ដោយគង់ សូរិយា
ភ្នំពេញ: តម្លៃដីនៅកោះអន្លង់ចិន ក្នុងខេត្តកណ្តាល បានកើនឡើងយ៉ាងគំហុកបន្ទាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកការដ្ឋានសាងសង់ផ្លូវការក្រវាត់ក្រុងទី៣ និងមានស្ពានពីរនឹងត្រូវសាងសង់ ឆ្លងកាត់កោះនៅកណ្តាលទន្លេបសាក់នេះ។
ប្រធានក្រុមប្រឹក្សាឃុំកោះអន្លង់ចិន លោក ជ្រិន ជ្រៀង បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៦ មករាកន្លងមកថា តំលៃដីធ្លីនៅលើកោះអន្លង់ចិនកាលពីមុន ត្រឹមតែប្រមាណ១តម្លឹងមាសក្នុងមួយឡូតិ៍ ដែលមានទំហំដីប្រមាណជិត១០០០ម៉ែត្រការ៉េ។
ក្រោយមកបានឡើង រហូតមកដល់៣ម៉ឺនដុល្លារអាមេរិកក្នុងមួយឡូត៍។ ប៉ុន្តែបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសបើកការដ្ឋានសាងសង់ស្ពានផ្លូវក្រវាត់ក្រុងទី៣រួចមក បានធ្វើអោយតំលៃនៅលើកោះអន្លង់ចិន បានហក់ឡើងប្រមាណពី៨០ទៅ១០០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ។
លោកបន្តថា “បច្ចុប្បន្ន ប្រសិនប្រជាពលរដ្ឋហ៊ានប្រកាសថាលក់ដីនោះ នឹងមានឈ្មួញចុះទៅទិញភ្លាម ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋហាក់នៅចាំមើលគេមើលឯងសិន តែទោះយ៉ាងណាមួយចំនួនធំ គឺគេគ្មានបំណងនឹងលក់ដីផ្ទះសំដែង និងដីដំណាំរបស់ខ្លួននោះទេ”។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍ថា លោកមិនមានការភ្ញាក់ផ្អើលពីកំនើនតម្លៃដីធ្លីនេះទេ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋជាកត្តាមួយ ក្នុងចំណោមកត្តាចំនងៗជាច្រើន ដែលធ្វើឲ្យតម្លៃដីកើនឡើង។
លោកបន្តថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល មិនត្រឹមតែជួយឲ្យតម្លៃអចលនទ្រព្យកើនឡើងនោះទេ តែជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជាការបង្រួម
គំលាតនៃការអភិវឌ្ឍរវាងទីក្រុង និងជនបទផងដែរ។
លោកបន្តថា “កត្តាដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើងមានច្រើន ដូចជាសុខសន្តិភាព កំនើនសេដ្ឋកិច្ច លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស និងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល”៕