ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ បន្ទាប់ពីទទួលបានចំណាឯកភាពពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ក្រុមវិស្វករ និងស្ថាបត្យករល្បីៗកំពុងធ្វើការយ៉ាងសកម្ម ដើម្បីរៀបចំនូវគំរូស្ថាត្យកម្ម និងស្តង់ដានគរូបនីយកម្ម នៃទីក្រុងនាគរាជសម្តេចតេជោដ៏ធំនេះ។
គេហទំព័រ Propertyarea.asia បានជួបសម្ភាសន៍ផ្តាច់មុខជាមួយលោក ភឿង សុភ័ណ្ឌ ស្ថាបត្យករ និងជារដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
តើទីក្រុងនាគរាជសម្តេចតេជោបានវិវត្តន៍យ៉ាងដូចម្តេច?
ទីក្រុងនាគរាជ សម្តេចតេជោ ដែលមានទំហំជាង៣ម៉ឺនហិកតានេះ កំពុងស្ថិតក្នុងការឌីសាញបញ្ចប់ បន្ទាប់ពីគំរោងនេះបានដាក់ឆ្លងសម្តេចតេជោ ដែលសម្តេចបានឯកភាពនិងបានឲ្យលោក និងក្រុមការងាររៀបចំឌីសាញលំអិតពីទីក្រុងនេះ។ លោកបន្តថា គំរោងនេះគ្រោងចំណាយទឹកប្រាក់៨០ពាន់លានដុល្លារអាមេរិក ដែលបច្ចុប្បន្នមានក្រុមហ៊ុនចិនមួយចំនួនកំពុងចាប់អារម្មណ៍។
រហូតមកទល់ពេលនេះ មានក្រុមហ៊ុនចិនពីរឬបី ក្នុងចំណោមគម្រោងមួយចំនួន៥កំពុងសិក្សា និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរូមក្នុងគម្រោងសាងសង់ទីក្រុងទំហំជាង៣០,០០០ហិកតានេះ។
តើលោកអាចបញ្ជាក់ពីទីតាំងពិតប្រាកដរបស់ទីក្រុងនេះបានឬទេ?
ខ្ញុំគ្រាន់តែអាចជម្រាបថា ទីក្រុងនាគរាជសម្តេចតេជោ ស្ថិតនៅប្របតាមដងទន្លេសាប និងទន្លេមេគង្គនេះ ដែលជាធាតុទឹក តំណាងឲ្យភាពត្រជាក់ត្រជុំ ហេតុនេះ ទើបយើងជ្រើសរើសយកទីក្រុងនេះនៅជិតទន្លេ ដែលមានចំហាយទឹក ហើយត្រូវនឹងពង្សរបសសត្វនាគ ដែលជាសត្វចូលចិត្តលេងទឹក។
ខ្ញុំមិនអាចជម្រាបពីទីតាំងជាក់លាក់ទេ ដើម្បីកុំឲ្យមានការផ្ទុះនូវតម្លៃដីធ្លី ដែលធ្វើឲ្យមានការលំបាក ក្នុងការសាងសង់ទីក្រុងនេះនាពេលអនាគត។
វាជាគំរោងទីក្រុងដ៏ធំនិងចំណាយទុនច្រើន តើលោករំពឹងដូចម្តេចពីការស្វែងរកទុន ដើម្បីសាងសង់ទីក្រុងនេះ?
លោកសំណូមពរឲ្យចិនជួយកសាងទីក្រុងនេះ សម្រាប់មនុស្សជាតិ និងជាមរតកបន្សល់ទុកក្រោមការដឹកនាំសម្តេចតេជោ ព្រោះកម្ពុជាប្រកាន់នយោបាយចិនតែមួយ ហេតុនេះចិនគួរតែជួយកម្ពុជា ពិសេសជួយសម្តេចតេជោ ដើម្បីកសាងទីក្រុងនាគរាជសម្តេចតេជោ ដែលសម្តេចមានឆ្នាំកំណើតឆ្នាំរោង ត្រូវនឹងឆ្នាំកំណើតរបស់សម្តេចទៀតផង។
តើហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះត្រូវរៀបចំដូចម្តេច?
ហេដ្ឋារចនាសម្ព័ន្ឋជារឿងសំខាន់ណាស់ ដែលត្រូវមានចក្ខុវិស័យគិតគូរយៈពេលវែង ហេតុនេះហើយទើបក្រុមស្ថាបត្យករ គិតគូពីការធ្វើយ៉ាងណាឲ្យទីក្រុងនេះមិនមានការកកស្ទះ និងដោះស្រាយបញ្ហាចរាចរណ៍បានយូរអង្វែងរហូតដល់៥០០ឆ្នាំ។
អ្វីដែលយើងកំពុងធ្វើ គឺរកទុនសិន ដើម្បីយកមកកសាងទីក្រុងនេះ ព្រោះ រដ្ឋាភិបាលអាចចូលរួមបដិភាគប៉ុណ្ណោះ ដើម្បីកសាងទីក្រុងដ៏អ ស្ចារ្យនេះឡើង។លោកបន្តថា ទីក្រុងនេះមានផ្លូវគោក ផ្លូវអាកាស ផ្លូវក្រោមដី និងផ្លូវទឹក៕