ដោយ: គង់ លាងហួរ
ភ្នំពេញ: ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានកើនឡើង៧ភាគរយនៅឆ្នាំ២០២២ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ និងកើនឡើង១៦%នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមការវាយតម្លៃរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កតិកាសញ្ញាពាណិជ្ជកម្មដែលមានប្រទេសសមាជិកចំនួន១៥នេះ អាចបង្កើន GDP របស់កម្ពុជាពី២ភាគរយរហូតដល់៣,៨ភាគរយនាពេលអនាគត។
-->

ថ្លែងក្នុងសិក្ខាសាលាស្តីពី “ផលប៉ះពាល់នៃ RCEP – ផលប៉ះពាល់ផ្នែកច្បាប់ ពាណិជ្ជកម្ម និងជាក់ស្តែងសម្រាប់ធុរកិច្ចកម្ពុជា” ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីថ្ងៃពុធ លោក ស៊ីម សុខហេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា កតិកាសញ្ញានេះក៏អាចបង្កើតឱ្យមានកំណើននៅក្នុងការងារពី៣,២ភាគរយទៅ៦,២ភាគរយ ហើយប្រាក់ចំណូលពន្ធអាចកើនឡើងពី២ ភាគរយដល់៣,៩ភាគរយ។

កម្ពុជាក៏ជាប់ចំណាត់ថ្នាក់ទីបីសម្រាប់កំណើនប្រាក់ចំណូល និងការនាំចេញនៅក្នុងតំបន់ RCEP បន្ទាប់ពីប្រទេសវៀតណាម និងម៉ាឡេស៊ី នៅក្នុងការព្យាករណ៍សម្រាប់ឆ្នាំ២០៣៥ផងដែរ។
បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសផលិតសម្លៀកបំពាក់ធំជាងគេទី៩ក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខមួយក្នុងការនាំចេញកង់នៅតំបន់អាស៊ាន និងទី៥ក្នុងពិភពលោក។
ខណៈថ្លែងសុន្ទរកថាសំខាន់ក្នុងសិក្ខាសាលានោះ លោក សុខ ស៊ីផាន់ណា ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានស្នើឱ្យធុរកិច្ចក្នុងស្រុកយកចិត្តទុកដាក់បន្ថែមទៀតលើការផលិតផលិតផលបន្ថែមតម្លៃ ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីកិច្ចព្រមព្រៀង RCEP និងកតិកាសញ្ញាពាណិជ្ជកម្មសេរីផ្សេងៗទៀត។

លោក សុខ ស៊ីផាន់ណា ក៏បានស្នើថា កម្ពុជាអាចប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញទំនិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) នាពេលថ្មីៗនេះ តាមរយៈការពង្រីកទីផ្សារសម្រាប់ទំនិញទាំងនេះនៅក្នុងបណ្តាប្រទេសសមាជិក RCEPផងដែរ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានមានប្រសាសន៍ថា ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀង RCEP អាចជួយប្រទេសនេះឱ្យសម្រេចបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៨ ដែលមានល្បឿនលឿនជាងការព្យាករណ៍កាលពីលើកមុនចំនួនពីរឆ្នាំ៕