អ្នកជំនាញជំរុញឱ្យអ្នកធុរកិច្ចកម្ពុជាទាញយក និងប្រើប្រាស់ឱកាសផលប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP ឱ្យបានពេញលេញ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមអ្នកធុរកិច្ចនៅកម្ពុជាត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងពេញលេញនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចាប់ផ្តើមដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។

ខណៈថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលាស្តីពី “កិច្ចព្រមព្រៀង RCEP – ផលប៉ះពាល់ផ្នែកច្បាប់ ពាណិជ្ជកម្ម សម្រាប់ពាណិជ្ជករកម្ពុជា” ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា លោក សុខ ស៊ីផាន់ណា ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានស្នើឱ្យពាណិជ្ជករក្នុងស្រុកយកចិត្តទុកដាក់លើការបង្កើតផលិតផលកែឆ្នៃ ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត។

លោកបាន​ចង្អុល​បង្ហាញ​ថា ច្បាប់​ថ្មី​ស្តី​ពី​ប្រភពទំនិញ​អាច​ជួយ​ដល់​អាជីវកម្ម​កម្ពុជា​។ ទន្ទឹមនឹងនេះក៏មានការយល់ឃើញខុសផងដែរថា មានតែសមាជិកនៃកិច្ចព្រមព្រៀង RCEP ប៉ុណ្ណោះដែលទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

ប្រសិនបើអាជីវកម្មមកពីប្រទេសដែលមិនមែនជាសមាជិក ដូចជាសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ក៏អាចទទួលបានអត្ថប្រយោជន៍ផងដែរ ប្រសិនបើក្រុមហ៊ុនយកចិត្តទុកដាក់ទាញយក៤០ភាគរយនៃវត្ថុធាតុដើមពីប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP ។ ជាចុងក្រោយ ផលិតផល​នេះ​អាច​ត្រូវ​បាន​គេ​ដាក់​លក់​លើ​ទីផ្សារ​ជា​ផលិតផលនៃប្រទេសសមាជិក RCEP។

នៅពេលសំដៅទៅលើការធ្លាក់ចុះនៃការនាំចេញទំនិញកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនាពេលថ្មីៗនេះ លោកសុខ សុីផាន់ណា បានជំរុញឱ្យអាជីវកម្មក្នុងវិស័យនេះ ស្វែងរកទីផ្សារក្នុងប្រទេសកំពុងអភិវឌ្ឍសម្រាប់លក់ផលិតផលនៅក្នុងប្រទេសជាសមាជិក ។

លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមអ្នកចរចារកម្ពុជានៅក្នុងកិច្ចព្រមព្រៀង RCEP បានលើកឡើងពីសារៈសំខាន់ខ្ពស់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោកមួយនេះ។ កិច្ចព្រមព្រៀងនេះមានលើស៤០.០០០ទំព័រ ហើយការចរចាបានចំណាយពេលជាង៨ ឆ្នាំដើម្បីបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here