ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលបានដាក់ចេញអនុសាសន៍ និងតម្រូវឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន អនុវត្តន៍តាមយន្តការការងារចំនួន៦ចំណុច ដើម្បីធ្វើឲ្យផ្លូវនេះជាផ្លូវដ៏ល្អ និងមានគុណភាព សុវត្ថិភាពខ្ពស់។
ផ្លូវល្បឿនលឿននេះ នឹងចាប់ផ្តើមពីភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន China Road and Bridge Corporation (Cambodia) ដែលសិក្សានិងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា SAWAC Consultant (Cambodia) Co., Ltd.។
កិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយលោកផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលផ្តោតលើការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានប្រវែង១៩០,០១៦គីឡូម៉ែត្រ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ បានផ្តល់អនុសាសន៍ចំនួន៦ចំណុចឲ្យក្រុមហ៊ុនសាងសង់គោរពតាមរួមមាន ទី១ គាំទ្រលើគម្រោងវិនិយោគនេះ ពីព្រោះគម្រោងនេះចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ ទី២ ស្នើក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រុមហ៊ុនម្ចាស់គម្រោងធ្វើការជាមួយ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិពាក់ព័ន្ធនឹងការប៉ះពាល់តំបន់ការពារដោយ គម្រោងនេះ ទី៣ ក្រុមហ៊ុនម្ចាស់គម្រោងត្រូវគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៅ តាមចំណតទាំង៤ នៃផ្លូវល្បឿនលឿន។
ទី៤. ស្នើក្រុមហ៊ុនម្ចាស់គម្រោងដាំដើមឈើអមសងខាងផ្លូវល្បឿនលឿន ទី៥. ស្នើក្រុមហ៊ុនម្ចាស់គម្រោងសិក្សាឡើងវិញអំពីការបង្កើនចំនួនស្ពានប្រអប់ ស្ពានអាកាស និងផ្លូវ ក្រោមដី សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់ និងទី៦. ក្រុមហ៊ុនម្ចាស់គម្រោងត្រូវធ្វើការកែសម្រួលរបាយការណ៍នេះ តាមរាល់មតិយោបល់ទាំងអស់របស់ ក្រុមការងារនាយកដ្ឋានជំនាញ តំណាងអគ្គនាយដ្ឋាននៃក្រសួងបរិស្ថាន និងតំណាងក្រសួង-ស្ថាប័ន ជំនាញពាក់ព័ន្ធ ដែលផ្តល់យោបល់ក្នុងអង្គប្រជុំ រួមទាំងបញ្ចូលទាំងមតិបូកសរុបរបស់ប្រធានអង្គប្រជុំ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធដូចជា ក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(រដ្ឋបាលព្រៃឈើ និងជលផល) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថានខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្តកណ្តាល និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ៕