តើអ្វីទៅជាហេតុផលនៅពីក្រោយការហក់ឡើងថ្លៃខ្ពស់នៃតម្លៃ សំបុត្រយន្តហោះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: វិស័យអាកាសចរណ៍ពិភពលោក បានជួបប្រទះនឹងការចាប់ផ្តើមដ៏ជោគជ័យក្នុងឆ្នាំ២០២៣នេះ ដោយសារការរឹតបន្តឹងការធ្វើដំណើរត្រូវបានដកចេញ ដែលអនុញ្ញាតឱ្យមនុស្សហោះហើរដោយមានឧបសគ្គតិចជាងពេលមុន។

លើសពីនេះទៀត សូម្បីតែប្រទេសដែលមានគោលនយោបាយកូវីដតឹងរ៉ឹងបំផុត ដូចជាប្រទេសចិនជាដើម ក៏បានដកការរឹតបន្តឹងរបស់ពួកគេលឿនជាងការរំពឹងទុកផងដែរ។

ប៉ុន្តែឧស្សាហកម្មអាកាសចរណ៍ ប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម ដោយសារតម្រូវការសម្រាប់ការធ្វើដំណើរ តាមផ្លូវអាកាសកើនឡើង ខណៈដែលសមត្ថភាពកៅអីនៅមានកម្រិត ដែលមូលហេតុនេះ បានបណ្តាលឱ្យមានការកើនឡើង គួរឱ្យកត់សម្គាល់នៃថ្លៃសំបុត្រយន្តហោះ។

ចុះតើអ្វីទៅជាហេតុផលចម្បង សម្រាប់ការហក់ឡើងថ្លៃនៃតម្លៃសំបុត្រយន្តហោះ?

នៅក្នុងឆ្នាំ២០២០ ការរឹតបន្តឹងការធ្វើដំណើរ បានបង្កការខូចខាតយ៉ាងធំដល់ឧស្សាហកម្មអាកាសចរណ៍ ដែលបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍ក្ស័យធន និងការបញ្ឈប់ការងារយ៉ាងទូលំទូលាយ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២២ កងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍សកល មានយន្តហោះសរុបចំនួន២៨.៦៧៤គ្រឿង ដោយយន្តហោះ៥.១៦១គ្រឿង នៅតែត្រូវផ្អាកដំណើរការ ជាចម្បងនៅតំបន់អាស៊ី។ នេះបើយោងតាមក្រុមហ៊ុន ផ្តល់ទិន្នន័យអាកាសចរណ៍ ch-aviation ។

ទោះបីជាយ៉ាងណាក្តី ល្បឿននៃការងើបឡើងវិញ នៃឧស្សាហកម្មអាកាសចរណ៍ បានចាប់ផ្តើមបង្កើនល្បឿន នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២ ដោយជួយស្តារតម្រូវការធ្វើដំណើរ ក្រៅប្រទេសឡើងវិញ។

យោងតាមសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា ចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសសកល នៅឆ្នាំ២០២២បានងើបឡើងវិញ ដល់៦៨,៥ភាគរយ នៃកម្រិតឆ្នាំ២០១៩ ដែលកើនឡើងពី៤១,៧ភាគរយនៅក្នុងឆ្នាំ២០២១។

លោក Philip Goh អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន IATA បានអះអាងថា តម្រូវការនឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស ដែលជំរុញឱ្យតម្លៃសំបុត្រយន្តហោះហក់ឡើងខ្ពស់។

លោកបានបន្តថា “ការកើនឡើងនៃថ្លៃសំបុត្រយន្តហោះសម្រាប់អ្នកដំណើរគឺប្រហាក់ប្រហែល នឹងតម្លៃទំនិញដ៏ខ្ពស់នៃសេវាកម្មដឹកជញ្ជូន ក្នុងអំឡុងពេលជំងឺរាតត្បាតរយៈពេល៣ឆ្នាំ នៅពេលដែលការផ្គត់ផ្គង់មានកម្រិត មិនអាចត្រូវនឹងតម្រូវការ ហើយតម្លៃ​ប្រេង​ឥន្ធនៈក៏​បាន​រួម​ចំណែក​ដល់​ការ​ហក់ឡើង​ថ្លៃ​ នៃសំបុត្រយន្តហោះផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here