារៈសំខាន់នៃភាសានេះ បានជំរុញសក្តានុពលក្នុងការទាក់ទាញវិនិយោគិនបរទេស មកបង្កើតរោងចក្រ ឬរកស៊ីនៅកម្ពុជា ដោយ​សារបណ្តា ប្រទេសជិតខាងរបស់កម្ពុជាមួយចំនួន ដូចជាប្រទេសថៃ វៀតណាម គឺគេនិយមប្រើប្រាស់ភាសាជាតិរបស់ពួកគេតែប៉ុណ្ណោះ។

ចំណុចស្នូលមួយទៀតគឺ អត្រាភាពគ្មានការងារធ្វើនៅកម្ពុជា មានអត្រាទាបជាងគេ បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដោយសារប្រជាជនកម្ពុជា មានការងារធ្វើរហូតដល់៩០ភាគរយឡើងទៅហើយ។

លោកវិចិត្របានបន្ថែមថា ប្រជាជនកម្ពុជាអាចមានចំណូលរៀងៗខ្លួន ហើយចំណូលនោះ ជំរុញឱ្យមានអំណាចនៃការទិញ ហើយចរន្តសេដ្ឋកិច្ចរបស់កម្ពុជាមានដំណើរការល្អ បើធៀបនឹងបណ្តាប្រទេសដទៃ ដែលមានអត្រាភាពអត់មានការងារធ្វើខ្ពស់ ហើយរដ្ឋរបស់ពួកគេ ត្រូវបញ្ចេញកញ្ចប់ថវិ​កាដើម្បីជួយដល់អ្នកអត់ការងារធ្វើ ដោយត្រូវបង្វែរថវិកាសម្រាប់អភិវដ្ឍហេដ្ឋារចនាសម្ព័ន្ធមកគាំទ្រផ្នែកសង្គមកិច្ចទៅវិញ។

លើសពីនេះទៀត កម្ពុជាមានដង់ស៊ីតេប្រជាជន ដែលមានវ័យក្មេងអាយុក្រោម៤០ឆ្នាំ ជិត៧០ភាគរយ ដូច្នេះកម្ពុជាមានកម្លាំងពលកម្មពេញជាងបណ្តាប្រទេសផ្សេងទៀត ហើយប្រសិនបើមនុស្សចាស់ មានកំណើនច្រើនជាងក្មេង វាមិនអាចគាំទ្រដល់សេដ្ឋកិច្ចបាននោះទេ។

ជាពិសេស វិនិយោគិនបារាំង និងជប៉ុនបានបង្ហាញចំណាប់អារម្មណ៍មកបណ្តាក់ទុនសាងសង់ ផ្លូវរថភ្លើងល្បឿនលឿន ហើយប្រសិនបើកម្ពុជារកបានដៃគូអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន នោះវានឹងធ្វើឱ្យហេដ្ឋារចនាស ម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជាកាន់តែទំនើប និងកាត់បន្ថយថ្លៃដើម ដែលធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរ។លោកឡោ វិចិត្របញ្ជាក់ឲ្យដឹង។

លោកបន្ថែមថា កម្ពុជាក៏មានឆន្ទៈ ក្នុងការកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ដើម្បីវិនិយោគលើថាមពលបៃតង ដែលធ្វើឱ្យកម្ពុជាអាចក្លាយជាខ្លាសេដ្ឋកិច្ចអាសុីបាន នៅពេលដែលរដ្ឋាភិបាល បានចាត់ទុកការអភិវឌ្ឍថាម​ពលបៃតងជាអាទិភាព វាបានជំរុញឱ្យតម្លៃថ្លៃដើម ក្នុងការផលិតថាមពលមានការធ្លាក់ចុះ។

បន្ថែមពីលើនេះទៀត វិស័យទេសចរណ៍របស់កម្ពុជា ក៏មានភាពទាក់ទាញខ្លាំងផងដែរ ដោយសារមានប្រាសាទបុរាណ ឆ្នេរធម្មជាតិជាច្រើន ហើយមហាសេដ្ឋីស្រុកខ្មែរ ដូចជា អ្នកឧកញ៉ាគិត ម៉េងប្រធានអគ្គនាយកក្រុមហ៊ុនRoyal Group បានចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យសណ្ឋាគារ និងរីសត នៅតាមឆ្នេរសមុទ្រថែមទៀតផង។

