ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ធនាគារនានាបាននិងកំពុងដើរតួនាទីកាន់តែសកម្ម ក្នុងការបង្ហូរឥណទានរាប់ពាន់លានដុល្លារ ដល់វិស័យសំណង់និងអចលនវត្ថុកម្ពុជា ដែលវាបានក្លាយជាកម្លាំងចលករមួយដ៏សំខាន់ក្នុងវិស័យនេះ។
ប្រធានផ្នែកលក់ និងទីផ្សារនៃបុរីវិមានភ្នំពេញ អ្នកនាង ឆាយ ស៊ីណា បាននិយាយកាលពីពេលថ្មីៗនេះថា ធនាគារពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ព្រោះអ្នកទិញលំនៅឋានបច្ចុប្បន្ន៩០ភាគរយ បានប្រើប្រាស់ឥណទានរបស់ធនាគារនានា ដែលអត្រាការប្រាក់បាននិងកំពុងធ្លាក់ចុះ មកនៅត្រឹមជាង៨ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ។ អ្នកនាងបន្តថា អ្នកខ្លះបានប្រើប្រាស់ការបង់រំលស់តាមរយៈក្រុមហ៊ុន និងខ្លះទៀតបានប្រើប្រាស់ឥណទានរបស់ធនាគារ។
-->
អ្នកនាងបន្តថា “អ្នកប្រើប្រាស់ឥណទានធនាគារភាគច្រើនជាប្រជាជនវ័យក្មេង ដែលទើបរៀបការហើយបែកពីគ្រួសារមករស់នៅជាមួយប្តី ប្រពន្ធរបស់ពួកគេ ប៉ុន្តែសម្រាប់មនុស្សវ័យចំណាស់ មិនសូវប្រើប្រាស់ឥណទានរបស់ធនាគារនោះទេ ពួកគេតែងតែប្រើប្រាស់សាច់ប្រាក់សុទ្ធដើម្បីទិញលំនៅឋានសម្រាប់រស់នៅក៏ដូចជាទិញលំនៅឋានសម្រាប់កូនរបស់ពួកគេ។
ទោះបីជាយ៉ាងណាលោក អ៊ីន ស៊ីផាន់ នាយកប្រតិបត្តិឥណទាននៃធនាគារអេស៊ីលីដាបានថ្លែងថា ឥណទានលំនៅឋាន មិនមែនជាផ្នែកអាទិភាពរបស់ធនាគារអេស៊ីលីដានោះទេ ព្រោះមានឥណទានរបស់ធនាគារសម្រាប់វិស័យអចលនវត្ថុ៧ភាគរយ និងឥណទានសម្រាប់ជួសជុលលំនៅឋាន ប្រមាណ១ភាគរយប៉ុណ្ណោះ នៃឥណទានរបស់ធនាគារអេស៊ីលីដាសរុប។ លោកបន្តថា ប៉ុន្តែទោះជាយ៉ាងណាឥណទាន សម្រាប់វិស័យលំនៅឋានបានកើនឡើងជារៀងរាល់ឆ្នាំ។
លោកបន្តថា “ឥណទានលំនៅឋាន បានជួយជំរុញដល់កំណើនវិស័យអចលនទ្រព្យច្រើន ព្រោះពេលសេដ្ឋកិច្ចរីកចម្រើន និងកំណើនប្រជាពលរដ្ឋពិសេសក្មេងស្រករក្រោយ ដែលរៀបការហើយបានបែកពីឪពុកម្តាយ ទៅទិញលំនៅឋានថ្មីៗច្រើន ដែលបានធ្វើឲ្យវិស័យអចលនទ្រព្យរីកចម្រើន។
អ្នកដែលទទួលឥណទានលំនៅឋានពីធនាគារភាគច្រើន ជាប្រជាជនវ័យក្មេងដែលទើបរៀបការរួច និងអ្នកខ្លះមានឪពុកម្តាយជាអ្នកទិញឲ្យ។
