ធនាគារអភិវឌ្ឍន៍អាស៊ី: សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើង៥,៥ភាគរយនៅឆ្នាំនេះ និង៦,៦ភាគរយនៅឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ

ភ្នំពេញ៖ យោងតាមរបាយការណ៍ចេញ ផ្សាយនៅថ្ងៃទី៤ខែមេសាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា ៥,៥% ក្នុងឆ្នាំ ២០២៣ និង ៦,០% នៅឆ្នាំ ២០២៤ ដែលជំរុញដោយការងើបឡើងវិញដ៏រុឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារ ADB លោកស្រី Jyotsana Varma បានមានប្រសាសន៍ថា “ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ដែលជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមាន ភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅ
ឆ្នាំ២០២៣”។

យោងតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development It’ll ឬ ហៅកាត់ថា ADO) ឆ្នាំ២០២៣ បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ក្នុងឆ្នាំ២០២៣ មុនពេលថយបន្តិច មកត្រឹម ៦,៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថានឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,០% ក្នុងឆ្នាំ ២០២៣ និង ៤,០% នៅឆ្នាំ ២០២៤។

របាយការណ៍នេះរំលេចថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ប្រទេស ក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួល បានសក្តានុពលកំណើនរយៈពេលវែង។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើង ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២២ ជាពិសេសដោយសារកំណើនតម្រូវការខាងក្រៅលើផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា ដែលជំរុញឡើងវិញនូវតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើន អនុវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងទំនាក់ទំនងក្នុងស្រុក ជាមួយនឹងភាពប្រសើរឡើងនៃទំនុកចិត្ត។

ក្នុងការធ្វើដំណើរ និងការលុបចោលការរឹតបន្តឹងការធ្វើដំណើរ ការមកដល់នៃភ្ញៀវអន្តរជាតិបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់ប្រហែល ២,៣ លាននាក់ក្នុងឆ្នាំ ២០២២ ពីមូលដ្ឋានទាបប្រហែល ២០០.០០០ កាលពីឆ្នាំ ២០២១ ខណៈកំណើននៃវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ ២០២២ ដោយសារតែតម្លៃប្រេង
ឥន្ធនៈ និង វត្ថុធាតុដើមសម្រាប់វិស័យកសិកម្មផ្សេងទៀត។

កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅចុះខ្សោយនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។

ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ គោលនយោបាយរួមទាំងច្បាប់វិនិយោគឆ្នាំ២០២១ ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។

ផលិតផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៥,៨% ក្នុងឆ្នាំ ២០២៣ មុននឹងហក់ឡើងដល់ ៧,៨% នៅឆ្នាំ ២០២៤។ កំណើនវិស័យសំណង់ត្រូវបានរំពឹងថានឹងនៅតែមានយឺតយ៉ាវ។ វិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង ១,១% នៅឆ្នាំនេះ និង ១,២% ក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលដំណាំសម្រាប់ការនាំចេញ។

លោកស្រី Jyotsana Varma បានបន្ថែមថា “ហានិភ័យដែលអាចធ្វើឱ្យប្រែប្រួលទស្សនវិស័យនេះ រួមមានកំណើនខ្សោយនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរ និងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណៈរដ្ឋប្រជាមានិតចិន តម្លៃថាមពលខ្ពស់ និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម”។

ធនាគារ ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២,៤ ពាន់លានដុល្លារ ក្នុងប្រទេសកម្ពុជា ជាមួយប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមជាង៣៥០លានដុល្លារ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២២។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។

ដោយបង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេសមានប្រភពមកពីតំបន់ខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here