ពិសេសជាងនេះទៀត សណ្ឋាគារលំដាប់ផ្កាយ៥មួយចំនួន ក៏គ្រោងបើកដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុនៅឆ្នាំ២០២៣នេះផងដែរ ដែលកត្តានេះបានបង្ហាញពីទំនុកចិត្ត របស់វិនិយោគិនលើស្ថិរភាពនយោបាយ ប្រព័ន្ធអនុគ្រោះពន្ធរបស់រដ្ឋាភិបាលកម្ពុជាលើវិស័យទេសចរណ៍ក្នុងអំឡុងវិបត្តិកូវីដ-១៩។

ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ វិស័យច្បាស់លាស់ក្នុងការប្រែក្លាយខេត្តព្រះសីហ នុទៅជាតំបន់សេដ្ឋកិច្ចពហុបំណង និងជាខេត្តមួយ ដែលមានបច្ចេកវិទ្យាជាន់ខ្ពស់ សម្រាប់នាំចេញ-នាំចូលគ្រឿងអេឡិចត្រូនិក ដែលពាក់ព័ន្ធនឹងICT។

មូលហេតុដែលកម្ពុជា បានជ្រើសរើសខេត្តព្រះសីហនុនេះ គឺដោយ​សារតែខេត្តនេះ មានកំពង់ផែទឹកជ្រៅស្រាប់ ហើយអាជ្ញាធរខេត្តនេះបានសហការជាមួយវិទ្យាស្ថានស៊ិនជិន ដើម្បីទាញយកបទពិសោធក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចដ៏ធំនៅកម្ពុជា ដូចទៅនឹងទីក្រុងស៊ិនជិនរបស់ប្រទេសចិនផងដែរ។

លោកឡោ វិចិត្របានបន្តថា “ចំណុចស្នូលដ៏ធំបំផុត គឺការប្រើប្រាស់រូបិយបណ្ណដុល្លារអាមេរិក ដែលអាចជួយប្រែក្លាយកម្ពុជា ទៅជាខ្លាសេដ្ឋកិច្ចអាស៊ី”។

ជាឧទាហរណ៍ កាលពីឆ្នាំ១៩៩៧ នៅពេលដែលរូបិយបណ្ណបាត និងរីងហ្គីតបានហើម វាធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្តលើប្រទេសថៃ និងម៉ាឡេស៊ី ព្រមទាំងជះផលប៉ះពាល់ដល់សេដ្ឋកិច្ច នៅតំបន់អាស៊ីទាំងមូលផងដែរ។

ពេលខ្លះ រូបិយបណ្ណជាតិរបស់បណ្តាប្រទេសនីមួយៗ មិនសូវមានភាពរឹងមាំ ដើម្បីទប់ទល់នឹងវិបត្តិនានា ដូចជាវិបត្តិសេដ្ឋកិច្ចធំៗ ប៉ុន្តែចាប់តាំងពីសង្គ្រាមលោកលើកទី២ រហូតដល់បច្ចុប្បន្ន ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណ ដែលត្រូវបានតម្កល់ទុកខ្លាំងនៅលើពិភពលោក។

លោកបន្តទៀតថា បណ្តាវិនិយោគិនបរទេស ចូលចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាបានប្រើប្រាស់ ប្រាក់ដុល្លារអាមេរិកដើម្បីទូទាត់ប្រាក់ខែ និងគណនាតម្លៃអចលនទ្រព្យ ហើយប្រាក់ដុល្លារនឹងនៅតែជារូបិយបណ្ណ ដែលចរាចរណ៍ និងត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោក។

លោកឡោ វិចិត្របានបន្ថែមថា លើសពីនេះកម្ពុជា មានអំណោយផលលើប្រព័ន្ធហិរញ្ញវត្ថុ ដោយសារតែកម្ពុជា មិនមានបម្រាមហាមឃាត់ណាមួយ លើការវេរលុយដុល្លារចេញ ឬចូលនោះទេ ដែលធ្វើឱ្យវិនិយោគិនពេញចិត្តកម្ពុជា ដោយសារបើពួកគាត់ចំណេញប្រាក់១លានដុល្លារ គឺពួកគាត់អាចវេរទៅក្រៅប្រទេសទាំង១លានដុល្លារ ដោយគ្មានការហាមប្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here