ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានធ្វើឲ្យរោងចក្រផលិតស្បែកជើងធំមួយរបស់ចិន ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា ឮបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ។
មូលហេតុនេះ អាស្រ័យដោយកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ម្ចាស់ ក្រុមហ៊ុនផលិតស្បែកជើងអលវីនស៊ូ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៣មីនា២០២៣ ។
លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូបានឱ្យដឹងថា រោងចក្ររបស់ខ្លួនបានដាក់ទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ហើយសម្រាប់ខ្សែច្រវ៉ាក់ផលិតកម្មនឹងអាចដំណើរការ នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២៣នេះ ។
លោកក៏បានជម្រាបជូន ពីតម្រូវការបុគ្គលិកជិត១០០០នាក់ ដើម្បីផលិតស្បែកជើង ឱ្យបាន៧០ម៉ឺនគូក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក ។
លោកចង់បានអនុសាសន៍ណែនំាបន្ថែមពីរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះការអនុវត្តច្បាប់របស់កម្ពុជា ខណៈដែលរោងចក្ររបស់លោក បានដំណើរការនៅក្នុងប្រទេសចិន និងនៅប្រទេសមីយ៉ាន់ម៉ា គឺចូលរួមអនុវត្តន៍ច្បាប់បានយ៉ាងល្អ។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែង អំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្ត មកលើកម្ពុជាហើយកម្ពុជា ក៏សូមស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ។

លោកបន្តថា “កម្ពុជាមានទីផ្សារនាំចេញផលិតផល ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម”។
លោកបន្តថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្ម ផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាព នៃការការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជាមួយដៃគូច្រើន រួមជាមួយកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ដោយក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងមានតម្រូវការ ទាំងពេលបច្ចុប្បន្ន និងអនាគត។
លោកបន្ថែមថា កម្ពុជាមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ណាស់ សម្រាប់ធ្វើការអភិវឌ្ឍវិស័យមួយនេះ បើមានបញ្ហាអ្វីមួយកើតឡើង នឹងមានយន្តការសម្រាប់ដោះស្រាយ៕