អ្នកជំនាញសេដ្ឋកិច្ចៈព្រែកជីកហ្វូនណនតេជោ នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនជាង៣០០ដុល្លារក្នុងមួយកុងតឺន័រ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នៅរយៈពេល៤ឆ្នាំទៀត វិស័យដឹកជញ្ជូននៅកម្ពុជា នឹងកាន់តែរីកចម្រើនខ្លាំង ក្រោយពីគម្រោងផ្លូវទឹកតភ្ជាប់ ពីទន្លេរបាសាក់ ទៅកាន់សមុទ្រខេត្តកែប ឈ្មោះថា “ព្រែកជីក​ហ្វូណន​តេជោ” សាងសង់រួចរាល់។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជប​ណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការធ្វើព្រែកជីកនេះ គឺជាការលះបង់របស់រដ្ឋាភិបាលដ៏ធំធេង ក្នុងការជួយកាត់បន្ថយថ្លៃដើម។ លោកបានលើកឡើងទៀតថា អ្នកដែល​ទទួលផលពីព្រែកជីកនេះ គឺពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករ ដែលដឹកកសិផលរបស់ខ្លួន មកកាន់កំពង់ផែ ក្នុងតម្លៃដឹកជញ្ជូនទាប។ នៅពេលថ្លៃដឹកជញ្ជូនទាប តម្លៃដែលកសិករទទួលបាន ពីការលក់កសិផល​ក៏មានតម្លៃខ្ពស់​ទៅតាមនោះ។

លើសពីនេះទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ព្រែកជីកនេះ រួមចំណែកកាត់បន្ថយតម្លៃដឹកជញ្ជូន​ទំនិញ ដែលផលិតចេញពីវិស័យឧស្សាហកម្ម តាមកុងតឺន័រ ប្រមាណ៣០០ដុល្លារក្នុងមួយកុងតឺន័រ តាមផ្លូវទឹកជំនួសការដឹកជញ្ជូនតាមផ្លូវគោ។ មានន័យថា វាបានជួយកាត់បន្ថយថ្លៃដើម នាំឱ្យមានឧត្តមភាព​ក្នុងការប្រកួតប្រជែង សម្រាប់ការនាំចេញរបស់កម្ពុជាកាន់តែខ្ពស់។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ព្រែកជីកនេះ បានជួយគាំទ្រដល់វិស័យឧស្សាហកម្មទាំងអស់ ជាពិសេសឧស្សា​ហកម្មនៅជុំវិញរាជធានីភ្នំពេញ ដូចជា ខេត្តកំពង់ស្ពឺ ជាដើម ដែលអាចដឹកជញ្ជូនចូលតាមកំពង់ផែនេះបាន។

លោកសន្និដ្ឋានថា “ប្រព័ន្ធដឹកជញ្ជូនកម្ពុជា កាន់តែល្អប្រសើរ និងរួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូនច្រើន ដូច្នេះបានផលទាំងវិស័យកសិកម្មផង ឧស្សាហកម្មផង”។លោកបន្តថា “អ្វីដែលសំខាន់ទៀតនោះ គឺកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជា មានព្រែកជីកមួយ ដែលកន្លងមកយើងមិនដែលមាន”។

មិនត្រឹមតែមានប្រយោជន៍ សម្រាប់តែដឹកជញ្ជូនក្នុងស្រុកប៉ុណ្ណោះទេ ព្រែកជីកនេះ ផ្តល់សារសំខាន់សម្រាប់​នាវាអន្តរជាតិចេញចូលផងដែរ។ ប្រទេសនៅលើពិភពលោក ដែលគ្មានកំពង់ផែ គឺប្រទេសនោះ មិនសូវរីកចម្រើនទេ។ មានន័យថា នយោបាយទឹក គឺជួយផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម រួមចំណែកអភិវឌ្ឍប្រទេសយ៉ាងខ្លាំងក្លា។ នេះជាការបន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជា​គម្រោង​ប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវ​ទឹករបស់កម្ពុជា ដើម្បីតភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គនិងផ្លូវសមុទ្រ។

គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាព ​នៃការ​ប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាពសេដ្ឋកិច្ច​-សង្គមឱ្យកាន់​តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្រប លើបញ្ហាប្រឈម ​និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សា​សមិទ្ធិ​លទ្ធភាពរួចរាល់ ដោយបាន​ប្រើប្រាស់រយៈពេលសរុប២៦ខែ។

តាមការ​សិក្សា បានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែក​តាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក មានតម្លៃ ១.៧ពាន់លានដុល្លា។

ផ្លូវទឹកនេះមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមា​ណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនា​វាចរណ៍ចំនួន២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here