តើការផ្តល់ឥណទានមានភាពប្រុងប្រយ័ត្នយ៉ាងដូចម្តេច ដើម្បីបញ្ចៀសហានិភ័យ? លោកអ៊ីន ស៊ីផាន់ បានថ្លែងថា បញ្ហាសំខាន់នៃការផ្តល់ឥណទាន គឺយើងយកចិត្តទុកដាក់ខ្ពស់ ដើម្បីវាយតម្លៃអតិថិជនឲ្យបានត្រឹមត្រូវ ប៉ុន្តែយើងក៏ប្រុងប្រយ័ត្នពីការវាយតម្លៃមិនត្រឹមត្រូវដែរ ព្រោះបើវាយតម្លៃខុស ទោះបីជាអ្នកវិភាគពូកែយ៉ាងណាក៏ដោយក៏ពួកគេវិភាគខុសដែរ ព្រោះពួកគេទទួលបានព័ត៌មានខុស។លោកបន្តថា តាមធម្មតាអតិថិជន តែងចង់បំប៉ោងពីចំណូលពីមុខរបររបស់ខ្លួន ដើម្បីទទួលបានឥណទានច្រើន។ ដូចនេះទើបយើងជ្រើសរើសអតិថិជនផ្អែកលើប្រវត្តិ និងអត្តចរិករបស់គាត់នៅក្នុងសង្គម និងផ្តោតលើសមត្ថភាពនៃការសងត្រឡប់មកវិញ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមទីប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា ឧបមាថាយើងទិញត្រី ទិញបន្លែ ទិញអង្ករ យើងទិញមកភ្លាមគឺយកមកហូបភ្លាម តែការទិញផ្ទះ ឬអចលនទ្រព្យដទៃទៀតមិនមែនហូបភ្លាមទេ ព្រោះវាជារបស់អាចទុកយូរបាន និងជាចំនួនលុយធំហើយអ្នកទិញមិនសូវមានប្រាក់នោះទេគឺ ភាគច្រើនពួកគេបានប្រើប្រាស់ឥណទានរបស់ធនាគារ ដោយរំពឹងលើការសងត្រឡប់នៅថ្ងៃអនាគត ប៉ុន្តែប្រសិនបើធ្វើផ្ទះលក់ ឬជួលហើយជួលមិនដាច់ នោះនឹងធ្វើពួកគេឲ្យគ្មានប្រាក់សងធនាគារ និងអាចធ្វើឲ្យធនាគារដួលរំលំ ហើយពេលធនាគារដួលរលំ វានឹងធ្វើឲ្យដួលប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ។
លោកបន្តថា “ត្រូវប្រយ័ត្នប្រយែង ព្រោះបើសង់ផ្ទះជួលតែជួលមិនបាន សង់ផ្ទះលក់ហើយលក់មិនចេញ វានឹងធ្វើឲ្យមានបញ្ហា។ ដូចនេះកុំធ្វើខ្លាំងពេក កុំជ្រុលនិយមជារឿងល្អ។ លោកបានបន្ថែមថា៖“រដ្ឋាភិបាលក៏បានគិតគូ និងមានភាពប្រយ័ត្នប្រយែង ព្រោះការប្រយ័ត្នប្រយែងជារឿងសំខាន់ និងកុំធ្វើអ្វីលឿនពេក។ វិស័យដែលរីកចម្រើនលឿនពេក តែងតែមានមហន្តរាយនៅថ្ងៃក្រោយ។
លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា រដ្ឋាភិបាលគួរគ្រប់គ្រងលំហូរសាច់ប្រាក់ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានលំហូរសាច់ប្រាក់ចូលក្នុងវិស័យនេះច្រើនពេក តែការទប់លំហូរសាច់ប្រាក់ក៏ធ្វើឲ្យសេដ្ឋកិច្ចមិនដើរផងដែរ ដូចនេះការគ្រប់គ្រងលំហូរសាច់ប្រាក់គួរធ្វើឲ្យភាពថ្លឹងថ្លែងផងដែរ។
ទោះបីជាយ៉ាងណាឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា រហូតមកទល់ពេលនេះ ក្រសួងមិនទាន់មើលឃើញមានហានិភ័យណាមួយ ក្នុងវិស័យអចលនទ្រព្យនៅឡើយទេ ប៉ុន្តែក្រសួងបាននិងកំពុងធ្វើការជាមួយអ្នកវិនិយោគក្នុងវិស័យនេះដើម្បីគ្រប់គ្រងទិន្ធន័យពីការអភិវឌ្ឍ តម្រូវការ និងការផ្គត់ផ្គង់ឲ្យបានច្បាស់លាស់ដើម្បីទប់ស្កាត់ហានិភ័យក្នុងវិស័យនេះនាពេលអនាគត៕