ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានបង្ហើបឲ្យដឹងថា កម្ពុជា បានរកឃើញតំបន់មានប្រេងកាតទាំងនៅក្នុងសមុទ្រ និងលើគោកមានចំនួន២៥ប្លុក ដែលអាចផលិតប្រេងបានចំនួន៥លានតោនក្នុងមួយឆ្នាំ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងកាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកានេះថា កម្ពុជានឹងទទួលបានដំណក់ប្រេងតំបូងនៅប្លុកអេនាឆ្នាំ២០១៩ខាងមុខ ដែលក្រុមហ៊ុន KRISENERGY របស់សិង្ហបុរីកំពុងរៀបចំក្នុងការទាញយក។ លោកបន្តថា តំបន់ប្លុកអេអាចផលិតប្រេងកាត បាន៣១លានបារ៉ែលនៅដំណាក់កាលទី១ ក្នុងប្លុកA និងប្លុកB ខណៈប្លុកC ក្រុមហ៊ុនម៉ាឡេស៊ីកំពុងសិក្សាស្រាវជ្រាវ និងប្លុកផ្សេងទៀតមានក្រុមហ៊ុន បរទេសកំពុងដាក់ពាក្យសុំរុករកបន្ថែម។
-->

លោកស៊ុយ សែម រដ្ឋមន្ត្រីបានបន្តថា តំបន់ប្រេងនៅសមុទ្រ គឺមានចំនួន៦ប្លុក គឺប្លុក A.B.C.D.E និងប្លុកF ប៉ុន្តែប្លុក A និងប្លុកB នឹង ចាប់ផ្តើមផលិតនៅឆ្នាំ២០១៩ ខាងមុខនេះ ដោយក្រុមហ៊ុន KRISENERGY របស់ប្រទេសសិង្ហបុរី ដែលអាចផលិតបាននៅដំណាក់កាលទី១ បានចំនួន៣១លានបារ៉ែល ហើយប្លុកC មានក្រុមហ៊ុនម៉ាឡេស៊ី កំពុងសិក្សាស្រាវជ្រាវ និងប្លុកមួយចំនួនទៀតមានក្រុមហ៊ុនផ្សេងកំពុងដាក់ពាក្យសុំរុករក ស្រាវជ្រាវនាពេលឆាប់ៗនេះផងដែរ។
ចំណែកតំបន់ប្រេងនៅលើគោកវិញ គឺបានរកឃើញនៅខេត្តកំពង់ធំ ដោយមានចំនួន១៩ប្លុក ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនប៉េត្រូ របស់វៀតណាមកំពុងបានដាក់ពាក្យសុំសិក្សាស្រាវជ្រាវ និងប្លុកប្រេងចំនួន១៨ប្លុកទៀតគឺពុំទាន់មានក្រុមហ៊ុនណាមួយស្ម័គ្រចិត្តទាន់ចូលនោះឡើយ។
លោកស៊ុយ សែម បានលើកឡើងថា អាជ្ញាធរនឹងរៀបចំឲ្យបានល្អប្រសើរ និងងាយស្រួលដល់ការដឹកជញ្ជូន ហើយនឹងធ្វើបំពង់បង្ហូរប្រេងពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញ និងខេត្តធំៗមួយចំនួនដែលពាក់ព័ន្ធផងដែរ។ ហើយនៅដើមឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងរ៉ែ និងថាមពល នឹងដាក់សេចក្តីព្រៀងច្បាប់ ស្តីពីប្រេងកាតនៅកម្ពុជា ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យនិងអនុម័ត។
លោកង៉ែត ជូទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា ការទទួលបានផលប្រេង ជារឿងល្អសំរាប់កម្ពុជា ដែលអាចមានលទ្ឋភាពទាញយកមកប្រើប្រាស់ និងអភិវឌ្ឍន៍ប្រទេសយើងបន្ថែមទៀត ប៉ុន្តែកម្ពុជានាពេលបច្ចុប្បន្ននេះកំពុងជួបការខ្វះខាតនូវនិតិវិធី និងក្របខ័ណ្ឌច្បាប់គតិយុត្តិនានា ដើម្បីធានាថាប្រាក់ដែលទទួលបានពីធនធានប្រេង នឹងត្រូវយកទៅប្រើប្រាស់ឲ្យមានតម្លាភាព និងប្រសិទ្ឋភាពខ្ពស់៕