ប្រធានសមាគមកម្ពុជា ជប៉ុនកំពុងធ្វើការសំខាន់ចំនួន៤និងបានបង្ហើបក្នុងជំនួបជាមួយសម្តេចតេជោ

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣ កន្លងមក លោកតាកាហាស៊ី បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់សមាគមជប៉ុន -កម្ពុជា ដែលក្នុងនោះទី១- កំពុងរៀបចំវេទិកាព័ត៌មាន អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុងស្វែងរកការវិនិយោគ នៅក្រៅប្រទេស។

ទី២-កំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស លើវិស័យកែសម្ផស្ស, លើសវិស័យជួសជុលយានយន្ត និងលើវិស័យ បដិសណ្ឋារកិច្ច។ទី៣-កំពុងរៀបចំខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលក្នុងនោះ នឹងមានការអុចកាំជ្រួចអបអរសាទរផងដែរ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ។

ទី៤- ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើកទីផ្សារ។

ទី៥- គោរពសម្ដែងការអបអរសាទរជូន ចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ី ដែលបានធ្វើរបាយការណ៍ជូនសម្ដេច ហើយបានលើកទឹកចិត្ត ឱ្យបន្តការខិតខំចលនាអ្នកវិនិយោគមកកម្ពុជា ដែលជាអាទិភាពរបស់កម្ពុជា ហើយនៅពេលនេះ កម្ពុជា ក៏មានច្បាប់វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោគនោះ នឹងផ្ដល់នូវភាពអនុគ្រោះច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា។

សម្ដេចតេជោ ក៏បានស្នើសុំឲ្យលោកតាកាហាស៊ី បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស ហើយក៏បានជម្រាបជូនឯកឧត្តមផងដែរថា កម្ពុជា នៅពេលនេះ កំពុងមានគម្រោងបណ្ដុះបណ្ដា​លជនក្រីក្រ ប្រមាណ១,៥លាននាក់ ដើម្បីឲ្យពួកគាត់ងាយរកការងារធ្វើ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ បានស្នើសុំឲ្យលោក តាកាហាស៊ី ជំរុញការនាំផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន។

សម្ដេចបានមានប្រសាសន៍ថា “ផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើនទេ”។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ីដែលបានអបអរសាទរ ចំពោះការដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្ដេចថា នៅពេលដែលកម្ពុជា ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ គឺស្ថានភាពមានការពិបាកច្រើន ទាំងនៅក្នុងតំបន់ និងទាំងក្នុងពិភពលោក ព្រោះថានៅពេលនោះ គឺមានបញ្ហាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាតៃវ៉ាន់, បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាការប្រឈមមុខខាងផ្នែកភូមិសាស្ត្រនយោបាយផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជា បានដឹកនាំកិច្ចប្រជុំដោយរក្សាបាននៅមជ្ឈភាពអាស៊ាន, សាមគ្គីភាពអាស៊ាន និងរក្សាបាននូវឥទ្ធិពលអាស៊ាន ក៏ដូចជាបានចេញសេចក្ដីថ្លែងការណ៍ និងឯកសារទាំងអស់ ដោយគ្មានការប្រឈមមុខដាក់គ្នាឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here