ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការិយាល័យទិន្នន័យ របស់សហភាពអឺរ៉ុប Eurostat បានឱ្យដឹងកាលពីថ្ងៃអង្គារ ម្សិលមិញនេះថា នៅក្នុងខែធ្នូ ១៨%នៃការនាំចូលប្រេងឆៅ របស់ប្លុកសហភាពអឺរ៉ុប បានមកពីសហរដ្ឋអាមេរិក។
ប្រទេសរុស្ស៊ីធ្លាប់ជាអ្នកផ្គត់ផ្គង់ប្រេងឆៅ លំដាប់កំពូលរបស់ប្លុកអឺរ៉ុប ដែលគ្របដណ្តប់៣១ភាគរយ នៃការនាំចូលសរុបរហូតដល់ចុងខែមករា ឆ្នាំ២០២២។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកបានជាប់លំដាប់ទីពីរ ជាមួយនឹងចំណែកអតិបរមា១៣ភាគរយ។
-->
ទោះបីជាយ៉ាងនេះក្តី ការឈ្លានពានរបស់ទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២បាននាំឱ្យមានការចលាចល ក្នុងការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុប។
រដ្ឋសមាជិកសហភាពអឺរ៉ុបនានា បានកាត់បន្ថយការនាំចូលថាមពលរបស់រុស្ស៊ី ហើយប្លុកនេះក៏បានព្រួត ដាក់ទណ្ឌកម្មលើការនាំចេញប្រេង និងធ្យូងថ្មរបស់ប្រទេសនេះ ដើម្បីឆ្លើយតបនឹងសង្គ្រាមបង្កឡើងដោយរុស្ស៊ីផងដែរ។
កាលពីខែធ្នូ សហភាពអឺរ៉ុបបានហាមឃាត់ ការនាំចូលប្រេងឆៅពីសមុទ្ររុស្ស៊ី និងបានដាក់តម្លៃកំណត់ ដែលរារាំងអ្នកដឹកជញ្ជូន ឈ្មួញកណ្តាលធានារ៉ាប់រង និងក្រុមហ៊ុនផ្សេងទៀតពីការផ្តល់សេវាកម្មរបស់ពួកគេ ប្រសិនបើប្រេងរុស្ស៊ី ត្រូវបានទិញក្នុងតម្លៃលើសពី៦០ដុល្លារក្នុងមួយបារ៉ែល។

នៅពេលសង្រ្គាមផ្ទុះឡើង ប្រទេសមួយចំនួននៅតំបន់អឺរ៉ុបក៏ចាប់ផ្តើមកាត់បន្ថយ ការនាំចូលឧស្ម័នធម្មជាតិពីរុស្ស៊ីផងដែរ។ ក្រុមហ៊ុនថាមពលរដ្ឋ Gazprom ដំបូងបានកាត់បន្ថយការចែកចាយឧស្ម័នតាមរយៈបំពង់ Nord Stream 1 ដែលមានប្រហែល៣៥%នៃការនាំចូលឧស្ម័នរុស្ស៊ី សរុបរបស់អឺរ៉ុបក្នុងឆ្នាំ២០២១។
ចំណែកនៅក្នុងខែកញ្ញា ក្រុមហ៊ុននេះបានបិទបំពង់បង្ហូរប្រេង ដោយលើកឡើងពីបញ្ហាបច្ចេកទេស។
ទិន្នន័យរបស់ Eurostat បានបង្ហាញថា ចំណែករបស់រុស្ស៊ីនៃការនាំចូលឧស្ម័នធម្មជាតិរបស់អឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំងពី៣១ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មកជិត១៩ភាគរយនៅចុងឆ្នាំ២០២២។
ស្ថានភាពនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នធំជាងគេទីពីរ របស់ប្លុកសហភាពអឺរ៉ុប ដោយមានចំណែកជិត២០ភាគរយ ពោលគឺស្ថិតនៅពីក្រោយប្រទេសន័រវេស ដែលគ្របដណ្តប់ស្ទើរតែ៣១ភាគរយ នៃការនាំចូលឧស្ម័នរបស់សហភាពអឺរ៉ុប។
លោក Jay Maroo អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនផ្តល់ទិន្នន័យ Vortex បានមានប្រសាសន៍ថា “ការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិកទៅកាន់ទ្វីបអឺរ៉ុប បានកើនឡើងមុនផ្ទុះសង្រ្គាម ទោះបីជាការឈ្លានពានរបស់រុស្ស៊ី បានបង្កើនតម្រូវការ ក្នុងការបង្កើនការដឹកជញ្ជូនពីប្រភពជំនួសផ្សេងៗយ៉ាងណាក្តី”៕